កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា ព្យុះទីហ្វុង Gaemi បានបោកបក់នៅខេត្ត Fujian ភាគអាគ្នេយ៍នៃប្រទេសចិន តាំងពីថ្ងៃទី២៤ ខែកក្កដា បន្ទាប់មកព្យុះនេះក៏បន្តវាយប្រហារទៅកាន់កោះតៃវ៉ាន់ និងប្រទេសហ្វីលីពីន នាំឲ្យមានភ្លៀងធ្លាក់យ៉ាងជោគជាំ ដែលបណ្តាលឱ្យមនុស្សជាង ២០ នាក់បានបាត់បង់ជីវិតនិងលិចកប៉ាល់ចំនួនមួយគ្រឿង។
ប្រភពសារព័ត៌មានចិនបានរាយការណ៍ថា អាជ្ញាធរចិនបានជម្លៀសប្រជាជនរបស់ពួកគេដែលរស់នៅក្នុងខេត្តហ្វូជៀន ប្រមាណ ១៥០០០នាក់ ឲ្យទៅកាន់តំបន់ផ្សេងរួចរាល់ហើយ មុនពេលដែលព្យុះដ៏ខ្លាំងក្លានេះបានមកដល់។

ចំណែកនៅតៃវ៉ាន់វិញ អាជីវកម្ម និងសាលារៀនជាច្រើនត្រូវបានបិទនៅទូទាំងភាគខាងជើងនៃកោះតៃវ៉ាន់ តាំងពីថ្ងៃទី ២៤ ខែកក្កដាមក ខណៈព្យុះដ៏កាចសាហាវនេះ បានបោកបក់ជន់លិចផ្លូវ រអិលបាក់ផ្លូវ ផ្តាច់ចរន្តអគ្គិសនី និងបណ្តាលឱ្យមនុស្ស ៣ នាក់ស្លាប់ និងរាប់រយនាក់ទៀតរងរបួស។ រីឯនៅមហាសមុទ្រតៃវ៉ាន់ ដែលអំឡុងពេលនោះគឺមាននាវាដឹកទំនិញចំនួន ៥ គ្រឿងឆ្លងកាត់ នៅក្នុងចំណោមនោះ មាន១ គ្រឿង បានលិចផងដែរ។
ព្យុះនេះក៏បន្តបោកបក់ទៅកាន់ប្រទេសហ្វីលីពីន ដែលបណ្តាលឲ្យភ្លៀងមូសុងរដូវកាន់តែធ្ងន់ធ្ងរឡើង ដោយទឹកជំនន់ជន់លិយ៉ាងចខ្លាំង ក៏ដូចជាការមានរអិលបាក់ដី ខណៈគិតត្រឹមពេលនេះ របាយការណ៍បឋមនៅថ្ងៃនេះបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២២ នាក់បានបាត់បង់ជីវិតទៅហើយ។ មូលហេតុនៃការស្លាប់ភាគច្រើន គឺដោយសារលង់ទឹក បាក់ដី រលំដើមឈើ និងឆ្លងចរន្តអគ្គិសនី។
ជាមួយគ្នានោះ វីដេអូដែលបានដាក់បង្ហោះនៅលើបណ្តាញសង្គម បានបង្ហាញឲ្យឃើញពីផ្លូវនានាក្នុងរដ្ឋធានីបានប្រែក្លាយទៅជាទន្លេ ដោយមានហាងលក់ទំនិញ ផ្ទះសម្បែងជាច្រើនត្រូវបានជន់លិច ព្រមទាំងលិចរថយន្តជាច្រើនដែលកំពុងចត។ ស្របពេលដែលអ្នកស្រុកហ្វីលីពីនភាគច្រើនបានជម្លៀសទៅកាន់ទីតាំងផ្សេងៗ ដើម្បីរង់ចាំឱ្យទឹកជន់លិចក្នុងតំបន់របស់ពួកគេស្រកចុះសិនផងដែរ៕










