ប្រទេសសិង្ហបុរី ៖ ប្រទេសសិង្ហបុរីបានសាកល្បងប្រើប្រាស់បច្ចេកវិទ្យា Biometric នៅកន្លែងត្រួតពិនិត្យអ្នកដំណើរចេញ-ចូលក្នុងអាកាសយានដ្ឋាន ចាប់ពីដើមខែសីហា ឆ្នាំ២០២៤ តទៅ ។ អ្នកដំណើរមួយចំនួនដែលបានមកដល់អាកាសយានដ្ឋាន Changi ពុំចាំបាច់បង្ហាញលិខិតឆ្លងដែន ដើម្បីឆ្លងកាត់កន្លែងត្រួតពិនិត្យអ្នកដំណើរចេញ-ចូលទេ ។
ការសាកល្បងនេះ គឺពលរដ្ឋសិង្ហបុរីដែលបានធ្វើដំណើរមកកាន់អគារអ្នកដំណើរ ទី៣ ពួកគេអាចឆ្លងកាត់កន្លែងត្រួតពិនិត្យអ្នកដំណើរចេញ-ចូល ដោយពុំចាំបាច់បង្ហាញលិខិតឆ្លងដែន ។ ប៉ុន្តែពួកគេត្រូវតែបញ្ជាក់អត្តសញ្ញាណរបស់ខ្លួន តាមរយៈការស្កេនកែវភ្នែក និងផ្ទៃមុខជំនួស ។ នេះបើតាមការបញ្ជាក់របស់ប៉ូលិសអន្តោប្រវេសន៍ និងកន្លែងត្រួតពិនិត្យអ្នកដំណើរចេញ-ចូល របស់សិង្ហបុរី ។
ហេតុនេះ ពលរដ្ឋសិង្ហបុរីពុំចាំបាច់បង្ហាញលិខិតឆ្លងដែនពេលធ្វើដំណើរមកដល់អាកាសយានដ្ឋាន និងចេញពីកន្លែងត្រួតពិនិត្យអ្នកដំណើរចេញ-ចូលទាំងផ្លូវអាកាស និងផ្លូវសមុទ្រ ។ រីឯជនបរទេសវិញ ក៏ពុំចាំបាច់បង្ហាញលិខិតឆ្លងដែនដែរ ប៉ុន្តែសម្រាប់តែករណីពួកគេចាកចេញពីសិង្ហបុរីប៉ុណ្ណោះ ។ 
ជនបរទេសដែលពុំចង់បង្ហាញលិខិតឆ្លងដែននៅអាកាសយានដ្ឋានសិង្ហបុរី ពួកគេត្រូវទៅស្កេនកែវភ្នែក, ផ្ទៃមុខ និងក្រយៅដៃ នៅកន្លែងត្រួតពិនិត្យអ្នកដំណើរចេញ-ចូលជាមុនសិន ។ រីឯកុមារអាយុក្រោម៦ឆ្នាំ ពុំអាចធ្វើដំណើរឆ្លងកាត់ច្រកត្រួតពិនិត្យស្វ័យប្រវត្តិ (Biometric) ឡើយ ។
ការត្រួតពិនិត្យអ្នកដំណើរដោយពុំចាំបាច់ប្រើប្រាស់លិខិតឆ្លងដែន គឺជាផ្នែកមួយរបស់គំនិត «New Clearance Concept» ដែលប្រទេសសិង្ហបុរីបានប្រកាសកាលពីខែឧសភា ឆ្នាំ២០២៤ ។ សិង្ហបុរីមានគោលបំណងអភិវឌ្ឍន៍បច្ចេកវិទ្យាត្រួតពិនិត្យអ្នកដំណើរចេញ-ចូលនៅអាកាសយានដ្ឋាន Changi ឱ្យកាន់តែទំនើប និងក្លាយជាប្រព័ន្ធស្វ័យប្រវត្តិខ្លាំងឡើង ។
នៅដើមឆ្នាំ២០២៦ សិង្ហបុរីរំពឹងថា ភ្ញៀវទេសចរ៩៥% នឹងអាចឆ្លងកាត់ច្រកត្រួតពិនិត្យស្វ័យប្រវត្តិ (Biometric) ដោយជោគជ័យ ។ រីឯភ្ញៀវទេសចរ៥% ទៀត គ្មានសិទ្ធិឆ្លងកាត់ច្រកត្រួតពិនិត្យស្វ័យប្រវត្តិនេះទេ ដូចជា ៖ កុមារ ជាដើម ។
បើទោះជាការប្រើប្រាស់ច្រកត្រួតពិនិត្យស្វ័យប្រវត្តិមានការជំទាស់ពីមតិមួយចំនួនក្តី ប៉ុន្តែវាជាការព្យាយាមមួយរបស់សិង្ហបុរីក្នុងការបង្កើតសុវត្ថិភាពព្រំដែន រួមទាំងផ្តល់បទពិសោធន៍ដល់ភ្ញៀវទេសចរផងដែរ ។ សិង្ហបុរីរំពឹងថា ការប្រើប្រាស់បច្ចេកវិទ្យា Biometric នៅកន្លែងត្រួតពិនិត្យអ្នកដំណើរចេញ-ចូល នឹងជួយកាត់បន្ថយពេលវេលារង់ចាំនៅកន្លែងត្រួតពិនិត្យអ្នកដំណើររហូតដល់៤០% ៕










