តារាសម្តែង Faye Malisorn តួស្រីដ៏ល្បីល្បាញក្នុងប្រភេទរឿង GL ម្តងហើយម្តងទៀតបញ្ជាក់ថាជាហ្វេនរបស់ វណ្ណដា តារាចម្រៀងរ៉េបខ្មែរមួយរូប។ ឃើញការស្រលាញ់របស់ Faye មកកាន់ វណ្ណដា បែបនេះអ្នកគាំទ្រពិតជារំភើបចិត្តខ្លាំងខណៈកន្លងមកនាងបានសរសើរបទ វណ្ណដា ពេញៗមាត់និងនៅតែបន្តស្តាប់របស់តារារ៉េបរូបនេះជាញឹកញាប់។
ប្រិយមិត្តទស្សនិកជនមួយចំនួនធំជ្រាបមកហើយថាកន្លងមកនេះតារាសម្តែង Faye Malisorn តារាសម្តែងកំពុងល្បីក្នុងរឿងប្រភេទ GL និងជា Miss Grand Thailand 2016 បានធ្វើឱ្យអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងកក្រើកពេញបណ្តាញសង្គម។ ការចាប់អារម្មណ៍នេះបន្ទាប់ពីឃើញវីដេអូមួយដែលតារាស្រីរូបនេះនិយាយដោយផ្ទាល់មាត់និងសរសើរបទចម្រៀង Time To Rise របស់ វណ្ណដា ជាមួយព្រឹទ្ធាចារ្យ គង់ណៃ ថាពិតជាអស្ចារ្យខ្លាំង។
នាថ្មីៗនេះទៀតសោត ពោលគឺនៅល្ងាចថ្ងៃទី៧ សីហា តារាសម្តែង Faye បានបង្ហោះវីដេអូ Story នៅលើបណ្តាញសង្គម Instagram កំពុងតែរីករាយថ្ងៃឈប់សម្រាកស្ថិតនៅក្នុងរថយន្តដែលកំពុងតែជក់ចិត្តដិតអារម្មណ៍ស្តាប់បទចម្រៀងរបស់ វណ្ណដា មានចំណងជើងថា «សង្ក្រាន្តស្គាល់ស្នេហ៍»។ ក្នុងវីដេអូខ្លីនេះគេបានឃើញតារាស្រីល្បីក្នុងរឿងប្រភេទ GL រូបនេះកំពុងតែអង្រួនខ្លួនតាមចង្វាក់ភ្លេងនិងរីករាយយ៉ាងខ្លាំងជាមួយបទចម្រៀង វណ្ណដា ដែលបានចេញកាលពីចូលឆ្នាំខ្មែរមកនេះ។
នេះមិនមែនជាលើកទី១នោះទេសម្រាប់តារាសម្តែង Faye ដែលបង្ហាញការចូលចិត្តស្តាប់របស់ វណ្ណដា បង្ហាញទៅកាន់អ្នកគាំទ្ររបស់ខ្លួនដែលនេះអាចបញ្ជាក់ថា តារាសម្តែងស្រីរូបនេះពិតជាហ្វេនម្នាក់របស់ វណ្ណដា ពិតៗមិនមែនលំៗនោះទេមានការស្តាប់ជាហូរហែងាចនឹងស្គាល់បទចម្រៀងរបស់ វណ្ណដា ច្រើនមិនខាន។ ឃើញសកម្មភាពនេះអ្នកគាំទ្រក៏បានបង្ហាញការពេញចិត្តយ៉ាងខ្លាំងព្រោះពួកគេក៏ជាអ្នកគាំទ្រ Faye ហើយ Faye ក៏ជាអ្នកគាំទ្រ វណ្ណដា មកវិញដូចគ្នា។
គេចាំបានថាកាលពីកន្លងមក គ្រាន់តែចេញភ្លេងនិងសំឡេងរបស់លោកតា គង់ ណៃ ភ្លាម តារាស្រីរូបនេះដឹងថាជាបទចម្រៀងរបស់កម្ពុជាតែម្តងរួមជាការសរសើរថា អស្ចារ្យ ឡូយខ្លាំងណាស់ និងបាននិយាយទៀតថាបទ Time To Rise បាននិយាយពីវប្បធម៌របស់ប្រទេសកម្ពុជា។
គួរបញ្ជាក់ថាតារាសម្តែង Faye Malisorn បច្ចុប្បន្នមានវ័យ៣១ឆ្នាំបានសាងប្រជាប្រិយភាពទាំងក្នុងស្រុកនិងក្រៅស្រុកបន្ទាប់ពីសម្តែងរឿងប្រភេទស្រីស្រលាញ់ស្រី (GL) ខណៈនាងក៏ជា Miss Grand Thailand ឆ្នាំ២០១៦ និងលំដាប់រងទី២ Miss Grand International ផងដែរ៕










