យោងតាមកម្មវិធី Run For Good កុមារដែលចូលរួមក្នុងសកម្មភាពរាងកាយទៀងទាត់គឺមានសាច់ដុំ និងឆ្អឹងកាន់តែរឹងមាំ ហើយទំនងជាមិនសូវធាត់ ឬកើតជំងឺទឹកនោមផ្អែមប្រភេទទី ២ កម្រិតសម្ពាធឈាមទាបនោះទេ។ ហេតុនេះកុមារដែលសកម្មមានទំនោរគេងលក់ស្រួល និងដោះស្រាយបញ្ហាផ្លូវអារម្មណ៍បានល្អប្រសើរជាជាងកុមារដែលមិនសូវសកម្ម។ ដូច្នេះនៅពេលកុមារចូលរួមក្នុងសកម្មភាពរាងកាយដូចជា រត់ ហែលទឹក លេងបាល់ទាត់ បាល់បោះជាក្រុម ឬចូលរួមព្រឹត្តិការណ៍កីឡាជាច្រើនទៀត នឹងជួយឱ្យកុមារទទួលបានអត្ថប្រយោជន៍ដូចជា៖
១.មានសុខភាពរាងកាយល្អឥតខ្ចោះ៖ ជាការពិតណាស់ នៅពេលកុមារតែងតែចូលរួមក្នុងសកម្មភាពរាងកាយយូរទៅៗនឹងក្លាយជាទម្លាប់ ធ្វើឱ្យកុមារមានកម្លាំងចិត្តក្នុងការអនុវត្តបែបនេះជារៀងរហូត។ នេះនឹងធ្វើឱ្យកុមារជៀសផុតពីជំងឺគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗ ក៏ដូចជាជួយឱ្យកុមារធំលឿន មានការលូតលាស់នៃជាលិកាឆ្អឹង បង្កើនដង់ស៊ីតេឆ្អឹង និងអាចជួយការពារជំងឺពុកឆ្អឹងនៅពេលចាស់ទៅបានទៀតផង។ លើសពីនេះការចូលរួមក្នុងសកម្មភាពរាងកាយ ក៏ជាការប្រកួតប្រជែងសមត្ថភាពកីឡា អាចមានឱកាសឈ្នះពាន ឬមេដាយផ្សេងៗផងដែរ។
២.មានមិត្តល្អៗនិងមានការអភិវឌ្ឍ៖ ពិតណាស់នៅពេលកុមារចូលរួមក្នុងសកម្មភាពរាងកាយ កុមារនឹងមានឱកាសជួបមិត្តថ្មីៗនៅទីនោះ ដែលពួកគេសុទ្ធតែជាកុមារស្រឡាញ់សុខភាពដូចគ្នា ចូលចិត្តការប្រកួតប្រជែង មានភាពឆ្លាតវៃ មានការចងចាំល្អ រហ័សរហួន និងចេះគ្រប់គ្រងអារម្មណ៍។ 
នេះបើយោងតាមការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុង Journal of School Health បានបង្ហាញថា ការអនុវត្តសកម្មភាពរាងកាយរួមទាំងការហាត់ប្រាណនានានឹងជួយកែលម្អអារម្មណ៍របស់កុមារឱ្យប្រសើរឡើង ដោយសារតែវាបញ្ចេញសារធាតុគីមី កាត់បន្ថយរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត ចេះដោះស្រាយបញ្ហា ជួយកុមារឱ្យមានអារម្មណ៍ស្វាហាប់ និងបង្កើនសមត្ថភាពសិក្សា។
គួរបញ្ជាក់ដែរថា កុមារដែលមានអាយុចាប់ពី ៤ ឆ្នាំឡើងទៅគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ឪពុកម្តាយដើម្បីបង្កើត និងរក្សាទម្លាប់នៃការហាត់ប្រាណសម្រាប់កូនៗរបស់ពួកគេ។ នេះក៏ជាអាយុដែលសាច់ដុំ និងឆ្អឹងរបស់កូនអ្នកអាចធ្វើចលនាបានក្នុងកម្រិតមធ្យមផងដែរ។ ទោះបីការចូលរួមក្នុងសកម្មភាពរាងកាយអាចនឹងរងរបួសតិចតួចក្តី ប៉ុន្តែកុមារនឹងចាប់ផ្តើមទម្លាប់ដែលមានសុខភាពល្អ និងយូរអង្វែងជាមួយនឹងប្រធានបទនេះ៕










