ប្រទេសចិន ៖ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា មានវីដេអូមួយកំពុងល្បីល្បាញយ៉ាងខ្លាំងក្នុងបណ្តាញសង្គមប្រទេសចិន គឺមាននារីមគ្គុទ្ទេសក៍ទេសចរចិនម្នាក់ខឹងសម្បារខ្លាំងពេក ក៏ស្រែកជេ.រ ភ្ញៀវទេសចរចំនួន៥២នាក់នៅលើរថយន្ត ដោយសារភ្ញៀវទេសចរទាំងនេះចំណាយប្រាក់ទិញអីវ៉ាន់តិចពេក ។ បន្ទាប់មក នាងក៏បណ្តេញភ្ញៀវទេសចរឱ្យចុះទៅទិញអីវ៉ាន់បន្ថែមទៀត ។
ក្រោយពីវីដេអូនេះត្រូវបានគេចែកចាយ និងល្បីល្បាញពេញបណ្តាញសង្គម អាជ្ញាធរចិនក៏ប្រញាប់ស៊ើបអង្កេតនារីមគ្គុទ្ទេសក៍ទេសចររូបនេះ ដែលបានប្រើប្រាស់អាកប្បកិរិយាពុំសមរម្យយ៉ាងខ្លាំងដាក់ភ្ញៀវទេសចរ ។.jpg)
សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហ៊ុនទេសចរណ៍មួយរបស់ចិនបានរៀបចំកម្មវិធីនាំភ្ញៀវទេសចរមកកម្សាន្តនៅទីក្រុងធានជីន ប៉ុន្តែនារីមគ្គុទ្ទេសក៍ទេសចរខាងលើបែរជាខឹងសម្បារយ៉ាងខ្លាំង ហើយស្រែកជេរភ្ញៀវទេសចរចំនួន៥២នាក់ដែលជិះក្នុងរថយន្ត ក្រោយពីនាងនាំភ្ញៀវទេសចរទាំងនេះចុះពីរថយន្តមកទិញអីវ៉ាន់ក្នុងទីក្រុងថៃយួន ប៉ុន្តែភ្ញៀវទេសចរទិញអីវ៉ាន់អស់ប្រាក់ត្រឹមតែ៩០០យាន់ប៉ុណ្ណោះ (ឬស្មើជាង១៥២ដុល្លារអាមេរិក) ។
ហេតុនេះ វាបានធ្វើឱ្យនារីមគ្គុទ្ទេសក៍ទេសចរខឹងយ៉ាងខ្លាំង គ្រប់គ្រងអារម្មណ៍លែងបាន ហើយក៏ស្រែកជេរភ្ញៀវទេសចរមួយចាស់ដៃ ។ នាងនិយាយថា ភ្ញៀវទេសចរនៅលើរថយន្តនេះមានរហូតដល់៥២នាក់ ប៉ុន្តែបែរជាចំណាយប្រាក់សរុបទិញអីវ៉ាន់ ត្រឹមតែជាង១៥២ដុល្លារអាមេរិកប៉ុណ្ណោះ ។.jpg)
នាងបន្តថា ៖ «ពួកអ្នកសុទ្ធតែជាមនុស្សចាស់ៗ ខ្ញុំពុំដឹងថា ពួកអ្នកមានរឿងអ្វីកើតឡើងទេ ។ ប៉ុន្តែពួកអ្នកធ្វើបែបនេះចាត់ទុកថា ពុំបានផ្តល់កិត្តិយសដល់អ្នករស់នៅទីក្រុងថៃយួនឡើយ វាគួរឱ្យអាម៉ាស់មុខខ្លាំងណាស់» ។
បន្ទាប់មក នាងក៏ដេញឱ្យភ្ញៀវទេសចរដែលពុំទាន់បានទិញអីវ៉ាន់អ្វីសោះជាប់ខ្លួន ឱ្យចុះទៅទិញអីវ៉ាន់មិនក្រោមទឹកប្រាក់២.០០០យាន់ (ឬស្មើជាង២៧៧ដុល្លារអាមេរិក) ។ នាងប្រាប់ថា ពេលភ្ញៀវទេសចរទិញអីវ៉ាន់រួចហើយ ចាំឡើងជិះរថយន្តវិញ ។
ភ្ញៀវទេសចរម្នាក់ដែលជិះក្នុងរថយន្តនេះប្រាប់ថា ពេលជិះរថយន្តមកដល់តំបន់ទេសចរណ៍ រថយន្តក៏បានចតឱ្យភ្ញៀវទេសចរទិញអីវ៉ាន់ ប៉ុន្តែភ្ញៀវទេសចរទាំងអស់គ្រាន់តែដើរមើលអីវ៉ាន់ប៉ុណ្ណោះ ពីព្រោះគ្មានអ្វីចាប់អារម្មណ៍ចង់ទិញទេ ។ ហេតុនេះ ពួកយើងបានទិញអីវ៉ាន់ម្នាក់បន្តិចៗ ទើបធ្វើឱ្យមគ្គុទ្ទេសក៍ទេសចរខឹងខ្លាំង ហើយក៏ស្រែកជេរ ដូចមហាជនបានឃើញក្នុងវីដេអូ ។
ការិយាល័យវប្បធម៌ និងវប្បធម៌ប្រចាំតំបន់ ក៏បានចុះមកស៊ើបអង្កេតករណីនេះឃើញថា នារីមគ្គុទ្ទេសក៍ទេសចររូបនេះគ្មានលិខិតអនុញ្ញាតឱ្យធ្វើការងារផ្នែកទេសចរណ៍ទេ ។ ហេតុនេះ នាងនឹងត្រូវបង់ប្រាក់ពិន័យរហូតដល់៣ម៉ឺនយាន់ (ឬស្មើជាង៤ពាន់ដុល្លារអាមេរិក) ៕










