ឡុង ម៉ានីន គូស្នេហ៍តារាចម្រៀង ថុល សុភិទិ ដែលជាអ្នកជំនួញអនឡាញល្បីឈ្មោះ ម៉ាដាម ឆដា ហៅ Ah Pop ដែលជាដៃគូជំនួញស្និទ្ធស្នាលជាមួយគ្នាបានចេញមកបង្ហោះសារប្លែកៗ។ ខណៈ ម៉ាដាម ដា ក៏បង្ហើរមួយប្រយោគទៅកាន់ ម៉ាដាម ឆដា។ ឃើញដូចនេះអ្នកលេងបណ្តាញសង្គមផ្ទុះការសង្ស័យថាអ្នកជំនួញអនឡាញទាំង៣រូបទំនងជាមានបញ្ហាល្អក់កករជាមួយគ្នា។ ស្របពេលអ្នកទាំង៤ទាំងប្អូនស្រី ម៉ានីន លែងបង្ហាញការស្និទ្ធស្នាល ចំណែកនៅថ្ងៃខួបកំណើតកូនស្រី ម៉ាដាម ដា ពុំមានវត្តមាន ម៉ានីន និងប្អូនស្រីចូលរួមឡើយ។
គេចាំបានថាកាលពីខែធ្នូ ឆ្នាំ២០២៣ អ្នកជំនួញអនឡាញល្បីៗ៥រូបមានជម្លោះផ្ទុះកក្រើកយ៉ាងខ្លាំងពេញបណ្តាញសង្គមរហូតឈានទៅដល់នាំគ្នាទៅស្បថនៅមុខព្រះអង្គដងកើទាំងយប់ជាមួយពាក្យសម្តីសាហាវៗវិនាសរៀងៗខ្លួនខណៈមិត្តភាពរបស់ពួកគេជាមិត្តរាប់អានគ្នាដល់ទៅជិត១០ឆ្នាំ។ ក្រោយពីមានបញ្ហាចម្រូងចម្រាសបែបនេះមិត្តភាពរបស់ពួកគេនៅសល់៤នាក់ដែលមានដូចជា ឡុង ម៉ានីន គូស្នេហ៍តារាចម្រៀង ថុល សុភិទិ និងប្អូនស្រី ឡុង ម៉ានិច្ច ម៉ាដាម ដា និងម៉ាដាម ឆដា ហៅ Ah Pop ។
យ៉ាងណាមិញ ថ្មីៗនេះអ្នកគាំទ្ររបស់ពួកគេផ្ទុះការសង្ស័យថាទំនាក់ទំនងអ្នកទាំង៤ទំនងជាមានបញ្ហាល្អក់កករ ដោយសារតែគេបានឃើញ ម៉ានីន ចេញមកបង្ហោះមួយប្រយោគ។ ចំណែកឯ ម៉ាដាម ឆដា និង ម៉ាដាម ដា ចេញមកបង្ហោះដូចគ្នា។ នៅលើគណនីបណ្តាញសង្គមរបស់ ម៉ានីន បានចេញមកបង្ហោះនៅល្ងាចថ្ងៃទី១ សីហា ថា «បបួលឯងឱ្យស្អប់គេឱ្យខឹងគេ ដល់ចុងក្រោយទៅផ្អែមល្ហែមជាមួយគេ…អ៊ីវ Bye Bye »។ ម៉ានីន ក៏បានបន្ថែមដោយអារម្មណ៍ហួសចិត្ត មើលចិត្តមនុស្សមិនធ្លុះមិនដឹងថាគេក្បត់។
ក្រោយពីអ្នកជំនួញអនឡាញរូបនេះបង្ហោះនូវពាក្យពេចន៍ខាងលើ ២ម៉ោងក្រោយហើយគេបានឃើញ ម៉ាដាម ឆដា បានបង្ហោះប្រយោគដែរថា «និយាយអឺ អើ តែគ្នាអែងមានបញ្ហាបែកាណុងមករកអញ»។ ម៉ាដាម ឆដា បានបង្ហោះរូបគ្រួសារដោយបានដាក់ខ្លឹមសារថា « រាល់ថ្ងៃសុំជាជាប្រពន្ធល្អ ម្តាយល្អ គឺគ្រប់គ្រាន់ហើយ គ្មានបក្ខគ្មានពួក គ្មានការខ្វល់អ្នកណាជាងខ្លួនទៀតទេ អ្នកណាសាងអីទទួលខុសត្រូវរឿងនឹងទៅ ឆ្អែតហើយរៀងហើយ លះបង់ចេញមុខការពារព្រោះស្រលាញ់មិនខ្វល់អ្វីទាំងអស់ ចុងក្រោយគេធ្វើតួឯក ខ្ញុំអ្នកចេញមុខតួអាក្រក់ត្រូវគេស្អប់មួយរំពិច បទពិសោធន៍ជីវិត»។
ងាកទៅកាន់ម៉ាដាម ដា វិញ ថ្មីៗនេះក៏មានរឿងអាស្រូវជាមួយតារាសម្តែង ប៊ឺរី ដូចគ្នា ប៉ុន្តែគេបានឃើញអ្នកជំនួញរូបនេះចេញមកបង្ហោះរូបភាពជាមួយ ម៉ាដាម ឆដា ថា «បងប្អូនពាក្យនេះមានន័យណាស់ គាត់គឺកាដូហើយគាត់យល់ពីខ្ញុំគ្រប់យ៉ាង»។
ការបង្ហោះសារប្លែកៗពីអ្នកជំនួញអនឡាញខាងលើបានធ្វើឱ្យមានមន្ទិលសង្ស័យថាពួកគេទំនងជាមានបញ្ហាល្អក់កករជាមួយគ្នាស្របពេលដែលរយៈពេលចុងក្រោយនេះគេមិនបានឃើញពួកគេដើរជាមួយគ្នា ខណៈថ្ងៃខួបកំណើតកូនស្រីម៉ាដាម ដា ក៏ពុំឃើញវត្តមាន ម៉ានីន និងប្អូនស្រី ចូលរួមដូចគ្នា៕










