ថ្មីៗនេះ បន្ទាប់ពីសេចក្តីប្រកាសរបស់អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតិឲ្យសាធារណជនទូទៅ អាចធ្វើការថតរូបផ្សព្វផ្សាយនៅម្តុំបរិវេណអង្គរដោយពុំចាំបាច់ស្នើសុំ ទើបបណ្តាលឲ្យមហាជនជាច្រើនបានសម្តែងនូវការត្រេកអរជាពន់ពេក ជាពិសេសគឺនៅក្នុងចំណោមគូរស្នេហ៍ដែលគ្រោងនឹងថត Pre Wedding ក៏ដូចជាសិល្បករ សិល្បការី influencer ល្បីៗ ជាច្រើន។
សេចក្តីប្រកាសពីការកែប្រែថ្មីរបស់អាជ្ញាធរជាតិអប្សរា កាលពីពេលថ្មីនេះ បានអនុញាតិឲ្យសាធារណៈជន ពេលមកកម្សន្តនៅម្តុំបរិវេណអង្គរ អាចធ្វើការថតផ្សព្វផ្សាយបង្ហោះនៅលើបណ្តាញសង្គមនានា ដោយមិនចាំបាច់ស្នើសុំដូចពីមុននោះទេ។ ម៉្យាងវិញទៀត ចំពោះការថតរូបក្នុងឈុតសម្លៀកបំពាក់សម្អាងការ ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិក៏អាចប្រព្រឹត្តទៅបានដូចគ្នាដែរ លើកលែងតែការប្រើប្រាស់ដ្រូន។
យ៉ាងណាមិញ បើក្រឡេកមកមើលគូរស្នេហ៍ជាច្រើននៅក្នុងអំឡុងពេលនេះ ក៏បាននាំគ្នាសម្រុកទៅថត Pre Wedding នៅម្តុំបរិវេនប្រាសាទអង្គរវត្តខ្មែរព្រោងព្រាត ដើម្បីត្រៀមនៅក្នុងថ្ងៃកម្មវិធីរៀបអាពាហ៍ពិពាហ៍ពួកគេ បន្ទាប់ពីពិធីចូលទានវស្សាបានបញ្ចប់។ លើសពីនេះទៅទៀត អំឡុងពេលថ្មីនេះ សិល្បករ សិល្បការី អ្នកសម្តែង Influencer ល្បីៗជាច្រើននៅក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ បានលេចវត្តមាននៅលើទឹកដីអង្គរ ក្នុងការប្រម៉ូតផ្សព្វផ្សាយយ៉ាងពេញទំហឹងគ្រប់ៗគ្នា។
ក្នុងនោះក៏មានការផលិតវីដេអូខ្នាតធំ សម្តែងរបាំអប្សរាពីយុវតីជូរី ល្អហួស នាំចំពីមុខប្រាសាទអង្គរវត្ត, វីដេអូបង្ហាញពីវប្បធម៌ក្រុងអង្គររបស់លោក Rick KH ជាដើម ដែលត្រៀមនឹងបញ្ចេញឆាប់ៗនេះ។ ទាំងនេះ គឺជាការបង្ហាញពីទឹកចិត្តស្រលាញ់សម្បត្តិវប្បធម៌អរិយធម៌ខ្មែរក្នុងចំណោមកូនខ្មែរគ្រប់ៗរូប ចង់ថែរក្សា អភិរក្សបេតិកភណ្ឌដ៏មានតម្លៃ ក្នុងប្រទេសកម្ពុជាយើងឲ្យបានគង់វង្សស្ថិតស្ថេរ ក៏ដូចជាការផ្សព្វផ្សាយពីទឹកដីអច្ឆរិយខ្មែរទៅកាន់ពិភពលោកផងដែរ៕