កូនប្រុសច្បងរបស់តារាចម្រៀង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត មានឈ្មោះថា ឃុំរដ្ឋា ណាលីដូ បានធ្វើឱ្យទស្សនិកជនសរសើរយ៉ាងច្រើនពីដុងសិល្បៈរបស់គេកាលពីកន្លងមកនេះ។ ថ្មីៗនេះ ណាលីដូ បានឈានចូលប្រឡូកវិស័យសិល្បៈដូចជាឪពុកម្តាយដោយបានCover បទមនោសញ្ចេតនាដ៏ល្បីមួយបទរបស់ម្តាយ។ ឃើញកូនប្រុសដើរតាមគន្លងខ្លួនបែបនេះអ្នកនាង យក់ ថិតរដ្ឋា បានផ្តល់ដំបូន្មានដល់កូនប្រុសថាអ្នកសិល្បៈល្អមួយរូបមិនមែនស្ថិតនៅលើរូបសង្ហាមានទេពកោសល្យច្រៀងរាំតែមួយមុខ អ្វីដែលសំខាន់នោះគឺអត្តចរិត។
កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅលើបណ្តាញសង្គមរបស់តារាចម្រៀង យក់ ថិតរដ្ឋា បានបញ្ចេញស្នាដៃកូនប្រុសច្បងរបស់ខ្លួន ឃុំរដ្ឋា ណាលីដូ ដោយបានបង្ហើរសំឡេងCover បទ « បេះដូងបញ្ច្រាសទិស» ដែលជាបទល្បីល្បាញមួយរបស់អ្នកនាង យក់ ថិតរដ្ឋា ជាង១០ឆ្នាំមកហើយជាស្នាដៃនិពន្ធទំនុកច្រៀងដោយលោក ខាំ ភូរិ។ កាលពីកន្លងមកនេះ ណាលីដូ បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ទៅលើទឹកដមសំឡេងរបស់គេ និងរូបរាងស្រស់សង្ហារបស់ ណាលីដូ ផងដែរបន្ទាប់ពីមានវីដេអូចែករំលែកនៅលើបណ្តាញសង្គមទិកតុក ឃើញកូនអ្នកសិល្បៈរូបនេះបកស្រាយបទ «ខ្លាចអូនប្រាប់ថាបែកម្តងទៀត» ដែលជាសំនៀងដើមរបស់តារាចម្រៀង ហ្សូណូ ។.png)
ការជំហានរបស់ ណាលីដូ ដែលមានឈាមជ័រសិល្បៈពេញខ្លួនក៏បានធ្វើឱ្យមានការចាប់អារម្មណ៍ពីទស្សនិកជនដូចគ្នាដោយមានមតិយោបល់ជាច្រើនសរសើរដល់កូនប្រុសអ្នកនាង យក់ ថិតរដ្ឋាច្រៀងពីរោះ មានទឹកដមមិនចាញ់ឪពុកម្តាយនោះទេថែមទាំងជំរុញឱ្យចេញបទចម្រៀងឱ្យបានច្រើនៗថែមទៀត។ ទទួលបានការស្រលាញ់ចូលចិត្តពីមហាជនអ្នកនាង យក់ ថិតរដ្ឋា បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងដែលកូនប្រុសរបស់ខ្លួនទទួលបានការគាំទ្រដូចនេះដោយបានបញ្ជាក់ថា ទោះបីជា ណាលីដូ ដើរលើវិថីសិល្បៈតែក៏មិនភ្លេចការសិក្សានោះទេ។.png)
នៅព្រឹកថ្ងៃទី២ សីហា អ្នកនាង យក់ ថិតរដ្ឋា ក៏បានជូនពរនិងផ្តល់ដំបូន្មានដល់ ឃុំរដ្ឋា ណាលីដូ ក្នុងគ្រាដែលកូនប្រុសបោះជំហានចូលវិស័យសិល្បៈនេះ។ តារាចម្រៀងដ៏មានប្រជាប្រិយភាពរូបនេះបានរៀបរាប់ថា«ជូនពរកូនម៉ាក់ក្នុងការឈានជើងចូលវវិថីសិល្បៈសូមឱ្យកូនទទួលបានការគាំទ្រពីបងប្អូនអ៊ំពូមីងផងណាកូន។ ប៉ុន្តែ mummy ចង់ប្រាប់កូនថាចង់ធ្វើជាអ្នកសិល្បៈដ៏ល្អមួយរូបមិនមែនស្ថិតនៅលើតែរូបសម្រស់ស្រស់ស្អាតសង្ហានិងមានទេពកោសល្យក្នុងការច្រៀងរាំនិងសំដែងតែមួយមុខនោះទេ អ្វីដែលសំខាន់បំផុតជាងគេនោះគឺអត្តចរិកលក្ខណៈរបស់យើងតែម្តងណាកូន។ ជាអ្នកសិល្បៈត្រូវប្រកាន់ខ្ជាប់នូវអត្តចរិតល្អ។ ពាក្យសាមញ្ញគេតែងតែលើកយកមកនិយាយថា ល្អគ្រប់យ៉ាងហើយតែទាស់តែរឿងមួយគឺចរិតអន់»៕










