ដំណឹងល្អសម្រាប់អ្នកដែលចូលចិត្តញ៉ាំម្ទេសហឹរហឹរ! នៅពេលនេះ អ្នកនឹងដឹងហើយថា អ្នកមិនបានញ៉ាំម្ទេសឱ្យហឹរអត់ប្រយោជន៍នោះទេ ផ្ទុយទៅវិញអ្នកបែរជាកំពុងទទួលបានផលវិជ្ជមានលើសុខភាពយ៉ាងច្រើន។ ម្ទេសជាប្រភពនៃវីតាមីន A B C និង E ដែលមានផ្ទុកសារធាតុរ៉ែជាច្រើនដូចជា ម៉ង់ហ្គាណែស អាស៊ីតហ្វូលីក ប៉ូតាស្យូម និងទង់ដែង។ ក្រៅពីធ្វើជាគ្រឿងផ្សំដ៏អស្ចារ្យបំផុតសម្រាប់អាហារ ម្ទេសក៏ត្រូវបានគេប្រើជាថ្នាំក្នុងការព្យាបាលជំងឺជាច្រើនមុខផងដែរ។ ខាងក្រោមនេះគឺជាមុខងារដ៏គួរឱ្យភ្ញាក់ផ្អើលនៃផ្លែម្ទេស៖
១.ជួយការពារជំងឺបេះដូង៖ យោងតាមការស្រាវជ្រាវបានបង្ហាញថា សារធាតុ Capsaicin នៅក្នុងផ្លែម្ទេសអាចកាត់បន្ថយកម្រិត LDL ឬកូឡេស្តេរ៉ុលអាក្រក់ដែលតោងនៅលើជញ្ជាំងសរសៃឈាមដើម្បីជួយសម្រួលចលនាលំហូរឈាមទៅកាន់បេះដូង ព្រមទាំងគ្រប់គ្រងជាតិស្ករក្នុងឈាម និងអាចការពារពីជំងឺដាច់សរសៃឈាមបេះដូងបានយ៉ាងមានប្រសិទ្ធភាព។

២.ជួយការពារជំងឺដំបៅក្រពះ៖ មនុស្សជាច្រើនតែងយល់ច្រឡំថា ការញ៉ាំម្ទេស នឹងធ្វើឱ្យមានបញ្ហាក្រពះ តែបើតាមការសិក្សាស្រាវជ្រាវ ម្ទេស គឺមានអត្ថប្រយោជន៍នឹកស្មានមិនដល់ជាច្រើន ដោយសារសារធាតុ capsaicin អាចការពារមិនឱ្យកើតជំងឺដំបៅក្រពះ និងកាត់បន្ថយការឈឺចាប់នានា ជួយសម្រួលដល់ការរំលាយអាហារបានយ៉ាងល្អ។
៣.ការពារជំងឺមហារីក៖ ការញ៉ាំហឹរអាចបញ្ចៀសអ្នកពីការកើតជំងឺមហារីកបាន ក៏ព្រោះតែសារធាតុ capsaicin ដែលមានក្នុងម្ទេសមានសមត្ថភាពអាចកម្ចាត់ និងបំផ្លាញកោសិកាមហារីកមួយចំនួន ជាពិសេសកោសិកាមហារីកគ្រាប់ឈាម។
៤.ជួយឱ្យសាច់ស្អាត និងកាត់ស្ត្រេស៖ មិនត្រឹមតែជួយឱ្យមានសុខភាពល្អប៉ុណ្ណោះទេ ម្ទេសថែមទាំងធ្វើឱ្យស្បែកស្អាតទៀត ដោយសារវាសម្បូរទៅដោយវីតាមីន E និងវីតាមីន C ដែលសុទ្ធសឹងតែជាសារធាតុជំនួយដល់ស្បែក និងធ្វើឱ្យស្បែកស។ លើសពីនេះវាក៏ជួយកាត់បន្ថយបញ្ហាស្ត្រេសផងដែរ ដោយសារម្ទេស គឺក្ដៅ ពេលដែលញ៉ាំចៀសមិនផុតពីបែកញើសនោះទេ គឺដូចស្ទីមអ៊ីចឹង ត្រង់នេះហើយដែលធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្រាល ព្រោះដូចជាអ្នកកំពុងតែហាត់ប្រាណបញ្ចេញកម្លាំងដែរ។
៥.ជួយឱ្យស្រកគីឡូ៖ ដោយសារតែម្ទេស មានសារធាតុ capsaicin ដែលជាសារធាតុក្ដៅ និងអាចដុតជាតិកាឡូរីក្នុងខ្លួនបានយ៉ាងឆាប់រហ័សអាចធ្វើឱ្យស្រកគីឡូ។ សម្រាប់អ្នកចង់ស្គមអាចសាកល្បងងាកមកញ៉ាំហឹរវិញ បើអ្នកជាមនុស្សដែលចូលចិត្តញ៉ាំហឹរទៀតគឺពិតជាល្អណាស់ ព្រោះមិនសូវភ័យរឿងឡើងគីឡូ៕