ដូចដែលដឹងមកហើយថា កម្ពុជាយើងគឺសម្បូរទៅដោយប្រព័ន្ធផ្លូវទឹកជាច្រើនកន្លែង ស្របពេលដែលទន្លេសំខាន់ៗបានលេចវត្តមានឡើងនៅលើទឹកដីមួយនេះ។ ជាមួយគ្នានោះ ទឹកគឺជាប្រភពដ៏សំខាន់មួយសម្រាប់ប្រជាពលរដ្ឋខ្មែរមួយភាគផងដែរ។ ដូច្នេះថ្ងៃនេះ សារព័ត៌មាន KBN យើងនឹងរៀបរាប់អំពីទន្លេសំខាន់ៗទាំង ៧ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាលក្ខណៈពិសេសមួយចំនួនរបស់វា៖
១ ទន្លេមេគង្គ ៖មានប្រវែងសរុប ៤២០០គីឡូម៉ែត្រ ហូរឆ្លងកាត់៦ប្រទេសគឺ ចិន ភូមា ថៃ ឡាវ កម្ពុជា និងវៀតណាម ហើយហូរចាក់ចូលក្នុងសមុទ្រចិនខាងត្បូង។ ទន្លេមេគង្គក្នុងប្រទេសកម្ពុជាមានប្រវែង ៥០០គីឡូម៉ែត្រ ជាទន្លេដ៏សំខាន់មួយ ហូរឆ្លងកាត់ខេត្តស្ទឹងត្រែង ក្រចេះ ខេត្តកំពង់ចាម រាជធានីភ្នំពេញ និងព្រៃវែង។
២ ទន្លេស្រែពក មានប្រវែង ២៨១ គីឡូម៉ែត្រ ក្នុងប្រទេសកម្ពុជា។ ទន្លេស្រែពកមានប្រភពមកពីតំបន់ភ្នំកណ្ដាលនៃប្រទេសវៀតណាម នឹងហូរកាត់ខេត្តមណ្ឌលគិរី រតនគិរី រួចបន្តហូរចូលទៅក្នុងទន្លេសេសានក្នុងខេត្តស្ទឹងត្រែង។ ទន្លេនេះគឺជាជម្រករបស់ពពួកមច្ឆាជាតិទាំងកម្រនិងជិតផុតពូជ ស្ទើរតែគ្រប់ប្រភេទ។
៣ ទន្លេសេសាន៖ ប្រវែង ២៦៥ គីឡូម៉ែត្រ (ក្នុងប្រទេសកម្ពុជា) ហូរឆ្លងកាត់ភាគកណ្តាល ប្រទេសវៀតណាម និងភាគឦសាននៃប្រទេសកម្ពុជា។ ទន្លេសេសានគឺជាដៃទន្លេដ៏សំខាន់នៃទន្លេមេគង្គ ស្របពេលដែលមានទំនប់វារីអគ្គីសនីជាច្រើនស្ថិតតាមដៃទន្លេរបស់វាផងដែរ។
៤ ទន្លេសេកុង៖ ប្រវែង ១៥០ គីឡូម៉ែត្រ(ក្នុងប្រទេសកម្ពុជា) ស្ថិតក្នុងខេត្តស្ទឹងត្រែង ហូរឆ្លងកាត់ ៣ ប្រទេស គឺកម្ពុជា វៀតណាម និងឡាវ។
៥ ទន្លេសាប៖ ប្រវែង ១២០ គីឡូម៉ែត្រ ហូរឆ្លងកាត់ក្នុងខេត្តកំពង់ឆ្នាំង កណ្តាល និងរាជធានីភ្នំពេញ។ ទន្លេសាបគឺជាតំបន់ដីសើមទឹកសាប ត្រូវបានគេចាត់ទុកថាមានសារសំខាន់ជាងគេក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ដែលផ្គត់ផ្គង់ជលផលទឹកសាប ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះ។ បឹងទន្លេសាប មានខេត្ត ៥ព័ទ្ធជុំវិញគឺ ខេត្តសៀមរាប កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង ខណៈជួយទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ប្រជាជនប្រមាណជាមួយភាគបួន (ក្នុងខេត្ដទាំង ៥ជុំវិញបឹងនេះ) ប្រមាណនឹង ២,៩លាននាក់។
៦ ទន្លេបាសាក់ ៖ ប្រវែង ១០០ គីឡូម៉ែត្រ (នៅកម្ពុជា) ទន្លេនេះចាប់ផ្តើមនៅរាជធានីភ្នំពេញ ហើយហូរទៅភាគខាងត្បូង ដោយឆ្លងកាត់ព្រំដែនចូលទៅប្រទេសវៀតណាម។ ទន្លេបាសាក់គឺជាច្រករបៀងដឹកជញ្ជូនដ៏សំខាន់មួយរវាងកម្ពុជា និងវៀតណាម ដែលមានកប៉ាល់ និងយានផ្សេងៗ ឆ្លងកាត់ទឹកជាហូរហែផងដែរ។
៧ទន្លេវ៉ៃគោ ៖ ប្រវែង ៣០ គីឡូម៉ែត្រ ស្ថិតនៅភាគខាងកើត និងខាងត្បូងនៃទីរួមខេត្ដស្វាយរៀង ដែលឈ្មោះទន្លេវ៉ៃគោនេះ ជាទម្លាប់ហៅរបស់អ្នកស្រុក ក្នុងអំឡុងស.វទី១២-១៣ មកម្លេះ។ ទន្លេវ៉ៃគោមានជម្រៅជ្រៅ អាចផ្ទុកទឹកជាច្រើនលានម៉ែត្រគូបបម្រើវិស័យកសិកម្ម និងផ្ដល់ពូជត្រីគ្រប់ប្រភេទ សម្រាប់ផ្គត់ផ្គង់ដល់ជីវភាពប្រជាជនខេត្ដស្វាយរៀងមួយភាគផងដែរ៕










