កាលពីថ្ងៃទី ២៨ ខែកក្កដានេះ គ្រោះរញ្ជួយដីនៅឯប្រទេសវៀតណាមបានរីករាលដាលដល់ខេត្តរតនគិរី ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋខ្មែរ ព្រោះថាកម្ពុជាអាចនិយាយបានថាមិនដែលកត់ត្រាអំពីគ្រោះរញ្ជួយដី នៅក្នុងប្រវត្តិសាស្រ្តនោះទេ។ ប៉ុន្តែយ៉ាងណាមិញ អ្វីដែលគួរឲ្យកត់សម្គាល់នោះ បឹងយក្សឡោមក្នុងខេត្តរតនគីរី គឺជាស្នាកស្នាមនៃបំផ្ទុះភ្នំភ្លើងដ៏ធំមួយ កាលពីរាប់សែនឆ្នាំមុន។
គ្រោះរញ្ជួយដីកម្រិត ៥,១ រ៉ិចទ័រ បានវាយប្រហារនៅក្នុងខេត្ដ Kon Tum ក្នុងប្រទេសវៀតណាម កាលពីថ្ងៃទី២៨ ខែកក្កដា ហើយវាក៏បានរីករាលរាលដាលដល់ខេត្តប្រទេសផ្សេងៗដូចជា ខេត្ត Ubon Ratchathani និង Sakon Nakhon នៃប្រទេសថៃនិង ខេត្តរតនគិរី នៃប្រទេសកម្ពុជា។ នៅឯរតនគិរី ប្រជាពលរដ្ឋបានរាយការណ៍ថា ហេតុការណ៍នេះបានបណ្តាលឲ្យរង្គើដី និងញ័រផ្ទះ តែមួយភ្លែតប៉ុណ្ណោះនៅស្រុកអូរយ៉ាដាវ បរកែវ អណ្ដូងមាស ក្រុងបានលុង។ ប៉ុន្ដែវាមិនបានធ្វើឱ្យខូចខាតទ្រព្យសម្បត្ដិ ឬរបួសស្នាមអ្វីឡើយ»។
ការរញ្ជួយដី គឺជារំញ័រដែលធ្វើចលនាដោយសិលានៅខាងក្រោមនៃផ្ទៃផែនដី។ មូលហេតុដែលបណ្ដាលឲ្យមានរញ្ជួយដី គឺដោយសារតែការបញ្ចេញនូវថាមពលដែលធ្វើឲ្យកើតមានរំញ័រដែលស្ថិតនៅផ្ទៃខាងក្រោម។ នៅពេលដែលផ្លាកពីរមានចលនារអិលជ្រួសគ្នា ពួកវានឹងមានស្អិតជាប់គ្នាបន្ដិចម្ដងៗ ខណៈដំណើរការនេះនៅតែបន្ដកើតមានរហូត នៅពេលផ្លាកកាន់តែស្អិតជាប់គ្នាកាន់ច្រើនទៅ វានឹងកើតមាននូវសម្ពាធ ដែលធ្វើឲ្យមានលំញ័រកើតឡើង។ ទោះជាយ៉ាងណា កម្ពុជាគឺជាប្រទេសស្ថិតនៅតំបន់មួយដែលរឹងមាំក្នុងដែនអាស៊ី និងមិនងាយរងគ្រោះដោយគ្រោះរញ្ជួយដីនោះទេ ដែលផ្ទុយពីហ្វីលីពីននិងឥណ្ឌូណេស៊ី។
នេះគឺជាលើកទី១ ហើយនៅកម្ពុជា ដែលកើតមានរញ្ជួយដី ខណៈកាលពីពេលកន្លងទៅនេះ ក៏ធ្លាប់មានតែការកត់ត្រាអំពីបំផ្ទុះភ្នំភ្លើងដែលបានបង្កើតបឹងយក្សឡោមកាលពីប្រមាណ ៧០ម៉ឺនឆ្នាំមុន។ បឹងនោះមានអង្កត់ផ្ចិតប្រហែល ៨០០ ម៉ែត្រ និងជម្រៅរហូតដល់ ៤៨ ម៉ែត្រ៕










