តារាសម្តែង ឆឹម សក្កដា ជាគូដណ្តឹងតារាចម្រៀង ពេជ្រ សោភា បានធ្វើឱ្យមានការចាប់អារម្មណ៍ទូទាំងប្រទេសពីសំណាកមហាជន អ្នកក្នុងចង្កោមសិល្បៈចែករំលែកបន្តបន្ទាប់ពីលោកបានបង្ហោះសំណេរមួយក្នុងន័យប្រៀបធៀបហើយមានអត្ថន័យជា្រលជ្រៅ។ មិនត្រឹមតែមានការចាប់អារម្មណ៍ពេញប្រទេសប៉ុណ្ណោះទេ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាលោកក៏បានចូលទៅឆ្លើយតបនិងពន្យល់បន្ថែមទៀតនិងធានាអះអាងថា ទឹកដីកម្ពុជាមិនត្រូវបានកាត់ឱ្យទៅប្រទេសវៀតណាមដូចគេចោ.ឡើយ។
កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ តារាសម្តែង ឆឹម សក្កដា បានបង្ហោះសំណេរមួយថា «ពុក កូនពិតជាចង់ឱ្យគ្រួសារយើងអភិវឌ្ឍន៍ តែកូនពិតជាខ្លាចបើឱ្យអ្នកដទៃមកលូកដៃចូលគ្រួសារយើង ព្រោះកូនខ្លាចគេមិនត្រង់ដូចយើង គេមកជួយយើងដើម្បីសម្លឹង ឃើញអ្វីមួយពីយើង។ កូនទ្រាំរស់ស៊ីអត់ស៊ីឃ្លានជាមួយបងប្អូនក្រុមគ្រួសារយើង ក៏កូនៗមិនចង់ស៊ីឆ្ងាញ់ តែដេកមិនស្រួលក្នុងចិត្តមិនស្ងប់នោះដែរពុក ។ កូនដឹងថាពុកមិនចង់ឱ្យកូនៗលំបាក កូនស្រលាញ់ទឹកចិត្តលោកពុក តែកូនៗសន្យាថា នឹងខំអភិវឌ្ឍន៍ខ្លួន មិនឱ្យពុកបារម្ភទេ សុំតែម្យ៉ាង សុំឱ្យគ្រួសារយើងប្រឹងដោយខ្លួនឯង ទោះយឺតបន្ដិចក៏កូនៗសប្បាយចិត្ត ទោះហូបតែប្រហុកផ្អក ក៏មានរសជាតិឆ្ងាញ់ ឱ្យតែគ្រួសារយើងមានសុភមង្គល។ ដោយការគោរពពីកូនៗ»។

សំណេររបស់លោក ឆឹម សក្កដា បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន អ្នកក្នុងចង្កោមសិល្បៈចែករំលែកជាបន្តបន្ទាប់មិនដល់២៤ម៉ោងផង មានការចាប់អារម្មណ៍ភ្លូកទឹកភ្លូកដី ចែករំលែកជាង១៦K ការបញ្ចេញមតិ៤ពាន់ និងការចុច Like ជិត៣០ម៉ឺន។ មិនត្រឹមតែមានការចាប់អារម្មណ៍ពីមហាជន ប៉ុណ្ណោះទេ ប៉ុន្តែសំណេររបស់តារាសម្តែងរូបនេះបានដឹងឮទៅដល់សម្តេចតេជោ ហ៊ុន សែន លោកក៏ចូលមកខម្មិនពន្យល់បន្ថែមទៀត។ សម្តេច បានសរសេរនៅលើការបង្ហោះរបស់លោក ឆឹម សក្កដា ថា «ពុកបានបកស្រាយអស់២ម៉ោងសង្ឃឹមថាកូនយល់។ ទឹកដីកម្ពុជាមិនត្រូវបានកាត់ឱ្យទៅប្រទេសវៀតណាមដូចគេចោទ មិនបានយកទៅជាភាគហ៊ុនជាមួយវៀតណាមឬឡាវ។ ប្រទេសនីមួយៗគ្រប់គ្រងលើអធិបតេយ្យភាពរៀងៗខ្លួន អនុវត្តច្បាប់ប្រទេសរៀងៗខ្លួន។ ប្រជាជនយើងក៏មិនអាចចូលទៅវៀតណាមឡាវដោយគ្មានការអនុញ្ញាតិ។ ឯប្រជាជនវៀតណាមនិងឡាវក៏មិនអាចចូលមកប្រទេសយើងដោយគ្មានការអនុញ្ញាតិ»។
សម្តេចតេជោ បានគូសបញ្ជាក់ថា «កិច្ចសហការរបស់យើងប្រម៉ូលផ្តុំលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មហេដ្ឋារចនាសម្ពន័ ដឹកជញ្ជូន សន្តិសុខ។ បើកូនអាចស្តាប់ឡើងវិញនូវការពន្យល់របស់ពុកកូននឹងកាន់តែយល់។ ពុកទើបត្រឡប់មកពីវៀតណាមល្ងាចម៉ិញនេះ
(26/7/2024)ដែលម្សិលមិញនេះពុកចរចាជាមួយថ្នាក់ដឹកនាំវៀតណាមសុំឱ្យភាគីវៀតណាមបន្ថែមការលក់ភ្លើងឱ្យយើងដោយដំឡើងពី២៥០មេហ្រ្គាវ៉ាត់ដល់៤០០មេហ្រ្គាវ៉ាត់ដែលភាគីវៀតណាមយល់ព្រម។ យើងផលិតភ្លើងមិនទាន់គ្រប់ឯឡាវផ្គត់ផ្គង់ឱ្យយើងមិនទាន់តាមកិច្ចសន្យា។ ការខិតខំរកទីផ្សារឱ្យប្រជាជនយើងកាន់តែចាំបាច់ដែលត្រូវការសម្រួលពាណិជ្ជកម្មឱ្យបានល្អជាមួយប្រទេសជិតខាង ពិសេសតំបន់ភូមិភាគឥសាន្តរបស់យើងដែលខ្វះ ផ្លូវដឹកជញ្ជូនខ្វះអគ្គីសនីនិងខ្វះទីផ្សារ»។
សម្តេចបានអះអាងទៀតថា «២៥ឆ្នាំកន្លងមកហើយតើយើងមានបាត់បង់ទឹកដីនៅកន្លែងណាទេគឺអត់ទេតែយើងបានបោះបង្គោលព្រំដែនដល់មុំ៣កម្ពុជា ឡាវវៀតណាមថែមទៀតផង។ ពុកទទួលយកការកង្វល់និងការព្រួយបារម្ភរបស់កូននិងប្រជាជនយើងដោយសារកត្តាប្រវត្តិសាស្រ្តទើបប្រឹងប្រែងបោះបង្គោលព្រំដែនឱ្យរឹងមាំជាមួយប្រទេសជិតខាងដើរទន្ទឹមនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង»៕