បច្ចុប្បន្នអាកាសធាតុពិភពលោកគឺមានការប្រែប្រួលញឹកញាប់ ទោះជាយ៉ាងណាប្រសិនបើមានគ្រោះមហន្តរាយសកល ដូចជាផលប៉ះពាល់អាចម៍ផ្កាយ ឬការផ្ទុះជំងឺរាតត្បាតធ្ងន់ធ្ងរផ្សេងៗអត្រានៃការបំផ្លាញជីវិតមនុស្ស និងប្រភេទសត្វនៅលើផែនដីគឺមានភាគរយច្រើននៃការបាត់បង់ជីវិត។ នេះបើយោងតាមអ្នកជំនាញ Eleanor Higgs ដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Reading ចក្រភពអង់គ្លេសបានឱ្យដឹងថា នៅពេលដែលពិភពលោកជួបគ្រោះមហន្តរាយមានតែសត្វទាំងនេះប៉ុណ្ណោះ ដែលមានឱកាសរស់រានមានជីវិតខ្ពស់ក្នុងករណីគ្រោះមហន្តរាយបែបនេះកើតឡើង។ ដូច្នេះសត្វទាំងនោះរួមមាន៖ ខ្លាឃ្មុំទឹក, សត្វកន្លាត, សត្វត្មាត, ត្រីឆ្លាម Greenland និងសត្វភេនឃ្វីន។
យោងតាម National Geographic ខ្លាឃ្មុំទឹកគឺជាសត្វទីមួយនៅក្នុងបញ្ជីដោយសារពួកវាមានសមត្ថភាពរស់រានមានជីវិតស្ទើរតែគ្រប់មជ្ឈដ្ឋានដ៏អាក្រក់ទាំងអស់របស់ផែនដី។ ហេតុនេះវាជាសត្វដែលពិបាកសម្លាប់បំផុតនៅលើផែនដី សម្រាប់មូលហេតុគឺថាប្រូតេអ៊ីនមួយហៅថា Dsup អាចការពារហ្សែននៅក្នុងកោសិកានីមួយៗរបស់ខ្លាឃ្មុំទឹក ឬ tardigrade ដោយបង្កើតជាខែលតូចមួយប្រឆាំងនឹងភាគល្អិតគ្រោះថ្នាក់។ ចំពោះបញ្ហានេះពួកវាគឺអាចរស់បាននូវកម្រិតខ្ពស់នៃវិទ្យុសកម្មដែលសារពាង្គកាយផ្សេងទៀតភាគច្រើនមិនអាចរស់បានដូចវានោះទេ ដោយអ្នកខ្លះថែមទាំងជឿថាពួកវាអាចមានសមត្ថភាពរស់នៅលើឋានព្រះច័ន្ទបានទៀតផង។
ចំពោះសត្វកន្លាតវិញក៏ជាសត្វមានឱកាសរស់រានមានជីវិតខ្ពស់ផងដែរ ប្រសិនបើគ្រោះមហន្តរាយពិភពលោកបន្ទាប់កើតឡើង។ ដោយសារពួកវាធ្លាប់បានរួចរស់ជីវិតពីការប៉ះទង្គិចគ្នារវាងផែនដី និងអាចម៍ផ្កាយ Chicxulub ដែលជាគ្រោះមហន្តរាយដ៏ធំបានបំផ្លាញដាយណូស័រ ដូច្នេះពពួកសត្វនេះក៏កើតជំនាន់ដាយណូស័រដែរ ហើយនៅតែអាចរស់រានមានជីវិតរហូតមកដល់បច្ចុប្បន្នបាន។ រីឯសត្វត្មាតវិញក៏មិនធម្មតាដែរ ក្នុងអំឡុងពេលមានគ្រោះមហន្តរាយជាសាកល សត្វនេះទំនងទទួលបានអត្ថប្រយោជន៍ច្រើន ដោយសារសត្វផ្សេងៗទៀតបានស្លាប់ ធ្វើឱ្យសត្វត្មាតដែលជាសត្វចូលចិត្តស៊ីសាកសពមានឱកាសរីកចម្រើនថែមទៀត។ ក្រៅពីសត្វទាំងបីខាងលើត្រីឆ្លាម Greenland ក៏ជាសត្វដែលមានអត្រារស់រានមានជីវិតខ្ពស់ផងដែរ។ 
សត្វនេះត្រូវបានគេស្គាល់ថាជាសត្វមានអាយុវែងបំផុតក្នុងលោកដែលពួកវានីមួយៗអាចមានអាយុលើសពី ៤០០ ឆ្នាំទៅទៀតបានរួចរស់ជីវិតទាំងសង្គ្រាមលោក និងការធ្វើតេស្តអាវុធនុយក្លេអ៊ែរ។ ត្រីឆ្លាមមានវត្តមាននៅលើផែនដីតាំងពីមុនពេលមានដើមឈើ និងមុនពេលភពសៅរ៍កើតឡើងទៅទៀត ដូច្នេះវាពិតជាទំនងណាស់ដែលត្រីឆ្លាម Greenland នឹងរួចផុតពីគ្រោះមហន្តរាយពិភពលោក។ ចំណែកអធិរាជភេនឃ្វីនវិញក៏មិនធម្មតាដែរ ដោយសារពួកវាអាចរស់នៅសីតុណ្ហភាពត្រជាក់ខ្លាំងបំផុតនៅតំបន់អង់តាក់ទិក រួមទាំងល្បឿនខ្យល់ ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង និងសីតុណ្ហភាព -៥០ អង្សារសេ ដោយមិនចាំបាច់ញ៉ាំអាហារ ថែមទាំងអាចរស់នៅក្នុងតំបន់ដាច់ស្រយាលបំផុតមួយនៅលើភពផែនដីផងដែរ ជាហេតុធ្វើឱ្យពួកវាត្រូវបានចាត់ទុកថាមានឱកាសរស់រានមានជីវិតខ្ពស់ក្នុងករណីគ្រោះមហន្តរាយបែបនេះកើតឡើង៕












