បឹង Kivu គឺជាបឹងដ៏ធំសម្បើមមួយក្នុងចំណោមបឹងធំៗទាំងអស់នៅលើពិភពលោកដែលមានទេសភាពស្រស់ស្អាត ប៉ុន្តែបឹងនេះក៏ជាប់ឈ្មោះជាបឹងដែលគ្រោះ.ថ្នាក់បំផុតក្នុងលោកផងដែរ ដោយសារវាពោរពេញទៅដោយកាបូនឌីអុកស៊ីត (CO2) និងមេតាននៅក្នុងទឹកយ៉ាងជ្រៅដែលងាយនឹងផ្ទុះ។ បឹង Kivu ស្ថិតនៅសាធារណរដ្ឋកុងហ្គោនៃទ្វីបអាហ្រ្វិក បច្ចុប្បន្នកំពុងគំរាមកំហែងដល់ជីវិតមនុស្ស ២ លាននាក់ដែលរស់នៅជុំវិញបឹង។ ប្រសិនបើតំបន់នោះមានការរញ្ជួយដី បឹងនឹងផ្ទុះបណ្តាលឱ្យមនុស្សរាប់លាននាក់បាត់.បង់ជីវិត។
ក្រៅពីបឹង Kivu ក៏មានបឹងពីរផ្សេងទៀតនៅក្នុងទ្វីបអាហ្រ្វិកផងដែរ ដែលបឹងទាំងពីរនេះមានសមាសធាតុគីមីគ្រោះ.ថ្នាក់ខ្លាំងធ្លាប់ផ្ទុះក្នុងរយៈពេល ៤០ ឆ្នាំចុងក្រោយនេះ ដែលបានសម្លាប់មនុស្សសរុបជិត ១,៨០០ នាក់និងសត្វរាប់ពាន់ក្បាល ។ បឹង Kivu មានប្រវែង ៩០ គីឡូម៉ែត្រ ទទឹង ៥០ គីឡូម៉ែត្រ និងជម្រៅ ៤៧៥ ម៉ែត្រដែលគ្របដណ្តប់លើផ្ទៃដីសរុបប្រហែល ២,៧០០ គីឡូម៉ែត្រការ៉េ។ បឹងនេះមានរចនាសម្ព័ន្ធស្រទាប់ខុសពីធម្មតា ដោយមានតែកំពូលទឹក ៦០ ម៉ែត្រលាយគ្នាជាប្រចាំ ស្រទាប់ខាងក្រោមនៃទឹកតែងតែនៅទ្រឹង នេះបើយោងតាមការស្រាវរបស់លោក Sergei Katsev សាស្ត្រាចារ្យផ្នែករូបវិទ្យា និងភូមិសាស្ត្រគីមីនៅសាកលវិទ្យាល័យ Minnesota Duluth ។
នៅក្នុងទឹកបឹង Kivu មានផ្ទុកឧស្ម័នកាបូនិក និងមេតានដែលកកកុញនៅបាតជម្រៅជាង ២៦០ ម៉ែត្រ។ នេះធ្វើឱ្យបឹងពោរពេញទៅដោយឧស្ម័នអ៊ីដ្រូសែនស៊ុលហ្វីត ពីជម្រៅជ្រៅក្នុងសំបកផែនដី ជាហេតុធ្វើឱ្យកម្រិតខ្ពស់នៃកាបូនឌីអុកស៊ីត និងមេតាននៅក្នុងទឹកផ្ទុះយ៉ាងលឿននៅតាមតំបន់លំនៅដ្ឋានដែលមានប្រជាជនរស់នៅច្រើនកុះករ។ យោងតាមលោក Philip Morkel វិស្វករ និងជាស្ថាបនិកក្រុមហ៊ុន Hydragas Energy ដែលជាក្រុមហ៊ុនកាណាដា បាននិយាយថា នៅពេលផ្ទុះបឹងនឹងអាចបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប្រចាំឆ្នាំចំនួន ៥% នៃពិភពលោកក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ។ 
ដូច្នេះអត្រាមរណភាពពីការផ្ទុះបែបនេះនឹងធំសម្បើមដែលបណ្តាលឱ្យប្រជាជនប្រហែល ២ លាននាក់រស់នៅលើច្រាំងនៃបឹង Kivu ស្លាប់ក្នុងរយៈពេលមួយនាទី។ ហេតុនេះការប៉ាន់ប្រមាណហានិភ័យនៃការផ្ទុះគឺមានកត្តាជាច្រើនដែលមិនអាចទាយទុកជាមុនបាន ជាហេតុធ្វើឱ្យបឹង Kivu ត្រូវបានគេដាក់ឈ្មោះថាជាបឹងដ៏គ្រោះ.ថ្នាក់បំផុតក្នុងលោក។ ទោះជាយ៉ាងណាសព្វថ្ងៃនេះអ្នកវិទ្យាសាស្ត្រកំពុងចាប់ផ្តើមជីកយករ៉ែមេតាន ដោយមានគោលបំណងកាត់បន្ថយហានិភ័យនៃការផ្ទុះ ខណៈពេលដែលវាក៏អាចផ្តល់ថាមពលដល់បណ្តាញអគ្គិសនីរបស់ប្រទេសផងដែរ៕










