ប្រទេសថៃ ៖ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា មានស្ត្រីម្នាក់ជាម្ចាស់ភោជនីយដ្ឋានដ៏ល្បីមួយកន្លែងនៅខេត្តកំពែងពេជ្រ ប្រទេសថៃ បានទិញក្តារមឈូសថ្មីៗចំនួន៣៩ មកដាក់តម្រៀបពេញផ្ទះធំរបស់ខ្លួន ។ នាងបញ្ជាក់ថា ការធ្វើបែបនេះដើម្បីឱ្យទេវតាតាមថែរក្សារូបនាង និងសមាជិកគ្រួសារទាំងអស់ ហើយនាងក៏បានពិភាក្សាបញ្ហានេះជាមួយព្រះសង្ឃផងដែរ ប៉ុន្តែជនជាតិថៃផ្សេងទៀតនិយាយបែបនេះ ។
នារីខាងលើឈ្មោះ អ៊ីសារី ឡៅហាផិផាត់ អាយុ៣៩ឆ្នាំ រៀបរាប់ថា នាងបានទិញក្តារមឈូសថ្មីៗចំនួន៣៩ ដើម្បីឱ្យត្រូវគ្នានឹងអាយុរបស់នាង ។ នាងបាននិមន្តព្រះសង្ឃមកសូត្រធម៌ដើម្បីប្រាប់ម្ចាស់ទឹក ម្ចាស់ដី និងឧទ្ទិសបុណ្យកុសលឱ្យម្ចាស់កម្មពៀរផងដែរ ។ នាងជឿថា វាជាការរំដោះគ្រោះ និងបណ្តេញគ្រោះចង្រៃឱ្យចេញពីជីវិត ព្រមទាំងនាំមកនូវសំណាងល្អដល់សមាជិកគ្រួសារទាំងអស់ ។

នាង អ៊ីសារី បន្តថា មនុស្សភាគច្រើនអាចគិតថា ការយកក្តារមឈូសមកទុកក្នុងផ្ទះបែបនេះ គឺជារឿងអពមង្គលយ៉ាងខ្លាំង និងនាំងមកនូវរឿងរ៉ាវមិនល្អ ។ ប៉ុន្តែនាងបានពិភាក្សាជាមួយព្រះសង្ឃក្នុងវត្តដែលនាងគោរពរួចហើយ ព្រះសង្ឃមានសង្ឃដីកាថា ការបរិច្ចាគក្តារមឈូសនឹងបានបុណ្យកុសលច្រើនបំផុត ។ ប៉ុន្តែត្រូវយកក្តារមឈូសទាំងនេះមកធ្វើពិធីក្នុងផ្ទះ ដើម្បីឱ្យទេវតាតាមថែរក្សាយើង ហើយម្ចាស់ទឹក ម្ចាស់ដី ក៏បានដឹងឮ និងទទួលបុណ្យពីយើង ។
នាងបន្តថា នាងរីករាយក្នុងការបរិច្ចាគក្តារមឈូសទាំងនេះទៅឱ្យអ្នកក្រីក្រ និងមូលនិធិផ្សេងៗ ។ ហេតុនេះ បើអ្នកណាម្នាក់ ឬវត្តណាមួយត្រូវការក្តារមឈូស អាចទំនាក់ទំនងមកនាងបានតាមរយៈទូរស័ព្ទ ។ បើពិបាកមកទទួលក្តារមឈូសដោយខ្លួនឯង នាងនឹងបញ្ជូនក្តារមឈូសដឹកតាមរថយន្តទៅឱ្យដល់កន្លែង ។
ករណីនេះបានធ្វើឱ្យមានការបញ្ចេញមតិខុសៗគ្នាក្នុងបណ្តាញសង្គម ក្នុងនោះមានទាំងមតិគាំទ្រ និងមិនគាំទ្រ ។ ជនជាតិម្នាក់និយាយថា ៖ «បើយកក្តារមឈូសមកបរិច្ចាគនៅផ្ទះ គឺត្រូវរង់ចាំឱ្យមានមនុស្សស្លាប់ចំនួន៣៩នាក់សិន ទើបបរិច្ចាគអស់ ។ ហេតុអ្វីមិនបរិច្ចាគទៅឱ្យវត្ត ឬមូលនិធិតែម្តងទៅ?» ។ ជនជាតិថៃម្នាក់ទៀតថា ៖ «បើទទួលរៀបចំធ្វើបុណ្យសពឱ្យពលរដ្ឋក្រីក្រដោយមិនគិតថ្លៃ វាល្អប្រសើរជាងនេះ» ។
ចំណែកជនជាតិថៃម្នាក់ទៀតនិយាយថា ៖ «តើអ្នកណាបង្រៀនឱ្យធ្វើបែបនេះ? កុំយកព្រះពុទ្ធសាសនាមកពាក់ព័ន្ធអីល្អជាង ចូរកុំច្រឡំគ្នា ពីព្រោះខាងព្រះពុទ្ធសាសនាពុំបានអប់រំឱ្យធ្វើអ្វីល្ងង់បែបនេះទេ ។ នេះគេហៅថា គឺជាការគោរពខ្មោច និងប្រេត ប៉ុន្តែយកព្រះពុទ្ធសាសនាមកបាំងមុខ» ៕










