ប្រទេសឥណ្ឌា ៖ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មាន BBC រាយការណ៍ថា បុរសឥណ្ឌាម្នាក់ឈ្មោះ Raju Gound បានធ្វើការក្នុងអណ្តូងរ៉ែអស់រយៈពេលជាង១០ឆ្នាំហើយ ថែមទាំងជំពាក់បំណុលគេជុំទិសទៀតផង ។ ប៉ុន្តែវាសនារបស់លោកបានផ្លាស់ប្តូរភ្លាមៗ ក្រោយពីរកឃើញពេជ្រចំនួន១៩.២២ការ៉ាត់ ក្នុងអណ្តូងរ៉ែនៅរដ្ឋ Madhya Pradesh ភាគកណ្តាលប្រទេសឥណ្ឌា ដែលស្មើទឹកប្រាក់ប្រមាណ៨លានរូពី (ឬស្មើ៩៥.៥៥៧ដុល្លារអាមេរិក) ។.jpg)
លោក Raju និយាយមកកាន់ប្រព័ន្ធផ្សព្វផ្សាយ BBC ថា លោកបានជួលអណ្តូងរ៉ែក្នុងទីក្រុង Panna អស់រយៈពេលជាង១០ឆ្នាំ ហើយលោកសង្ឃឹមថា នឹងរកឃើញពេជ្រនៅទីក្រុង Panna ដែលល្បីល្បាញថាសម្បូរពេជ្រ ។ លោកបន្តថា មានមនុស្សជាច្រើនទៀតបានជួលអណ្តូងរ៉ែតម្លៃថោកពីរដ្ឋាភិបាល ដើម្បីស្វែងរកត្បូងមានតម្លៃ ។ ក្រៅពីនេះ ក្រុមហ៊ុនអភិវឌ្ឍន៍រ៉ែជាតិរបស់រដ្ឋាភិបាល ក៏បានអនុញ្ញាតឱ្យពលរដ្ឋ និងក្រុមសហគមន៍ជួលអណ្តូងរ៉ែដែរ ថែមទាំងមានឧបករណ៍ឱ្យប្រើប្រាស់ទៀតផង ។
លោកបន្តទៀតថា កាលពី២ខែមុន ឪពុករបស់លោកបានជួលអណ្តូងរ៉ែក្នុងភូមិមួយនៅក្បែរទីក្រុង Panna ។ គ្រួសារលោកតែងតែជួលអណ្តូងរ៉ែនៅរដូវប្រាំង ព្រោះវាជាពេលទំនេរពីការងារកសិកម្ម និងធ្វើឥដ្ឋ ហើយគ្រួសារលោកក្រីក្រខ្លាំងណាស់ គ្មានប្រាក់ចំណូលផ្សេងឡើយ ។ ដូច្នេះ គ្រួសារលោកក៏នាំគ្នាធ្វើការក្នុងអណ្តូងរ៉ែ ដើម្បីមានប្រាក់ចំណូលមកផ្គត់ផ្គង់ជីវភាពគ្រួសារ ។
នៅថ្ងៃទី២៧ ខែកក្កដា លោកបានមកធ្វើការក្នុងអណ្តូងរ៉ែតាមធម្មតា ហើយលោកក៏បានជីកដី និងលើកដុំដីលាយថ្មយកមកលាងក្នុងកញ្ច្រែង ។ បន្ទាប់មក លោកបានពិនិត្យថ្មតូចៗរាប់ពាន់ដុំយ៉ាងប្រុងប្រយ័ត្នដើម្បីរកមើលពេជ្រ ស្រាប់តែឃើញអ្វីម្យ៉ាងស្រដៀងកំទេចកែវ និងមានពន្លឺចែងចាំង ។ លោកដឹងភ្លាមថា វាជាគ្រាប់ពេជ្រ រួចហើយក៏យកពេជ្រនេះទៅឱ្យការិយាល័យត្រួតពិនិត្យពេជ្ររបស់រដ្ឋាភិបាលពិនិត្យ ។
មន្ត្រីការិយាល័យត្រួតពិនិត្យពេជ្របានយកគ្រាប់ពេជ្រនេះមកថ្លឹងបានចំនួន១៩.២២ការ៉ាត់ ដែលស្មើទឹកប្រាក់ប្រមាណ៨លានរូពី (ឬស្មើ៩៥.៥៥៧ដុល្លារអាមេរិក) ។ លោកសង្ឃឹមថា នឹងយកប្រាក់បានពីការលក់ពេជ្រយកទៅសាងសង់ផ្ទះឱ្យគ្រួសារលោករស់នៅ និងបង់ថ្លៃសាលាឱ្យកូនៗ ។ បន្ទាប់មក លោកយកប្រាក់ទៅសងបំណុលគេ ស្មើជាង៥សែនរូពី (ឬជាង៦ពាន់ដុល្លារអាមេរិក) ។.jpg)
លោកមិនខ្លាចគេដឹងថា លោករកឃើញគ្រាប់ពេជ្រទេ ហើយលោកតាំងចិត្តថា នឹងបែងចែកប្រាក់ដែលបានមកនេះ ទៅឱ្យសាច់ញាតិរបស់លោកចំនួន១៩នាក់ផងដែរ ។ លើសពីនេះ លោកនឹងទៅស្វែងរកពេជ្រនៅអណ្តូងរ៉ែបន្តទៀត ។
ចំណែកមន្ត្រីការិយាល័យពេជ្ររដ្ឋាភិបាលឥណ្ឌាបាននិយាយមកកាន់ BBC ថា បើពលរដ្ឋរកឃើញត្បូង ត្រូវប្រគល់វាទៅឱ្យការិយាល័យពេជ្ររបស់រដ្ឋាភិបាល ដើម្បីវាយតម្លៃបន្តទៀត ។ អណ្តូងរ៉ែទាំងនេះមានតម្លៃជួល ចាប់ពី២០០រូពី ទៅ២៥០រូពី និងអាស្រ័យតាមពេលវេលាកំណត់ ។ កាលពីឆ្នាំ២០១៨ អ្នកធ្វើការក្នុងអណ្តូងរ៉ែក្នុងទីក្រុង Panna បានរកឃើញពេជ្រស្មើទឹកប្រាក់១៥លានរូពី ប៉ុន្តែការរកឃើញពេជ្រនេះកម្រកើតឡើងណាស់ ៕.jpg)










