ប្រទេសថៃ ៖ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ពលរដ្ឋថៃភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពេលឃើញព្រះពុទ្ធបដិមា១អង្គ ដែលបាត់អស់រយៈពេល៤ឆ្នាំហើយ បានអណ្តែតឈរនៅកណ្តាលទំនប់ទឹកក្នុងថ្ងៃចូលវស្សា ។ ព្រះចៅអធិការវត្តមានសង្ឃដីកាថា ៖ «ពិតជាគួរឱ្យចម្លែកខ្លាំងណាស់ ដែលព្រះពុទ្ធបដិមាអណ្តែតឈរបែបនេះ ពីព្រោះនៅកណ្តាលទំនប់ទឹកមានខ្យល់បក់ខ្លាំង និងទឹកជ្រៅផងដែរ» ។.jpg)
ព្រះសង្ឃថៃ១អង្គ ដែលមានព្រះនាមក្នុងហ្វេសប៊ុកថា Wut Sut បានសរសេរថា ៖ «ពិតជាអស្ចារ្យខ្លាំងណាស់ ព្រះពុទ្ធបដិមាបានអណ្តែតឈរនៅកណ្តាលទំនប់ទឹកក្នុងថ្ងៃចូលវស្សា ។ អ្នកស្រុកបានឃើញពេលជិះទូកទៅរកត្រី ហើយក៏មកជម្រាបព្រះសង្ឃឱ្យទៅមើលព្រះពុទ្ធបដិមា និងយកមកតម្កល់នៅវត្ត» ។
អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ទៀតបានរៀបរាប់រឿងរ៉ាវពុំគួរឱ្យជឿថា ពេលអ្នកស្រុកជិះទូកទៅរកត្រី ស្រាប់តែឃើញព្រះពុទ្ធបដិមាអណ្តែតឈរនៅកណ្តាលទំនប់ទឹកក្នុងថ្ងៃចូលវស្សា គឺថ្ងៃទី២១ ខែកក្កដា ។ ទំនប់ទឹកនេះស្ថិតនៅឃុំប្លាឡូ ស្រុកវ៉ារ៉េឆាភូមិ ខេត្តសាគុនណាខន ហើយធ្វើឱ្យអ្នកស្រុកឆ្ងល់ថា ព្រះពុទ្ធបដិមាអង្គនេះធ្វើពីលោហៈមានទម្ងន់ធ្ងន់ណាស់ ហេតុអ្វីពុំលិចក្នុងទឹក? ប៉ុន្តែបែរជាឈរត្រង់ដូចនៅលើដីរាបស្មើ ។.jpg)
ហេតុនេះ ព្រះសង្ឃ និងអ្នកស្រុកក៏បានធ្វើពិធីអញ្ជើញព្រះពុទ្ធបដិសេធនេះទៅគង់នៅវត្តដយថេបនិមិត្ត ស្ថិតនៅស្រុកនិឃមណាមអ៊ូន ខេត្តសាគុនណាខន ។ ព្រះចៅអធិការវត្តដយថេបនិមិត្ត មានសង្ឃដីកាថា កាលពី២០ឆ្នាំមុន អតីតអភិបាលក្រុងផាំងខូន បានប្រគេនព្រះពុទ្ធបដិមានេះដល់វត្តដយថេបនិមិត្ត ។ ក្រោយមក ព្រះសង្ឃក្នុងវត្តនេះ១អង្គបានផ្លាស់ទៅចាំវស្សានៅវត្តភូក្រាក់ទែ នៅឃុំណាណៃ ស្រុកផាន់ណានិឃម ហើយក៏សុំអនុញ្ញាតចៅអធិការវត្តយកព្រះពុទ្ធបដិមានេះទៅតម្កល់នៅវត្តនោះដែរ ។
ប៉ុន្តែ៤ឆ្នាំមុន ក៏ឮដំណឹងថា ព្រះពុទ្ធបដិមានេះបាត់ពីវត្ត និងពុំដឹងថា បាត់ដោយរបៀបណាទេ ។ រហូតដល់ថ្ងៃចូលវស្សា ឆ្នាំ២០២៤ ស្រាប់តែអ្នកស្រុកឃើញព្រះពុទ្ធបដិមាអណ្តែតនៅកណ្តាលទំនប់ទឹកទៅវិញ ។ ព្រះចៅអធិការវត្តមានសង្ឃដីកាថា ៖ «ទឹកក្នុងទំនប់នេះជ្រៅណាស់ គឺមានជម្រៅចាប់ពី២០ម៉ែត្រ ទៅ៣០ម៉ែត្រ ។ គ្មានអ្នកណាដឹងថា ហេតុអ្វីទើបព្រះពុទ្ធបដិមាអណ្តែតឈរបែបនេះ ឬព្រះអង្គចង់មកគង់នៅវត្តចាស់វិញ» ៕










