នៅក្នុងតំបន់អង្គរ មានប្រាសាទប្រហែលជា៣០០ប្រាសាទ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ មានត្រឹមតែជាង ៤០ប្រាសាទប៉ុណ្ណោះ ដែលជាប្រាសាទមេ និងភ្ញៀវទាំងអស់អាចចូលទស្សនាបាន ខណៈដែលប្រាសាទមួយចំនួនធំមិនទាន់បានជួសជុល និងខ្លះទៀតស្ថិតនៅក្នុងព្រៃជ្រៅ។
ក្នុងចំណាមជាង៣០០ប្រាសាទ មានប្រាសាទតូចមួយ ដែលជាប្រាសាទមានអាយុកាលចាស់ជាងគេនៅក្នុងតំបន់អង្គរ ស្ថិតក្នុងក្រុមប្រាសាទរលួស គឺប្រាសាទព្រះគោ ។
ប្រាសាទព្រះគោ មានចម្ងាយប្រហែល១៣គីឡូម៉ែត្រភាគខាងកើតនៃខេត្តសៀមរាប ដោយសាងសង់ ពីដីឥដ្ឋ, ថ្មបាយក្រៀម និងថ្មភក់ ក្រោមស្នាមព្រះហស្តព្រះបាទឥន្រ្ទវរ្ម័នទី១ នៅពាក់កណ្តាលសតវត្សទី៩។
ចំពោះមូលហេតុដែល ហៅប្រាសាទនេះជាប្រាសាទព្រះគោ ព្រោះនៅមុខប្រាសាទនេះគេឃើញមានរូបចម្លាក់គោ ឬជាសត្វទេពនៅក្នុងសាសនាហិនឌូ ដែលជាយានជំនិះរបស់ព្រះឥសូរ ដូចនេះហើយបានជាគេហៅប្រាសាទនេះថា ”ប្រាសាទព្រះគោ” រហូតមកដល់សព្វថ្ងៃនេះ។ ប្រាសាទនេះ នេះអាយុច្រើនជាងប្រាសាទអង្គរវត្តប្រហែលជាង២០០ឆ្នាំឯណោះ។
គួរបញ្ជាក់ផងដែរថា នៅក្នុងក្រុមប្រាសាទរលួស មានប្រាសាទសំខាន់ៗចំនួនបីគឺៈ ប្រាសាទបាគង ប្រាសាទព្រះគោ និងប្រាសាទលលៃ៕
		
	









