ស្ទឹងដំណាក់ក្បូននារដូវវស្សា គឺពិតជាមានសម្រស់ស្រស់ស្អាតជាខ្លាំង ដោយសារតំបន់នេះគឺពោរពេញទៅដោយធនធានធម្មជាតិដ៏មហាសាល មានជ្រោះជ្រង ជ្រលងបុព្វតា ប្រកបដោយទេសភាពដ៏ស្រស់ត្រកាល និងអស្ចារ្យបំផុត។ ស្ទឹងដំណាក់ក្បូនស្ថិតក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូងខេត្តកោះកុង មានចម្ងាយប្រមាណ ៤០ គីឡូមែត្រពីក្រុងខេមរភូមិន្ទ ដោយលោកអ្នកអាចធ្វើដំណើរតាមផ្លូវបេតុងកាត់តាមទំបន់វារីអគ្គិសនី ឬស្សីជ្រុំ ក៏ដូចជាមានចម្ងាយប្រមាណ ៣១៩ គីឡូមែត្រពីរាជធានីភ្នំពេញ។ 
នៅពេលទៅដល់ភ្ញៀវទេសចរនឹងបានឃើញសម្រស់ដ៏ល្អឯកនៃទឹកធ្លាក់អមជាមួយដើមឈើសងខាង ដែលមានទស្សនីយ៍ភាពប្រៀបបានដូចជាផ្ទាំងគំនូរ កំពុងបង្ហាញសម្រស់នៅកណ្តាលព្រៃឈើដ៏ធំស្កឹមស្កៃ និងទទួលបានអារម្មណ៍ស្រស់ស្រាយ ខ្យល់អាកាសបរិសុទ្ធពីធម្មជាតិ។ ស្ទឹងដំណាក់ក្បូនគឺមានភាពលេចធ្លោនៃធម្មជាតិ ជាហេតុធ្វើឱ្យភ្ញៀវទេសចរតស៊ូធ្វើដំណើរតាមផ្លូវតូច និងបត់បែនដើម្បីទៅសម្រាកកម្សាន្តនៅទីតាំងមួយនេះ។ 
ដូច្នេះអ្នកអាចហែលទឹក និងស្ទូចត្រីលេងកម្សាន្ត ក៏ដូចជាបោះតង់ ញ៉ាំអាហារឆ្ងាញ់ៗជាមួយបងប្អូនគ្រួសារ ឬមិត្តភក្តិដោយសេរី ដែលកន្លែងនេះគឺពិតជាសក្តិសមបំផុតសម្រាប់ភ្ញៀវទេសចរណាដែលចូលចិត្តធម្មជាតិ និងការផ្សងព្រេង។ ដើមឡើយ ស្ទឹងដំណាក់ក្បូនគឺជាទីតាំងវារីអគ្គិសនីមួយ ប៉ុន្តែដោយសក្តានុពលធម្មជាតិ ដែលមានទឹកហូរថ្លាឆ្វង់ ព្រៃឈើដុះអមមាត់ទឹកផ្ដល់ជាម្លប់ត្រឈឹងត្រឈៃដល់ភ្ញៀវទេសចរ បានធ្វើឱ្យតំបន់នេះក្លាយជាទីតាំងទេសចរណ៍ធម្មជាតិថ្មីមួយក្នុងខេត្តកោះកុង។ 
ក្រៅពីស្ទឹងដំណាក់ក្បូនដែលជាគោលដៅដ៏ទាក់ទាញបំផុតក្នុងខេត្តកោះកុង ក៏មានរមណីយដ្ឋានល្បីៗជាច្រើនផ្សេងទៀតនៅក្នុងខេត្តនេះផងដែរដូចជា កោះកុងក្រៅ, ទឹកធ្លាក់តាតៃ, កោះស្តេច, ឆ្នេរនេសាទ, ពាមក្រសោម, ជីផាត, ឆ្នេរផ្កាយ៧, ឆ្នេរបារាំង, ភ្នំម្រេចកង្កែបអារ៉ែង, ទឹកធ្លាក់ឆាយយោង, និងកោះស្រឡៅ។ គួរបញ្ជាក់ដែរថា កោះកុងគឺជាខេត្តមួយស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា ដែលមានផ្ទៃដីប្រមាណ ១១១៦០ គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅប្រមាណ ១២៥,៩០២ នាក់គិតក្នុងឆ្នាំ ២០១៩៕










