ប្រអប់ខ្មៅ (Black box) គឺជាឧបករណ៍អេឡិចត្រូនិចសម្រាប់ផ្ទុកព័ត៌មានផ្សេងៗ អំឡុងពេលហោះហើរនៅលើអាកាស ខណៈវាគឺជាតម្រុយដ៏សំខាន់ក្នុងការស៊ើបអង្កេតទៅលើឧបទ្ទវហេតុនានា។ ប្រអប់ខ្មៅ មិនមែនមានពណ៌ខ្មៅទេ ផ្ទុយទៅវិញគឺជាប្រអប់មានពណ៌ទឹកក្រូចភ្លឺ ព្រោះថាវាងាយស្រួលដល់ភ្នាក់ងារក្នុងតាមរក។
ប្រអប់ខ្មៅ ចែកចេញជា ២ ប្រភេទ ដែលមានមុខងារខុសៗគ្នា ប៉ុន្តែមានសារៈសំខាន់ដូចគ្នា នោះគឺប្រភេទ CVR និង FDR ។ ខណៈដែលនៅលើយន្តហោះជាទូទៅត្រូវតែមានប្រអប់ខ្មៅទាំង ២ ប្រភេទនេះ ដើម្បីកត់ត្រាទិន្នន័យ។ ប្រអប់ខ្មៅទាំង២ នេះ ជួនកាលត្រូវបានគេដាក់បញ្ជូលវានៅក្នុងប្រអប់ខ្មៅតែមួយផងដែរ។
CVR (Cockpit Voice Recorder) ៖ ប្រអប់ខ្មៅប្រភេទនេះ ត្រូវបានគេប្រើសម្រាប់តាមដានការសន្ទនារបស់អាកាសយានិក និង រវាងអាកាសយានិកជាមួយអ្នកគ្រប់គ្រងផ្លូវអាកាសចរណ៍នៅឯព្រលានយន្តហោះ។ យ៉ាងណាមិញ ឧបករណ៍នេះនឹងថតសំឡេងរបស់អាកាសយានិកក្នុងរយៈពេល២៥ម៉ោងចុងក្រោយមុនពេលកើតហេតុ។
FDR (Flight Data Recorder) ៖ ឧបករណ៍នេះ ត្រូវបានគេប្រើសម្រាប់ចាប់យកនូវទិន្នន័យសំខាន់ៗមានដូចជា រយៈកម្ពស់ ល្បឿន កូអរដោនេទីតាំងភូមិសាស្ត្រ មុំរបស់ស្លាបយន្តហោះ សីតុណ្ហភាព សម្ពាធខាងក្នុង និងឥន្ធនៈរបស់យន្តហោះជាដើម។ ប្រអប់ខ្មៅ្មប្រភេទនេះលក្ខណៈធន់ខ្លាំងណាស់ អាចការពារទិន្នន័យខាងក្នុងរហូតដល់កម្តៅរាប់ពាន់អង្សាជាមួយនឹងសម្ពាធយ៉ាងធ្ងន់។
ម៉្យាងវិញទៀត ប្រអប់ខ្មៅ ក៏មានបំពាក់នូវឧបករណ៍ចាប់សញ្ញាក្រោមទឹកផងដែរ ក្នុងករណីធ្លាក់យន្តហោះកណ្តាលសមុទ្រ ឧបករណ៍នេះនឹងបញ្ជូនសញ្ញានៅពេលដែលប៉ះនឹងផ្ទៃទឹក យ៉ាងហោចណាស់គឺរយៈពេល ១ ខែ ទើបវាអស់ថ្ម។ ឧបករណ៍នេះនូវតែអាចផ្តល់សញ្ញាបាន កាលណាវាស្ថិតក្នុងជម្រៅទឹកប្រមាណ ៤,២៦៧ម៉ែត្រ។ 
បន្ទាប់ពីប្រទះឃើញប្រអប់ខ្មៅហើយ ភ្នាក់ងារនឹងយកវាទៅវិភាគនៅឯមន្ទីរពិសោធន៍ ដែលក្រុមអ្នកស៊ើបអង្កេតអាចដឹងពីតម្រុយនៃឧបទ្ទវហេតុ តាមរយៈការវិភាគទិន្នន័យដែលផ្ទុកនៅក្នុងប្រអប់ខ្មៅទាំង២ប្រភេទនោះ។ ចំពោះដំណើរការនៃការវិភាគហេតុការណ៍ គឺអាចប្រព្រឹត្តិទៅរយៈពេលជាច្រើនសប្តាហ៍ឬក៏រាប់ខែ។ 
យ៉ាងណាមិញ នាពេលបច្ចុប្បន្ននេះ ប្រអប់ខ្មៅមិនមែនមានតែនៅក្នុងយន្តហោះទេ វាក៏ត្រូវគេបំពាក់នៅក្នុងរថយន្តប្រភេទមួយចំនួនផងដែរ ដែលត្រូវបានគេស្គាល់ថាជា ប្រអប់ខ្មៅប្រភេទ EDR ដែលមានមុខងារក្នុងការកត់ត្រាទិន្នន័យ ត្រួតពិនិត្យពីប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត ជាពិសេសជាតម្រុយដឹងពីឧបទ្ទវហេតុដែលកើតឡើងដោយប្រការណាមួយផងដែរ៕
		
	









