ប្រទេសបារាំង ៖ Wi-Fi សាធារណៈក្នុងបរិវេណការប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉ារីស ប្រទេសបារាំង ប្រមាណ២៥% គ្មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ទេ ។ អ្នកបច្ចេកទេសលំដាប់ពិភពលោក និយាយថា ការប្រើប្រាស់ Wi-Fi សាធារណៈនេះ គឺអាចប្រឈមនឹងការលួចយកព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុពីឧបករណ៍អេឡិចត្រូនិក ។
ការលើកឡើងនេះ ក្រោយពីអ្នកបច្ចេកទេសលំដាប់ពិភពលោក របស់ក្រុមហ៊ុន Kaspersky ឬក្រុម (Global Research and Analysis Team) បានត្រួតពិនិត្យចំណុចតភ្ជាប់ Wi-Fi សាធារណៈប្រមាណ២៥.០០០កន្លែង នៅទីក្រុងប៉ារីស ប្រទេសបារាំង មុនពេលការប្រកួតកីឡាអូឡាំពិករដូវក្តៅ និងប៉ារ៉ាឡាំពិក ឆ្នាំ២០២៤ ។
ការត្រួតពិនិត្យរបស់អ្នកបច្ចេកទេសបង្ហាញថា បណ្តាញ Wi-Fi សាធារណៈស្មើប្រមាណ២៥% គ្មានការវាយបញ្ចូលលេខសម្ងាត់ ឬប្រើប្រាស់លេខសម្ងាត់គ្មានសុវត្ថិភាព ។ ហេតុនេះ វាធ្វើឱ្យអ្នកប្រើប្រាស់ Wi-Fi សាធារណៈត្រូវបានគេលួចព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុ ហើយមានអ្នកប្រើប្រាស់ត្រឹមតែ៦% ប៉ុណ្ណោះ ដែលប្រើប្រាស់កម្មវិធីការពារសុវត្ថិភាព WPA3 ។
អ្នកបច្ចេកទេសបានវិភាគសេវាអ៊ីនធើរណេតចំនួន៤៧.៨៩១ នៅតាមតំបន់ទេសចរណ៍ពេញនិយមរបស់បារាំង និងបរិវេណការប្រកួតកីឡាអូឡាំពិក ឃើញថា សេវាអ៊ីនធើរណេតប្រមាណ២៥% គ្មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ហើយពួកគេប្រឈមនឹងការលួចព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុ ។ រីឯ Wi-Fi សាធារណៈមានសុវត្ថិភាព គឺស្មើត្រឹមតែ៦% ប៉ុណ្ណោះ ។
ហេតុនេះ អ្នកប្រើប្រាស់ Wi-Fi សាធារណៈទាំងនេះត្រូវប្រឈមនឹងការលួចយកព័ត៌មានផ្ទាល់ខ្លួន, លួចលេខសម្ងាត់ និងព័ត៌មានកាតធនាគារ ។ ចុងក្រោយ អ្នកបច្ចេកទេសបានណែនាំវិធីមួយចំនួនសម្រាប់ការពារសុវត្ថិភាព ពេលប្រើប្រាស់ Wi-Fi សាធារណៈ រួមមាន ៖
-កុំបើកចូលគណនីធនាគារ ឬព័ត៌មានផ្សេងទៀតក្នុងទូរស័ព្ទឱ្យសោះ ក្នុងអំឡុងពេលកំពុងប្រើប្រាស់ Wi-Fi សាធារណៈ
-ត្រួតពិនិត្យថា តើសេវា Wi-Fi សាធារណៈនេះត្រឹមត្រូវតាមច្បាប់ដែរឬទេ
-ប្រើប្រាស់លេខសម្ងាត់ពិបាកៗ និងមិនជាន់គ្នា ដើម្បីការពារសុវត្ថិភាព
-អាប់ដេតប្រព័ន្ធប្រតិបត្តិការកម្មវិធីក្នុងទូរស័ព្ទជាប្រចាំ ដើម្បីការពារមេរោគ និង
-បិទការចែករំលែកឯកសារ និង AirDrop នៅលើឧបករណ៍អេឡិចត្រូនិក ដើម្បីការពារការលួចព័ត៌មានផ្សេងៗដោយគ្មានការអនុញ្ញាត ។
អ្នកបច្ចេកទេសបញ្ជាក់ថា ពេលក្រុមអត្តពលិកជាច្រើននាក់មកចូលរួមប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉ារីស នឹងមានក្រុមលួចព័ត៌មានតាមអ៊ីនធើរណេតធ្វើសកម្មភាពផងដែរ ដូចជា ៖ ការលួចព័ត៌មានផ្ទាល់ខ្លួនរបស់មនុស្សរាប់លាននាក់ ហើយពួកគេផ្តោតទៅលើអ្នកស្នាក់នៅសណ្ឋាគារ និងអ្នកចូលរួមកម្មវិធីផ្សេងៗ ៕










