វៀតណាម៖ អត្តពលិកវៀតណាមដែលឈ្នះមេដាយមាសនៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស នឹងទទួលបានប្រាក់រង្វាន់រហូតដល់ ១ លានដុល្លារអាមេរិក ពីមូលនិធិយុទ្ធសាស្ត្រកីឡាអន្តរជាតិ (ISF) រួមទាំងប្រាក់រង្វាន់ជាច្រើនផ្សេងទៀតពីរដ្ឋាភិបាល នេះបើយោងតាមការចុះផ្សាយរបស់ Vnexpress កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។
ដូច្នេះសម្រាប់អត្តពលិកវៀតណាមដែលឈ្នះមេដាយមាសអូឡាំពិក នឹងត្រូវបានផ្តល់ប្រាក់រង្វាន់ចំនួន ១ លានដុល្លារអាមេរិក ហើយម្ចាស់មេដាយប្រាក់ និងសំរឹទ្ធក៏នឹងទទួលបាន ៥០ ម៉ឺនដុល្លារ និង ២០ ម៉ឺនដុល្លាររៀងគ្នាផងដែរ។ លើសពីនេះរដ្ឋាភិបាលវៀតណាមក៏បានប្រកាសថា អត្តពលិករបស់ខ្លួនដែលឈ្នះមេដាយមាសអូឡាំពិកក៏នឹងទទួលបាន ១៣,៨០០ ដុល្លារបន្ថែមទៀត ខណៈមេដាយប្រាក់នឹងទទួលបាន ៨,៧០០ ដុល្លារ ក៏ដូចជាមេដាយសំរឹទ្ធទទួលបាន ៥,៥០០ ដុល្លារអាមេរិក។ 
ហេតុនេះរដ្ឋាភិបាលវៀតណាម និងមូលនិធិយុទ្ធសាស្ត្រកីឡាអន្តរជាតិ (ISF) បានសន្យាថានឹងផ្តល់ប្រាក់រង្វាន់នេះជូនដល់អត្តពលិកខ្លួន ប្រសិនបើពួកគេឈ្នះមេដាយមាស ប្រាក់ និងសំរិទ្ធនៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសពិតមែន។ ហើយក្រុមហ៊ុនមួយផ្សេងទៀតក៏បានសន្យាថានឹងផ្តល់រង្វាន់ទូរទស្សន៍ដល់អត្តពលិកដែលឈ្នះមេដាយទាំងបីនេះផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ឱកាសសម្រាប់អត្តពលិកវៀតណាមដណ្តើមបានមេដាយក្នុងព្រឹត្តិការណ៍អូឡាំពិកនេះគឺមានភាគរយតិចតួចណាស់។ 
ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំកាលពីឆ្នាំ ២០២០ អត្តពលិកវៀតណាមមិនមាននរណាម្នាក់ឈ្នះមេដាយបានមួយឡើយ។ ប្រសិនបើឆ្នាំនេះ មានអ្នកឈ្នះមេដាយអត្តពលិកនឹងមានឱកាសទទួលបានរង្វាន់រួមបញ្ចូលគ្នាយ៉ាងច្រើន ដែលជួយឱ្យអត្តពលិកអាចផ្លាស់ប្តូរជីវិតរបស់ពួកគេ។ គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ខែកក្កដានេះតទៅរហូតដល់ថ្ងៃទី១១ ខែសីហា៕










