ស្នេហាប្រុសសង្ហា លាវ វេងហួរ និងស្រីស្អាត រឿន ណាត កាន់តែផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃធ្វើឱ្យអ្នកគាំទ្រច្រណែនមិនស្ទើរនោះទេសូម្បីតែឃ្លាតគ្នាមួយថ្ងៃក៏បង្ហោះសារនឹករលឹកគ្នាទៅហើយ។ មានទំនាក់ទំនងជាច្រើនខែមកនេះ លាវ វេងហួរ បានបោះពាក្យនេះឡើងទៅកាន់ រឿន ណាត ជាគូស្នេហ៍ទៀត។
គេចាំបានថា កាលពីខែមីនា លាវ វេងហួរ Mister Friendship International2023 និង កញ្ញា រឿន ណាត Miss universe Cambodia 2018 បានបង្ហាញភាពស្និទ្ធស្នាលស្អិតរមួតជាមួយគ្នាធ្វើឱ្យអ្នកគាំទ្រសង្ស័យពីទំនាក់ទំនងពួកគេ។ នៅខែមេសា វេងហួរ កាន់តែធ្វើឱ្យអ្នកគាំទ្រកាន់តែច្បាស់ពីទំនាក់ទំនងអ្នកទាំងពីរបន្ទាប់ពីលោកហៅ រឿន ណាតថាជា My Girlfriend ក្នុងពេលណែនាំនាងទៅកាន់បុរសឯកវៀតណាម។
បុរសសង្ហានិងស្រីស្អាតរូបនេះក៏បានលាតត្រដាងទំនាក់ទំនងនិងប្រកាសពេញមាត់ៗតែម្តងថាជាគូស្នេហ៍នៅពេលអ្នកទាំងពីរបានចូលរួមផ្តល់បទសម្ភាសន៍ក្នុងកម្មវិធីកម្សាន្តកាលពីខែមិថុនា និងបានបង្ហើបដែរថាទំនាក់ទំនងបានចាប់ផ្តើមនៅពេលអ្នកទាំងពីរមានឱកាសសម្តែងខ្សែភាពយន្តខ្នាតធំជាមួយគ្នា។ បន្ទាប់ពីប្រកាសប្រាប់ទស្សនិកជន គេបានសង្កេតឃើញថា រឿន ណាត និង លាវ វេងហួរ កាន់តែផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃមើលទៅពិតជាមានសុភមង្គលណាស់។ 
ជារឿយៗអ្នកទាំងពីរបង្ហាញកាយវិការផ្អែមល្ហែមដាក់គ្នាឱ្យអ្នកគាំទ្របានឃើញដូចជា វេងហួរ បានបាញ់លុយ្យរឿន ណាត បង្ហាត់ប្រដាល់ក៏ស្វីតជាមួយគ្នា សូម្បីតែ លាវ វេងហួរ ជាប់ការងារនៅក្រៅប្រទេសបែកតែមួយថ្ងៃ រឿន ណាត បង្ហាញការនឹករលឹកម្ចាស់ស្នេហ៍ទៅហើយ។ ថ្មីៗនេះទៀតសោត ក្នុងពេលរៀបចំខ្លួនទៅសម្ពោធខ្សែភាពយន្តដែលអ្នកទាំងពីរសម្តែងជាមួយគ្នានិងបានបង្កើតទៅជាចំណងស្នេហ៍ក៏បានបង្ហាញភាពផ្អែមល្ហែមថើបគ្នាផងដែរ។
អ្វីដែលកាន់តែចាប់អារម្មណ៍នោះក្នុងទំនាក់ទំនងស្នេហាប៉ុន្មានខែមកនេះ លាវ វេងហួរ បានបោះសម្តីទៅកាន់គូស្នេហ៍ថា «ពេលដែលយើងស្រលាញ់មនុស្សដែលយល់ចិត្តយើងសេចក្តីសុខមកងាយៗ»។ បន្ទាប់ពីឃើញ លាវ វេងហួរ និង រឿន ណាត ស្អិតរមួតជាមួយគ្នាថែមទាំងបញ្ចេញសំណេរដ៏មានន័យទៀតធ្វើឱ្យអ្នកគាំទ្របញ្ចេញមតិថា មើលហើយគឺមានក្តីសុខម្នាក់ឯង និងជូនពរឱ្យអ្នកទាំងពីរកាន់តែស្រលាញ់គ្នាទ្វេដងទៀត៕










