សហរដ្ឋអាមេរិក ៖ កំណាត់ឈើនេះបានអណ្តែតឈរក្នុងបឹងអស់រយៈពេលជាង១២០ឆ្នាំ បានក្លាយជាកំណាត់ឈើដ៏អាថ៌កំបាំងមួយដែលអ្នកវិទ្យាសាស្ត្រពុំអាចបកស្រាយបាន ។ ប៉ុន្តែអ្នកស្រុកមានជំនឿថា កំណាត់ឈើមានថាមពលពិសេសអាចគ្រប់គ្រងផ្ទៃដី, ផ្ទៃមេឃ និងអាកាស ។ នៅលើពិភពលោកនេះ មិនថាដុំដី, ថ្ម, ដើមស្មៅ ឬសូម្បីតែកំណាត់ឈើ ក៏បានក្លាយជាវត្ថុអាថ៌កំបាំងដែលគ្មានការបកស្រាយ ។
សារព័ត៌មាន KBN នឹងបង្ហាញលោកអ្នកឱ្យស្គាល់កំណាត់ឈើមួយឈ្មោះថា កំណាត់ឈើអាថ៌កំបាំង ដែលមានប្រវត្តិគួរឱ្យចាប់អារម្មណ៍នៅលើពិភពលោក ។ កំណាត់ឈើនេះឈ្មោះ «Old Man of The Lake» ឬ «បុរសជរាក្នុងបឹង» ដែលមានសភាពពុកផុយអណ្តែតក្នុងបឹង Crater នៅរដ្ឋ Oregon សហរដ្ឋអាមេរិក អស់រយៈពេលជាង១២០ឆ្នាំ ។ ប៉ុន្តែអ្វីគួរឱ្យចាប់អារម្មណ៍មិនចាញ់អាយុរបស់វានោះ គឺវាបានអណ្តែតឈរក្នុងទឹក ។
ចំណែកប្រវត្តិរបស់កំណាត់ឈើនេះ គឺកាលពីឆ្នាំ១៨៩៦ លោក Joseph S. Diller ជាអ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្របាននិយាយពីកំណាត់ឈើធំ ពណ៌ស ដែលបានអណ្តែតក្នុងបឹង Crater ក្រោយពីលោកឃើញវាដោយចៃដន្យ ។ ៥ឆ្នាំក្រោយមក លោក Joseph ឃើញកំណាត់ឈើនេះប្តូរទីតាំងក្នុងចម្ងាយ៤០០ម៉ែត្រ ហើយធ្វើឱ្យលោកចង់ស្រាវជ្រាវពីវាឱ្យបានច្បាស់លាស់ ។ លោកឃើញថា វាអាចអណ្តែតទឹកឆ្ងាយរហូតដល់ជាង៤០០ម៉ែត្រឯណោះ ក្នុងរយៈពេលត្រឹមតែ១ថ្ងៃ ។
មនុស្សភាគច្រើនអាចគិតវា គ្មានអ្វីចម្លែកទេ ដែលកំណាត់ឈើបានអណ្តែតតាមខ្សែទឹកហូរ ប៉ុន្តែលោក Joseph និយាយថា ទឹកក្នុងបឹងនេះនៅស្ងៀម មិនហូរទៅណាទេ ហើយកំណាត់ឈើពុំគួរអណ្តែតឆ្ងាយឡើយ ។ ក្រោយមក លោកក៏បានស្រាវជ្រាវពីជាតិកាបូនរបស់កំណាត់ឈើ ហើយរកឃើញថា កំណាត់ឈើមានអាយុយ៉ាងហោចណាស់ ៤៥០ឆ្នាំ ហើយវាចំណាយពេលអណ្តែតក្នុងបឹងជ្រៅបំផុតនៅអាមេរិក ប្រមាណ១២០ឆ្នាំ ។
អ្នកជំនាញជឿថា កំណាត់ឈើអាថ៌កំបាំងនេះអណ្តែតក្នុងទឹកដោយសារការបាក់ដី ហើយមូលហេតុដែលវាអណ្តែតឈរបែបនេះ គឺគ្មានអ្នកណាម្នាក់អាចបកស្រាយបានច្បាស់លាស់ឡើយ ។ កំណាត់ឈើភាគច្រើនបានអណ្តែតផ្តេក ប៉ុន្តែសម្រាប់កំណាត់ឈើមានប្រវែង៩ម៉ែត្រ និងមានទទឹង៦១សង់ទីម៉ែត្រនេះ បែរជាអណ្តែតទឹកឈរអស់ជាច្រើនឆ្នាំ ។ បើទោះជានៅផ្នែកខាងចុងរបស់វាពុកផុយអាចលិចទឹកក្តី ប៉ុន្តែវានៅតែអណ្តែតឈរអាចឱ្យមនុស្សឈរលើវាពុំគួរឱ្យជឿ ។
អ្នកវិទ្យាសាស្ត្រខ្លះជឿថា វាមានសមតុល្យរវាងកំណាត់ឈើផ្នែកខាងលើទឹក និងក្រោមទឹក ។ ការលើកឡើងមួយគួរឱ្យជឿជាក់បំផុត គឺកំណាត់ឈើនេះអណ្តែតចុះឡើងអស់ជាច្រើនសតវត្សរ៍ ដោយសារឫសរបស់វាអាចជាប់គ្នាជាមួយដុំថ្មនៅក្រោមទឹក ទើបធ្វើឱ្យផ្នែកម្ខាងរបស់កំណាត់ឈើលិចក្នុងទឹក ។ ប៉ុន្តែក្រោយមក ដុំថ្មនេះរបូតពីឫសឈើ រីឯផ្នែកដែលលិចទឹកក៏ចាប់ផ្តើមមានទម្ងន់ធ្ងន់ដោយសារការស្រូបទឹក ។ ហេតុនេះ ផ្នែកកំណាត់ឈើដែលលិចទឹក នឹងមានទម្ងន់ធ្ងន់ជាងផ្នែកខាងលើ ។
ទោះយ៉ាងណា គ្មានអ្នកណាដឹងមូលហេតុពិតប្រាកដពីមូលហេតុដែលកំណាត់ឈើអណ្តែតទឹកឈរទេ ពីព្រោះបច្ចុប្បន្ន គ្មានដុំថ្ម ឬស្លាកស្នាមណាមួយដែលអាចបញ្ជាក់ថា មានដុំថ្មធ្លាប់ពាក់ព័ន្ធជាមួយឫសកំណាត់ឈើពីមុនឡើយ ។ ហេតុនេះ អ្នកភូមិមានជំនឿថា កំណាត់ឈើនេះមានថាមពលពិសេសអាចគ្រប់គ្រងអាកាសធាតុនៅបរិវេណនេះ ។
កាលពីឆ្នាំ១៩៨០ មានអ្នកវិទ្យាសាស្ត្រមួយក្រុមបានមកស្រាវជ្រាវបឹង Crater និងបានចងកំណាត់ឈើនេះឱ្យនៅស្ងៀមមួយកន្លែង ដើម្បីចៀសវាងគ្រោះថ្នាក់ពេលពួកគេជិះទូកស្រាវជ្រាវ ។ ប៉ុន្តែក្រោយពីកំណាត់ឈើនេះត្រូវបានចងមួយកន្លែង ស្រាប់តែអាកាសធាតុនៅបរិវេណនេះផ្លាស់ប្តូរភ្លាមៗ គឺពីមេឃស្រឡះល្អក្លាយជាខ្យល់ព្យុះ និងមានព្រិលធ្លាក់នាពេលបន្ទាប់ ខណៈវាជាខែសីហា មិនមែនជាខែធ្លាក់ព្រិល ។ បន្ទាប់មក ក្រុមអ្នកវិទ្យាសាស្ត្រក៏បានស្រាយចំណងកំណាត់ឈើវិញ ហើយអាកាសធាតុក៏ស្ងប់ស្ងាត់ដូចមុន ។
បច្ចុប្បន្ន កំណាត់ឈើ «Old Man of The Lake» នៅតែជាអាថ៌កំបាំងនៅឡើយ ដែលធ្វើឱ្យបឹង Crater ក្លាយជាតំបន់ទេសចរណ៍គួរឱ្យចាប់អារម្មណ៍មួយក្នុងរដ្ឋ Oregon សហរដ្ឋអាមេរិក ។ ចុះលោកអ្នកវិញយល់ឃើញយ៉ាងណាដែរ ពាក់ព័ន្ធនឹងកំណាត់ឈើនេះ?










