ជឿជាក់ថាអ្នកតាមដានវិស័យសិល្បៈជ្រាបមកហើយថា វណ្ណដា ជាកូនប្រុសម្នាក់ទោះបីជាមមាញឹកការងារសិល្បៈយ៉ាងណាតែងតែឆ្លៀតមានដំណើរកម្សាន្តជាមួយគ្រួសារ និងពេលខ្លះចេញទៅកម្សាន្តនៅក្រៅប្រទេសទៀត។ បើក្រលេកទៅកាន់អ្នកមានគុណរបស់ វណ្ណដា ក៏ដូចគ្នាតែងតែលើកទឹកចិត្ត និងមកផ្តល់កម្លាំងចិត្តដោយផ្ទាល់ពេលកូនប្រុសរបស់ខ្លួនមានការសម្តែង។ សកម្មភាពនេះបានធ្វើឱ្យអ្នកគាំទ្រមើលហើយសរសើរថាជាគ្រួសារមួយដែលមានភាពកក់ក្តៅ មានក្តីសុខ និងបានលើកឡើងថា ភាពជោគជ័យរបស់ វណ្ណដា គឺមានចំណែកឪពុកម្តាយនៅពីក្រោយ។
វីដេអូមួយដែលបានចែករំលែកនៅលើបណ្តាញសង្គមកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាកមហាជនបន្ទាប់ពីឃើញឪពុកម្តាយរបស់ វណ្ណដា អង្គុយមើលការសម្តែងរបស់កូនដោយផ្ទាល់ក្នុងពេលដែលតារាចម្រៀងរូបនេះមានកម្មវិធីកាលពីយប់ថ្ងៃទី៨ ខែសីហា។ តាមរយៈវីដេអូនោះមិនត្រឹមតែអ្នកមានគុណទាំងទ្វេរបស់ វណ្ណដា ប៉ុណ្ណោះទេដែលមកចូលរួមក្នុងនោះ ឡូរីន សង្សារលោកក៏បានមកចូលរួមដូចគ្នា។ នេះមិនមែនជាលើកទី១ នោះទេដែលឪពុកម្តាយលោកបានមកលើកទឹកចិត្តកូនដោយផ្ទាល់បើទោះបីជាពួកគាត់រស់នៅខេត្តព្រះសីហនុក៏ដោយ។ ជារឿយៗអ្នកមានគុណ វណ្ណដា គឺបានមកចូលរួមទស្សនាការសម្តែងរបស់កូនប្រុស។
សកម្មភាពដ៏កក់ក្តៅមួយនេះពិតជាធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជំនួស និងបានបញ្ចេញមតិយោបល់ថា «អ្វីដែលម្តាយឪពុកចង់ឃើញគឺបែបនេះ ហើយកូនក៏ចង់ឃើញបែបនេះដែរ នៅក្រោយភាពជោគជ័យរបស់គាត់គឺមានពុកម្ដាយគាត់នៅពីក្រោយ, ម៉ាក់ ប៉ា កំពុងអង្គុយមើលគ្រាប់ពេជ្ររបស់លោក ,មើលវីដេអូនេះហើយ មានក្តីសុខណាស់»។
សម្រាប់អ្នកដែលជាហ្វេនរបស់ វណ្ណដា គឺពិតជាដឹងច្បាស់ជាមិនខាន វណ្ណដា គឺជាកូនប្រុសម្នាក់ដែលកតញ្ញូ ដឹងគុណចំពោះឪពុកម្តាយ មិនថាខ្លួនមានកាលវិភាគមាញឹកនឹងសិល្បៈយ៉ាងណាតែងតែឆ្លៀតផ្តល់ពេលវេលាដល់គ្រួសារមានដំណើរកម្សាន្តជាមួយអ្នកមានគុណរបស់ខ្លួន។ ជាក់ស្តែងមុននឹង វណ្ណដា ចេញទៅសម្តែងនៅអាម៉េរិក លោកក៏បានផ្តល់ពេលវេលាដើរកម្សាន្តជាមួយគ្រួសារហើយពេលវិញត្រលប់មកវិញក៏បានទៅកម្សាន្តជាមួយគ្រួសារទៀតនៅឯស្រុកកំណើត៕










