កញ្ញា លីវ ជីលី Miss Supranational Cambodia 2023 បានបញ្ចេញទស្សនៈរបស់ខ្លួនជុំវិញតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV) ដោយបានលើកឡើងថាក្នុងនាមជាពលរដ្ឋខ្មែរមានសិទ្ធក្នុងការបញ្ចេញមតិថែរក្សាស្រលាញ់ជាតិមាតុភូមិ។ បវរកញ្ញារូបនេះក៏ស្នើសុំឱ្យរាជរដ្ឋភិបាលងាកមើលប្រជាពលរដ្ឋមិនយល់ស្រប និងមានគោលបំណងចង់ឱ្យអ្នកមានធនធានជួយអភិវឌ្ឍន៍លើវិស័យផ្សេងៗដោយមិនពឹងគេ ព្រមទាំងចង់ឱ្យមានបង្គោលព្រំដែនមានរបងច្បាស់លាស់ដើម្បីឱ្យកាន់តែកក់ក្តៅ។
កាលពីល្ងាចថ្ងៃទី២៩ ខែកក្កដា កញ្ញា លីវ ជីលី Miss Supranational Cambodia 2023 និងជា Miss Grand Cambodia 2020 បានលើកឡើងនៅលើបណ្តាញសង្គមរបស់ខ្លួនយ៉ាងដូច្នេះថា «ប្រទេស១ខ្លាំង គឺមានប្រជាជនខ្វល់ខ្វាយរឿងប្រទេសជាតិ (ប្រជាជន សម្បូរទៅដោយចំណេះដឹង ត្រូវសិក្សាអំពីប្រវត្តិសាស្ត្រ ឱ្យបានច្បាស់) ព្រោះយើងមានឈាមជ័រជាខ្មែរបេះដូងជាខ្មែរ មានសិទ្ធិក្នុងការបញ្ចេញមតិ ថែរក្សានូវអ្វីដែលខ្មែរមាន ដូនតាប្រឹងប្រែងខ្លាំងណាស់ទុកកេរ្តិ៍ឱ្យយើងថែរ តាំងពីទឹកដីដ៏ធំទូលាយ ប្រាង្គប្រាសាទ ប្រពៃណីសិល្បៈវប្បធម៌ទំនៀមទំលាប់ និងសម្បត្តិធម្មជាតិជាច្រើនទៀត។ បើយើងមិនស្រលាញ់ជាតិ បានអ្នកណាមកស្រលាញ់ ជាតិមាតុភូមិរបស់យើង(ចង្កឹះ១បាច់គេកាច់មិនបាក់ បើយើងតែម្នាក់គេបំបាក់បាន )(អត់ចូលចិត្តទេវប្បធម៌ច្រែះស៊ីដែក)»។

លីវ ជីលី បានសង្កត់ធ្ងន់ទៀតថា «ក្នុងនាមខ្ញុំជាបរវកញ្ញាមួយរូប ជាពលរដ្ឋមួយនាក់ មានសិទ្ធិក្នុងការបញ្ចេញមតិ ដូចពលរដ្ឋដទៃទៀត សូមរាជរដ្ឋាភិបាលងាកមើលប្រជាពលរដ្ឋដែលមិនយល់ស្របផង»។
ជាមួយនឹងការលើកឡើងខាងលើជុំវិញតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV) លីវ ជីលី បានបង្ហោះសំណេរមួយទៀតថា «ប្រសិនបើ(អ្នកឧកញ៉ា រឺឧកញ៉ា ឬ ឯកឧត្តមលោកជំទាវ មានលទ្ធភាព ជួយអភិវឌ្ឍន៍ផ្លូវថ្នល់ តំបន់ទាំងនោះ កុំពឹងដង្ហើមគេដក រួមទាំងវិស័យសុខាភិបាល និងធ្វើបង្គោលព្រំដែនមានរបងឱ្យច្បាស់លាស់ បងប្អូនយល់យ៉ាងណាដែរ?ប្រៀបបានទៅនឹងផ្ទះយើងរៀងមានសុវត្ថិភាពបន្តិច»។
គួរបញ្ជាក់ផងដែរមុននឹងបវរកញ្ញា លីវ ជីលី បញ្ចេញទស្សនៈជុំវិញតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) គេក៏បានឃើញតារាសម្តែង ឆឹម សក្កដា បង្ហោះសំណេរមួយមិនចង់ឱ្យអ្នកដទៃលូកដៃចូលគ្រួសារយើងខ្លាចគេមិនស្មោះត្រង់ដែលជាសំណេរប្រៀបធៀបទាក់ទងនឹងរឿងនេះដូចគ្នា។ សំណេររបស់តារាសម្តែងរូបនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ពេញប្រទេសក្នុងនោះសម្តេចតេជោ ក៏បានចូលឆ្លើយតបទៅលើការបញ្ចេញមតិរបស់ ឆឹម សក្កដា ដូចគ្នា៕