តាមប្រពៃណីខ្មែរយើង នៅពេលដែលមានអ្នកស្លាប់ដោយជំងឺដែលព្យាបាលពុំជា ជំងឺចាស់ជរា គេតែងយកមកធ្វើបុណ្យនៅផ្ទះ រីឯស្លាប់ដោយចងក លង់ទឹក រន្ទះបាញ់ គ្រោះថ្នាក់ផ្សេងៗជាដើម គេហៅថាសា្លប់ដោយ”អកាលមរណៈ ឬខ្មោចតៃហោង ដែលភាគច្រើនគេយកទៅបុណ្យនៅវត្ត។

ចំពោះការធ្វើបុណ្យនៅផ្ទះ គេតែងតែឃើញចាស់ៗ ដើរគូសសញ្ញាខ្វែងនៅកញ្ចក់ ដែលជាជំនឿមួយ មិនអាចភ្លេចបាននៅពេលមានមនុស្សស្លាប់។

បើតាមចាស់ជំនាន់មានជំនឿថា ការគូសសញ្ញាខ្វែងនៅកញ្ចក់ ក៏ព្រោះតែកាលណាមានកញ្ចក់អាចធ្វើឱ្យយើងចេះតែគិតស្រមៃ នៅពេលឆ្លុះខ្លួនឯងថាអាចមើលឃើញខ្មោចដែលបានស្លាប់ទៅជាដើម។ឯខ្លះទៀត ពេលថតរូបក៏គេមិនឱ្យថតនៅជាប់កញ្ចក់ដែរ ព្រោះខ្លាចជាប់ព្រលឹងខ្មោចទៀតផង។ ម៉្យាទៀត ប្រសិនបើមិនមានអ្វីគូសកញ្ចក់ទេ គេក៏អាចយកក្រណាត់មកបាំងបានដែរ។

មកទល់បច្ចុប្បន្ននេះ ជំនឿនេះក៏នៅតែមានពលរដ្ឋខ្មែរភាគច្រើនគោរពប្រតិបត្តិ ខណៈអ្នកខ្លះយល់ឃើញថាជារឿងសមញ្ញ ដោយមិនបាច់ចាំគូសក៏បាន ព្រោះគិតថាជាសាច់ញាតិ៕