ប្រទេសចិន៖ សកលវិទ្យាល័យមួយរបស់ប្រទេសចិនបានបង្កើតថ្នាក់បរិញ្ញាបត្រជំនាញវិជ្ជាជីវៈដែលទាក់ទងនឹងអាពាហ៍ពិពាហ៍ជាលើកដំបូង គ្រោងនឹងចាប់ផ្តើមចុះឈ្មោះនិស្សិតនៅខែកញ្ញាឆ្នាំ ២០២៤ ខាងមុខនេះ។
យោងតាមសារព័ត៌មានបរទេស CGTN បានឱ្យដឹងថា សកលវិទ្យាល័យវិជ្ជាជីវៈកិច្ចការស៊ីវិលចិន គ្រោងនឹងចុះឈ្មោះសិស្សចំនួន ៧០ នាក់នៅក្នុងវគ្គសិក្សាដំបូង ដោយបង្រៀនស្តីពីការគ្រប់គ្រងសង្គមវិទ្យា វប្បធម៌គ្រួសារ ក្រមសីលធម៌ និងសេដ្ឋកិច្ច រួមជាមួយនឹងការបណ្តុះបណ្តាលជាក់ស្តែងលើផ្នែកដូចជា សមត្ថភាពដោះស្រាយបញ្ហា ការប្រឹក្សាគ្រួសារ ការរៀបចំផែនការអាពាហ៍ពិពាហ៍ និងសេវាកម្មផ្គូផ្គងជាដើម។
លោក Zhao Honggang នាយករងនៃសាកលវិទ្យាល័យកិច្ចការស៊ីវិលចិន បាននិយាយថា ការបណ្តុះបណ្តាលផ្នែកសិក្សានេះនឹងមានប្រហែល ៤៥% ហើយការអនុវត្តជាក់ស្តែងនឹងមានប្រហែល ៥៥% នៃកម្មវិធី។ ដូច្នេះកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈនឹងផ្តោតសំខាន់លើការរៀបចំផែនការអាពាហ៍ពិពាហ៍ ដែលគ្របដណ្តប់គ្រប់យ៉ាងចាប់ពីការផ្គូផ្គង និងការប្រឹក្សាមុនពេលរៀបការ ការមានកូន ទំនួលខុសត្រូវគ្រួសារ រហូតដល់ការប្រឹក្សាមុនការលែងលះ។ លោក Zhao Honggang បានបន្តទៀតថា “បន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតអាចមានឱកាសស្វែងរកការងារធ្វើនៅក្នុងសមាគមឧស្សាហកម្ម ក្រុមហ៊ុនផ្គូផ្គង ក្រុមហ៊ុនសេវាកម្មអាពាហ៍ពិពាហ៍ និងទីភ្នាក់ងារប្រឹក្សាអាពាហ៍ពិពាហ៍ និងគ្រួសារ”។
បច្ចុប្បន្ននេះ វិស័យផ្គូផ្គង និងអាពាហ៍ពិពាហ៍កំពុងខ្វះអ្នកជំនាញដែលបានបណ្តុះបណ្តាលត្រឹមត្រូវ។ ទន្ទឹមនឹងនេះ ឧស្សាហកម្មផ្គូផ្គងអនឡាញនៅតែរីកចម្រើនខ្លាំងនៅក្នុងប្រទេសចិន។ របាយការណ៍មួយបានប៉ាន់ប្រមាណថាទីផ្សារណាត់ជួបតាមអ៊ីនធឺណិត និងការផ្គូផ្គងរបស់ប្រទេសបានកើនឡើងជិតបីដងពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២៣។ នៅក្នុងទីផ្សារនេះតម្រូវឱ្យនិស្សិតដែលបញ្ចប់ការសិក្សាអាពាហ៍ពិពាហ៍មានទេពកោសល្យច្នៃប្រឌិតដែលអាចផ្តល់សេវាកម្មរៀបចំផែនការអាពាហ៍ពិពាហ៍ដ៏ទំនើប ក៏ដូចជាការរចនា និងអភិវឌ្ឍសេវាកម្មផ្គូផ្គង។
គួរបញ្ជាក់ដែរថា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ អត្រាអាពាហ៍ពិពាហ៍របស់ប្រទេសចិនបានធ្លាក់ចុះយ៉ាងខ្លាំង បើទោះបីជាមានការកើនឡើងបន្តិចក្នុងឆ្នាំ ២០២៣ ក៏ដោយ។ រដ្ឋាភិបាលរបស់ប្រទេសនេះបានចាប់ផ្តើមយុទ្ធនាការមួយដើម្បីលើកកម្ពស់ “ទំនាក់ទំនងអាពាហ៍ពិពាហ៍ និងគ្រួសារប្រកបដោយសមភាព ការចុះសម្រុងគ្នា និងស៊ីវិល័យ” ដោយណែនាំកំណែទម្រង់ថ្មីដើម្បីកាត់បន្ថយថ្លៃដើមអាពាហ៍ពិពាហ៍ និងការបង្កើនសេវាប្រឹក្សាអាពាហ៍ពិពាហ៍គ្រួសារ។ ហេតុនេះការបើកឧស្សាហកម្មបណ្តុះបណ្តាលសេវាកម្មអាពាហ៍ពិពាហ៍គឺជាមធ្យោបាយដ៏ល្អមួយសម្រាប់ប្រទេសចិន៕










