ប្រទេសឥណ្ឌា ៖ ប្រទេសឥណ្ឌាបានដំាំអំពៅយ៉ាងច្រើនសម្រាប់ផលិតស្ករនាំចេញទៅក្រៅប្រទេស និងទទួលបានចំណូលជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ ប៉ុន្តែឥណ្ឌាគ្មានវិធីកម្ចា.ត់ កាកអំពៅយ៉ាងច្រើនមហាសាលឡើយ ក្រោយពីការផលិតស្កររួច ។ ថ្ងៃនេះ សារព័ត៌មាន KBN សូមបង្ហាញលោកអ្នកអំពីអាជីវកម្មរបស់ជនជាតិឥណ្ឌាម្នាក់ដែលមានគំនិតថ្មី គឺយកកាកអំពៅមកផលិតជាចានប្រើប្រាស់ជំនួសចានផ្លាស្ទិក ។
កាកអំពៅគរដូចភ្នំទាំងនេះ គឺបានប្រមូលពីកន្លែងរោងចក្រចម្រាញ់យកទឹកអំពៅ ឬយកស្ករចេញពីអំពៅ ។ ក្នុង១ឆ្នាំៗ ប្រទេសឥណ្ឌាបានដំាំអំពៅច្រើនបំផុត ស្ថិតក្នុងលំដាប់ទី២ លើពិភពលោក និងអាចផលិតស្ករនាំចេញទៅក្រៅប្រទេសស្មើជាង១០លានតោនក្នុង១ឆ្នាំ ។ កាលពីឆ្នាំ២០២០ ឥណ្ឌាបានផលិតស្ករលក់រហូតដល់២៥លានតោនឯណោះ ។
ហេតុនេះ វាធ្វើឱ្យមានកាកសំណល់អំពៅរាប់លានតោននៅប្រទេសឥណ្ឌា ក្រោយពីការបញ្ជូនអំពៅទៅក្នុងរោងចក្រផលិតស្ករ ។ តាមធម្មតា កាកសំណល់អំពៅកើតឡើងពីការផលិតស្ករ ត្រូវបានគេយកទៅដុតដើម្បីធ្វើជាថាមពលអគ្គិសនី ប៉ុន្តែលោក វេកព្រីសាណាក់ នាយកក្រុមហ៊ុនមួយនៅឥណ្ឌា មានគំនិតថ្មីលើសពីនេះ គឺលោកបានយកកាកអំពៅយ៉ាងច្រើនមកប្រើប្រាស់ឡើងវិញឱ្យក្លាយជាប្រយោជន៍ខ្ពស់បំផុត ។
វាជាការបន្តអាជីវកម្មពីឪពុក-ម្តាយរបស់លោក ដែលធ្លាប់យកកាកអំពៅមកកែច្នៃធ្វើជាក្រដាស ។ លោកបានប្រមូលកាកអំពៅទាំងនេះមកផលិតជាសម្ភារៈប្រើប្រាស់ផ្សេងៗ ដូចជា ៖ ចានបាយ និងចានសម្ល ហើយលោកនៅតែបន្តអាជីវកម្មរបស់ក្រុមគ្រួសារលោក ដោយផ្តោតចម្បងលើការការពារបរិស្ថាន ។
លោក វេកព្រីសាណាក់ បានចំណាយពេលសាកល្បងអស់ជាច្រើនឆ្នាំ ដើម្បីយកកាកអំពៅមកផលិតជាចានបាយ, ចានសម្ល និងថាសដាក់អាហារ ក្នុងគោលបំណងប្រើប្រាស់សម្ភារៈទាំងនេះឱ្យមានប្រយោជន៍ដូចផ្លាស្ទិក ។ ក្រៅពីនេះ ដំណើរផលិតសម្ភារៈប្រើប្រាស់ទាំងអស់ គឺពុំប៉ះពាល់បរិស្ថានឡើយ ដោយសារពុំប្រើប្រាស់សារធាតុគីមី ។
លោកនិយាយថា ការប្រើប្រាស់សម្ភារៈពីកាកអំពៅ គឺជាជម្រើសថ្មីសម្រាប់អតិថិជន និងភោជនីយដ្ឋានដែលមានគំនិតស្រឡាញ់បរិស្ថានដូចរូបលោក គឺកាត់បន្ថយ និងឈប់ប្រើប្រាស់ផលិតផលផ្លាស្ទិក ពីព្រោះសំរាមបានក្លាយជាបញ្ហាយ៉ាងធំរបស់ឥណ្ឌា ។ តម្លៃថាសដាក់ម្ហូបអាហារផលិតពីកាកអំពៅ គឺស្មើនឹង១០រូពី និងថ្លៃជាងចានផ្លាស្ទិក ចំនួន២រូពី ប៉ុន្តែអតិថិជនពេញនិយមប្រើប្រាស់សម្ភារៈពុំប៉ះពាល់បរិស្ថានទាំងនេះ ។
ចាប់តាំងពីក្រុមហ៊ុននេះលក់សម្ភារៈផលិតពីកាកអំពៅមកឃើញថា មានភោជនីយដ្ឋានទូទាំងប្រទេសឥណ្ឌា រហូតដល់ជាង៣ពាន់កន្លែង កុម្ម៉ង់ទិញសម្ភារៈទាំងនេះ ។ ប៉ុន្តែចំនួនការកុម្ម៉ង់ទិញបានធ្លាក់ចុះក្នុងអំឡុងពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត កន្លងមក ។ ទោះយ៉ាងណា វាពុំបានធ្វើឱ្យលោក វេកព្រីសាណាក់ បោះបង់ការព្យាយាមឡើយ ផ្ទុយទៅវិញ លោកនៅតែបន្តអាជីវកម្មនេះ និងលក់សម្ភារៈតាមអនឡាញ ៕










