ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការកាត់បន្ថយការប្រើប្រាស់ជាតិស្ករប្រចាំថ្ងៃ គឺបានក្លាយជានិន្នាការសុខភាពដ៏ពេញនិយមមួយ។ មនុស្សជាច្រើនបានឃើញអត្ថប្រយោជន៍ដែលមិននឹកស្មានដល់នៃការកាត់ជាតិស្ករពីរបបអាហាររបស់ពួកគេ។ ប៉ុន្តែតើអ្នកដឹងទេ ប្រសិនបើអ្នកកាត់បន្ថយជាតិស្កររយៈពេល ២ សប្តាហ៍ តើនឹងមានអ្វីរឿងខ្លះកើតឡើង? សម្រាប់ចម្លើយនោះគឺ៖
ដំណាក់កាលទី ១ ថ្ងៃដំបូង៖ ការមិនញ៉ាំអាហារ ឬផឹកភេសជ្ជៈដែលមានជាតិស្ករអាចពិបាកបន្តិច ដោយសាររាងកាយរបស់អ្នកត្រូវសម្របខ្លួនទៅនឹងការផ្លាស់ប្តូរភ្លាមៗ។ ក្នុងអំឡុងពេលនេះ អ្នកអាចមានរោគសញ្ញាដូចជា បាត់បង់ចំណង់អាហារ, អារម្មណ៍ប្រែប្រួល ដោយសារកង្វះជាតិស្ករអាចបណ្តាលឱ្យឆាប់ខឹង និងផ្លាស់ប្តូរអារម្មណ៍យ៉ាងឆាប់រហ័ស ក៏ដូចជាឈឺក្បាល, និងអស់កម្លាំងល្ហិតល្ហៃជាដើម។
ដំណាក់កាលទី ២ ប្រហែលមួយសប្តាហ៍កន្លងផុត៖ មនុស្សជាច្រើនចាប់ផ្តើមកត់សម្គាល់ការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងខ្លួនរបស់ពួកគេដូចជាកម្រិតថាមពលប្រសើរឡើង ព្រោះដោយសារគ្មានជាតិស្ករក្នុងឈាមបណ្តាលឱ្យថាមពលរបស់អ្នកកាន់តែមានស្ថិរភាពពេញមួយថ្ងៃ។ លើសពីនេះគុណភាពនៃការគេងក៏កាន់តែប្រសើរឡើងផងដែរ ដោយសារកម្រិតជាតិស្ករទាប ធ្វើឱ្យអ្នកមានអារម្មណ៍ឆាប់ងងុយគេង ប្រសិនបើកម្រិតជាតិស្ករខ្ពស់អាចរំខានដល់គុណភាពនៃការគេង។
ដំណាក់កាលទី ៣ នៅចុងបញ្ចប់នៃ ១៤ ថ្ងៃ៖ អ្នកអាចកត់សម្គាល់អត្ថប្រយោជន៍មួយចំនួនដូចជា ស្រកទម្ងន់ជាងមុន, ស្បែកមានសុខភាពល្អជាងមុន, សុខភាពរំលាយអាហារកាន់តែប្រសើរឡើង, ធ្វើឱ្យប្រសើរឡើងនូវអារម្មណ៍ និងភាពច្បាស់លាស់នៃផ្លូវចិត្ត, ក៏ដូចជាជួយឱ្យអ្នករីករាយនឹងជម្រើសដែលអ្នកបានជ្រើសរើស។
ហេតុនេះកាត់បន្ថយជាតិស្កររយៈពេល ២ សប្តាហ៍គឺមានសារៈសំខាន់ៗជាច្រើនចំពោះសុខភាពរាងកាយ និងសម្រស់របស់អ្នក ដោយវានឹងអាចកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃជាច្រើនមុខដូចជា ជំងឺទឹកនោមផ្អែមប្រភេទទី ២ ជំងឺបេះដូង និងជំងឺលើសឈាម។ លើសពីនេះវាក៏ជួយឱ្យសុខភាពមេតាបូលីសប្រសើរឡើងផងដែរ។ ដូច្នេះការលុបបំបាត់ជាតិស្កររយៈពេល ១៤ ថ្ងៃគឺអាចផ្តល់អត្ថប្រយោជន៍សុខភាពជាច្រើនដែលមិននឹកស្មានដល់៕










