សហរដ្ឋអាមេរិក៖ ស្ថាបនិកក្រុមហ៊ុនយក្សប្រណីត LVMH គឺលោក Bernard Arnault បានបាត់បង់ទ្រព្យសម្បត្តិច្រើនជាងមហាសេដ្ឋីទាំងអស់នៅលើពិភពលោកក្នុងឆ្នាំ ២០២៤ ដោយធ្លាក់ចុះរហូតដល់ ២០ ពាន់លានដុល្លារអាមេរិក។
យោងតាមស្ថិតិពី Bloomberg ទ្រព្យសម្បត្តិរបស់ម្ចាស់អាណាចក្រទំនិញប្រណីត LVMH Bernard Arnault បានថយចុះចំនួន ២០ ពាន់លានដុល្លារ ចាប់តាំងពីដើមឆ្នាំមក ដែលនេះគឺជាការថយចុះដ៏ធំបំផុតនៅលើពិភពលោក គ្មានមហាសេដ្ឋីណាធ្លាក់ចុះទ្រព្យសម្បត្តិច្រើនជាង Bernard Arnault នោះទេ។
បច្ចុប្បន្នមហាសេដ្ឋីរូបនេះមានទ្រព្យសម្បត្តិសុទ្ធត្រឹមតែ ១៨៨ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ដែលនេះបានធ្វើឱ្យលោកបាត់បង់តំណែងជាអ្នកមានបំផុតនៅលើផែនដី។ កាលពីមុន Bernard Arnault ធ្លាប់ជាប់ឈ្មោះជាមហាសេដ្ឋីមានជាងគេលេខមួយនៅលើពិភពលោក ខណៈ Elon Musk លេខពីរ និងស្ថាបនិក Amazon លោក Jeff Bezos ឈរនៅលេខបី ប៉ុន្តែនៅពេលនេះមហាសេដ្ឋីវ័យ ៧៥ ឆ្នាំរូបនេះក៏បានធ្លាក់មកលេខ ៣ វិញ។ មូលហេតុដែលទ្រពសម្បត្តិរបស់លោកបានធ្លាក់ចុះច្រើនបែបនេះគឺដោយសារតែភាគហ៊ុន LVMH បានធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់ ១៤% ក្នុងរយៈពេល ៦ ខែកន្លងទៅ បន្ទាប់ពីក្រុមហ៊ុនបានប្រកាសពីការខកចិត្តនៃលទ្ធផលអាជីវកម្មនៅត្រីមាសទីពីរ។

សព្វថ្ងៃម៉ាកយីហោប្រណីតកំពុងប្រឈមមុខនឹងការលំបាកដោយសារតែការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសចិន។ នេះគឺជាទីផ្សារអ្នកប្រើប្រាស់ដ៏សំខាន់នៃឧស្សាហកម្មទំនិញប្រណីតពិភពលោក។ សញ្ញានៃការធ្លាក់ចុះដ៏ច្រើនបែបនេះក៏បានមកពីសាជីវកម្មទំនិញប្រណីតផ្សេងទៀតគឺ Burberry Group (UK) និង Richemont (ស្វីស) ផងដែរ។ នៅក្នុងត្រីមាសទី ២ ប្រាក់ចំណូលរបស់ Richemont នៅក្នុងប្រទេសចិនបានថយចុះ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតែ “ទំនុកចិត្តអ្នកប្រើប្រាស់ទាប”។
ទោះជាយ៉ាងណា LVMH នៅតែជាក្រុមហ៊ុនប្រណីតធំបំផុតរបស់ពិភពលោក។ ក្រុមហ៊ុននេះមានម៉ាកសំលៀកបំពាក់ល្បីៗ និងគ្រឿងសំអាងចំនួន ៧០ ដូចជា Sephora, Tiffany & Co, Givenchy, Christian Dior, Dom Perignon និង Moët Hennessy ជាដើម។ នៅឆ្នាំ ២០២១ LVMH បានទិញក្រុមហ៊ុនគ្រឿងអលង្ការ Tiffany & Co ក្នុងតម្លៃជិត ១៦ ពាន់លានដុល្លារ។ នេះត្រូវបានគេចាត់ទុកថាជាកិច្ចព្រមព្រៀងធំបំផុតក្នុងឧស្សាហកម្មប្រណីតក្នុងពិភពលោក។ បច្ចុប្បន្ន Arnault គឺជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន LVMH ដែលលោកមានកូន ៥ នាក់សុទ្ធតែធ្វើការនៅ LVMH ទាំងអស់៕