ជាការពិតណាស់ នៅពេលដែលយើងបានទៅកម្សាន្តនៅតំបន់អង្គរ យើងនឹងសង្កេតឃើញថា នៅតាមប្រាសាទភាគច្រើនតែងតែមានដើមឈើធំៗខ្ពស់ៗដុះនៅព័ទ្ធជុំវិញ និងខ្លះដុះចាក់ឬសពីលើប្រាសាទតែម្តង។ យ៉ាងណាមិញ មនុស្សភាគតិចណាស់ដែលបានដឹងបានស្គាល់ពីប្រភេទដើមឈើម្យ៉ាងដែលដុះតាមថ្មប្រាសាទនេះ ថាជាវាជាឈើមានតម្លៃឬក៏យ៉ាងណា? រហូតកាលពីពេលកន្លងទៅនេះក៏មានមតិវាយប្រហារពីសំណាក់មហាជនទៅកាន់អាជ្ញាធរ ដែលបានកាប់មែកក្រីនិងឈើនៅទីនោះផងដែរ។
ប្រភេទឈើដែលតែងដុះនៅបរិវេនប្រាសាទថ្ម គឺត្រូវបានគេស្គាល់ថាជា ដើម “ស្ពង់” មានឈ្មោះវិទ្យាសាស្រ្តថា Tetrameles Nudiflora ។ ដើមឈើប្រភេទនេះ គឺមានរាងរលោង និងសម្បុរស ដោយសង្កេតឃើញថាមានដុះ ជាពិសេសនៅប្រាសាទតាព្រហ្ម ប្រាសាទព្រះខ័ន ប្រាសាទតាសោម និងប្រាសាទខ្មែរមួយចំនួនទៀត។
ដើមស្ពង់ គឺអាចរស់បាននៅចន្លោះអាយុពី ២៥០ ទៅ ៣០០ ឆ្នាំ ជាអាយុកាលដែលខ្លីបំផុត បើធៀបទៅនឹងដើមឈើតំបន់អង្គរផ្សេងទៀត។ យ៉ាងណាមិញ គេមិនអាចយកឈើប្រភេទនេះ ទៅធ្វើជាគ្រឿងសង្ហារឹម ឬក៏វត្ថុមានតម្លៃផ្សេងទៀតបានទេ ព្រោះតែគុណភាពមិនសូវជាល្អ ហើយជាទូទៅគេទុកវាសម្រាប់ដុតប៉ុណ្ណោះ។
លក្ខណៈពិសេសរបស់ដើមស្ពង់ គឺជាប្រភេទឈើដែលចូលចិត្តដុះនៅកន្លែងណា ដែលមានថ្មប៉ុណ្ណោះ តួយ៉ាងដូចជាតំបន់អង្គរ ដែលមានប្រាសាទជាច្រើន ខណៈដែលដើមនេះខ្លះដុះពីលើប្រាសាទតែម្តង។ ចំពោះរដូវប្រាំង វានឹងជម្រុះស្លឹកពីលើដើមទាំងអស់ ដែលធ្វើឲ្យអ្នកមួយចំនួនយល់ឃើញថាវាងាប់ ប៉ុន្តែមិនមែនងាប់ទេ ព្រោះវានឹងលាស់ស្លឹកមកវិញនារដូវវស្សារ។
យ៉ាងណាមិញ កាលពីពេលកន្លងទៅនេះ ដោយសារតែដើមឈើខ្លះ នៅតាមប្រាសាទនានា ក៏ដូចជានៅតាមដងផ្លូវវង់តូចវង់ធំ ក្នុងរមណីយដ្ឋានអង្គរ មានសភាពចាស់ទ្រោតទ្រោម ដែលអាចនឹងបង្កហានិភ័យដល់ភ្ញៀវទេសចរ ក៏ដូចជាបង្កនូវការខូចខាតដល់ប្រាសាទ ទើបអាជ្ញាធរពាក់ព័ន្ធ បានសម្រេចចិត្តកាប់ឈើ និងមែកក្រីខ្លះៗចោលតែម្តង។
ជាមួយគ្នានេះ អ្នកជំនាញព្រៃឈើ ក៏បានសំណូមពរដល់ភ្ញៀវទេសចរបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់កំឡុងពេលដើរតាមប្រាសាទ និងមានដើមឈើធំៗពិសេសនៅរដូវវស្សារនេះ និងសូមអោយ ពួកគេកុំយកដៃកេះ និងបកសំបកដើមឈើផងដែរ៕










