វិមានរដ្ឋធម្មនុញ្ញ ដែលមានទីតាំងនៅជិតវិមានឯករាជ្យ ទីក្រុងភ្នំពេញ ដែលជាសំណង់ប្រវត្តិសាស្រ្តខ្មែរមួយទៀត បច្ចុប្បន្ននេះគឺកំពុងតែសាង់សង់ជិតរួចរាល់ហើយ។ វិមានរដ្ឋធម្មនុញ្ញនេះ ត្រូវស្ថាបនាឡើងដើម្បីជានិមិត្តរូបប្រវត្តិសាស្រ្តនៃការបង្កើតរដ្ឋធម្មនុញ្ញដំបូងនៅកម្ពុជាក្នុងឆ្នាំ ១៩៩៣ បើគិតមកទល់ពេលនេះគឺមានរយៈពេល ៣១ ឆ្នាំហើយ។
ថ្មីៗនេះ យោងតាមរូបភាពដែលបានដាក់បង្ហោះដោយ គណៈស្ថាបត្យករកម្ពុជា និងការគូសបញ្ជាក់ពីប្រភពបុរាណាចារ្យ បានឲ្យដឹងថា «វិមានរដ្ឋធម្មនុញ្ញកម្ពុជា របស់កម្ពុជាជិតសាងសង់រួចរាល់ហើយ។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលប្រទេសកម្ពុជាប្រទេសកាន់របបអាស្រ័យរដ្ឋធម្មនុញ្ញ មានទីតាំងសម្រាប់រំលឹកដល់ច្បាប់កំពូលរបស់ជាតិខ្លួន»។
សូមជម្រាបថា ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ១៩៩៣ មក ប្រទេសយើងមាននាមជាផ្លូវការថា ព្រះរាជាណាចក្រកម្ពុជា ប្រកាន់របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ (ពោលគឺព្រះមហាក្សត្រសោយរាជ្យ ប៉ុន្តែគ្មានអំណាចនយោបាយ) និងគោរពលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ផ្អែកលើគោលការណ៍នៃការបែងចែកដាច់ពីគ្នា រវាងអំណាចនីតិបញ្ញតិ្ត និងអំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។ រដ្ឋធម្មនុញ្ញកម្ពុជាបានចែងថា ព្រះមហាក្សត្រគឺជាប្រមុខរដ្ឋ និងជានិមិត្តរូបនៃឯកភាព និងនិរន្តភាពជាតិ។
គួរបញ្ជាក់ថា វិមានរដ្ឋធម្មនុញ្ញ បានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី១២ មិថុនា ឆ្នាំ២០២៣ កន្លងទៅក្រោមអធិបតីភាពកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ រួមជាមួយសមាជិក នៃក្រុមប្រឹក្សាធម្មនុញ្ញជាច្រើនរូបទៀត។ វិមានរដ្ឋធម្មនុញ្ញ ត្រូវបានស្ថាបត្យកររៀបចំសាងសង់ឡើងពាក់ព័ន្ធនឹងការរចនានៅលើសន្លឹកទ្វារទាំង ៤ ដែលឆ្លុះបញ្ចាំងទៅលើទស្សនៈគុណតម្លៃ នៃរដ្ឋធម្មនុញ្ញនិយមទំនើប ដូចជា គុណតម្លៃនីតិរដ្ឋ, គុណតម្លៃប្រជាធិបតេយ្យ, គុណតម្លៃនៃការបែងចែកអំណាចដាច់ពីគ្នានៃអំណាចទាំង ៣ របស់កម្ពុជា និងគុណតម្លៃនៃសិទ្ធិមនុស្សផងដែរ៕










