ព្រែកស្រមោច ជាព្រែកជីកបុរាណមួយនៅកម្ពុជា ដែលមានប្រភពចាប់ពីភ្នំគូលែនចុះមកដល់កំពង់ឃ្លាំង ជាប់មាត់ទន្លេសាប។ ព្រែកបុរាណនេះត្រូវបានមន្រ្តីជំនាញអាជ្ញាធរជាតិអប្សរាសន្និដ្ឋានថា មានប្រវត្តិតាំងពីមុនសម័យព្រះបាទជ័យវរ្ម័នទី៧ ទៅទៀត ប៉ុន្តែអ្វីដែលជាការកត់សម្គាល់ កាលពីសម័យបុរាណគឺគ្មានប្រព័ន្ធធារាសាស្រ្ត ឬវិស្វកម្មនៅឡើយនោះទេ ទើបចម្ងល់ជាច្រើនបានលើកឡើងថា តើព្រែកស្រមោចនេះត្រូវបានលេចចេញជារូបរាងដោយរបៀបណា? និងមានតួនាទីពិសេសអ្វី?

លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយអាជ្ញាធរ ជាតិអប្សរាដែលជាប្រធានគម្រោងបានគូសបញ្ជាក់ថា ក្រុមស្រាវជ្រាវបានប្រើប្រាស់រូបថតពីលើអាកាសដែលបោះពុម្ពក្នុងឆ្នាំ១៩៤១ និងរូបភាពពីលើអាកាសតាមរយៈ Google Earth បានបង្ហាញថា ព្រែកស្រមោចសណ្ដូកតាមទិសខាងជើងទៅត្បូងចេញពីភូមិសាស្ត្រឃុំកំពង់ឃ្លាំង ជាប់មាត់ទន្លេសាប កាត់តាមផ្លូវជាតិលេខ៦ ត្រង់ភូមិថ្នល់ចែក ឃុំដំដែក ឡើងទៅដល់ភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ។
ការស្រាវជ្រាវនៅដំណាក់កាលទី១ បានបង្ហាញថា ព្រែកជីកនេះមានប្រវែងសរុប២៣គីឡូម៉ែត្រ កន្លែងខ្លះមានទទឹងពី៣០០ម៉ែត្រ កន្លែងខ្លះមានទទឹង១៥០ម៉ែត្រ និងមានកម្ពស់ជាង៤ម៉ែត្រ។ ក្រុមអ្នកស្រាវជ្រាវសន្និដ្ឋានថា ប្រភពទឹកហូរចូលព្រែកនេះអាចមានប្រភព២ សំខាន់ៗ៖ ទី១ ប្រភពទឹកពីភ្នំគូលែនស្ថិតនៅខាងជើងវាលរាបអង្គរ រួចហូរចូលព្រែកជីកនេះ និងទី២ ប្រហែលទឹកឡើងមកពីទន្លេសាប ច្រាលចូលក្នុងព្រែក។
ប្រធានគម្រោងស្រាវជ្រាវព្រែកជីកស្រមោចបានឲ្យដឹងទៀតថា យើងពុំដឹងថាព្រែកជីកដ៏ធំនេះកសាងនៅសម័យណាទេ តែគេអាចសន្និដ្ឋានថា អាចកើតមុនរាជ្យព្រះបាទជ័យវរ្ម័នទី៧ ឬប្រហែលអាចជាមុននោះយូរផង។ បន្ទាប់មកប្រហែលជាព្រែកជីកនេះមានដំណើរការ រអាក់រអួល និងខូចខាតដោយអន្លើ ទើបក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ បានធ្វើផ្លូវ មានទាំងស្ពានមួយចំនួនដែលសព្វថ្ងៃនេះក្លាយមកជាផ្លូវជាតិលេខ៦ កាត់ព្រែកជីកឲ្យដាច់ជាពីរផ្នែកនៅត្រង់ចំណុច “ថ្នល់ចែក” ម្តុំភូមិថ្នល់ចែក ឃុំដុំដែក ស្រុកសូទ្រនិគម។
បើយោងតាមសម្តីអ្នកស្រុកមួយចំនួនបានដំណាលតៗគ្នាមកថា ព្រែកស្រមោចគឺជាផ្លូវទឹកបុរាណមួយដែលមានសំពៅចរាចរជាប្រចាំ ចុះឡើងចន្លោះពីទន្លេសាបទៅដល់ភ្នំគូលែន និងជាផ្លូវដឹកជញ្ជូនថ្មទៅសាងសង់ប្រាសាទនៅអង្គរដែរ។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤នេះ ក្រុមការងារស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរាបានបន្តធ្វើកំណាយនៅម្តុំនោះ ហើយក៏ទទួលបានតម្រុយខ្លះៗ ដោយបានរកឃើញកុលាលភាជន៍ខ្លះៗ ដូចជាកុលាលភាជផុយ ភាជន៍មានលាបទឹកថ្នាំពណ៌ក្រហម ជាភាជន៍ផលិតនៅចុងសម័យមុនអង្គរ ឬដើមសម័យអង្គរផងដែរ៕










