ទីក្រុងឌូបៃ៖ ទោះបីជាមជ្ឈមណ្ឌលផ្សារទំនើប Dubai Mall បច្ចុប្បន្នមានទំហំបំផុតនៅលើពិភពលោកក៏ដោយ ក៏រដ្ឋាភិបាលគ្រោងចំណាយ ៦០០ លានដុល្លារអាមេរិកដើម្បីពង្រីកបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។
ឌូបៃគឺជាទីក្រុងដែលមានហេដ្ឋារចនាសម្ព័ន្ធល្អបំផុតក្នុងលោក ដោយអាគារនីមួយរបស់ទីក្រុងនេះសុទ្ធតែជាអាគារលំដាប់ពិភពលោក ជាឧទាហរណ៍ដូចជា Burj Khalifa គឺជាអគារខ្ពស់ជាងគេបំផុតក្នុងលោក ហើយទីក្រុងដែលវែងជាងគេ សួនទឹកដ៏ធំបំផុត ក៏ដូចជាផ្សារទំនើបធំបំផុត និងផ្ទះដែលធំជាងគេបំផុតនៅលើពិភពលោក សុទ្ធតែស្ថិតក្នុងទីក្រុងឌូបៃទាំងអស់។ 
ទោះបីជាយ៉ាងនេះក្តី រដ្ឋាភិបាលរបស់ទីក្រុងឌូបៃនៅតែមានបំណងចង់ពង្រីកមជ្ឈមណ្ឌលផ្សារទំនើបរបស់ខ្លួនឱ្យកាន់តែធំជាងនេះ ដោយវិនិយោគិនបានចាក់បន្ថែម ៦០០ លានដុល្លារអាមេរិក ដើម្បីពង្រីកតំបន់ផ្សារទំនើបបន្ថែមទៀត។ កាលពីឆ្នាំ២០២៣ Dubai Mall បានស្វាគមន៍ភ្ញៀវទេសចររហូតដល់ ១០៥ លាននាក់កើនឡើង ១៩% បើធៀបនឹងឆ្នាំ ២០២២ ក្លាយជា “កន្លែងដែលមានអ្នកទស្សនាច្រើនបំផុតនៅលើផែនដី”។ មជ្ឈមណ្ឌលផ្សារទំនើប Dubai Mall បានបើកដំណើរការដំបូងក្នុងខែវិច្ឆិកា ឆ្នាំ ២០០៨ មានផ្ទៃដី ១,២ លានម៉ែត្រការ៉េ ដែលមានហាងលក់រាយជាង ១២០០ និងភោជនីយដ្ឋានជាង ២០០។ ដូច្នេះគម្រោងពង្រីកនឹងបន្ថែមជម្រើសការលក់រាយ និងអាហារប្រណីតថ្មីចំនួន ២៤០ ផ្សេងទៀតទៅក្នុងអគារនេះ។
ក្រៅពីតំបន់ និងភាពអស្ចារ្យនៃការវិនិយោគ ផ្សារទំនើបឌូបៃ ក៏មានភាពល្បីល្បាញសម្រាប់សេវាកម្មដែលអតិថិជនស្ទើរតែរកមិនឃើញនៅក្នុងមជ្ឈមណ្ឌលផ្សារទំនើបផ្សេងទៀត។ មួយក្នុងចំនោមពួកគេគឺជាអាងចិញ្ចឹមត្រីដ៏ធំដែលមានទឹក ១០ លានលីត្រ ខណៈអ្នកទស្សនាអាចដើរក្នុងផ្លូវរូងក្រោមដីតាមរយៈធុងធំ។ អ្នកទស្សនាក៏អាចរីករាយនៅទីលានទឹកកកនៅក្នុងអគារផងដែរ។ លើសពីនេះមជ្ឈមណ្ឌលលក់ទំនិញក៏មានសួនកម្សាន្តនិម្មិត គ្រោងឆ្អឹងដាយណូស័រអាយុ ១៥៥ លានឆ្នាំ និងរោងកុន ២៦ អេក្រង់ទៀតផង។
លោក Mohamed Alabbar ស្ថាបនិកក្រុមហ៊ុន Emaar Properties ដែលជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ UAE ដ៏លេចធ្លោមួយរូបបាននិយាយថា ការពង្រីកទីតាំងរបស់មជ្ឈមណ្ឌលនេះគឺជា “ការបន្ថែមដ៏អស្ចារ្យ” ទៅកាន់ទីតាំងមួយក្នុងចំណោមទីតាំងដែលបានទស្សនាច្រើនបំផុតរបស់ពិភពលោក។ ផែនការពង្រីកបានឆ្លុះបញ្ចាំងពីចក្ខុវិស័យដ៏មហិច្ឆតារបស់ទីក្រុងឌូបៃ ដើម្បីដឹកនាំការច្នៃប្រឌិតជាសកល ដោយពង្រឹងទីតាំងរបស់ទីក្រុងជាគោលដៅឈានមុខគេរបស់ពិភពលោក។ ទោះយ៉ាងណាភាគីគ្រប់គ្រងមិនបានប្រកាសជាផ្លូវការអំពីកាលបរិច្ឆេទចាប់ផ្តើម និងបញ្ចប់គម្រោងនេះទេ៕










