ជឿជាក់ថាអ្នកគាំទ្រប្រាកដជាដឹងមិនខានសម្រាប់តារាចម្រៀងល្បីឈ្មោះ ទេព បូព្រឹក្ស តែងតែមានអ្វីថ្មីសម្រាប់អ្នកគាំទ្រជានិច្ចចេញមកមួយៗបើមិនថ្មីប្លែកមិនមែនជាទេព បូព្រឹក្ស នោះទេ។ លើសពីនេះទៅទៀតការផលិត MV របស់តារាចម្រៀងរូបនេះត្រូវបានទស្សនិកជនចាត់ទុកថាកម្រិតអន្តរជាតិមិនឱ្យចាញ់បរទេសឡើយទោះបីជាការផលិតនោះត្រូវចំណាយច្រើនក្តី។
កាលពីកន្លងមកនេះស្នាដៃ MV ទេវរាជ របស់ទេព បូព្រឹក្ស ដែលចំណាយរហូតដល់៣០ម៉ឺនដុល្លារនិងប្រើពេល២ឆ្នាំក្នុងការផលិតបានធ្វើឱ្យមហាជនទាំងក្នុងប្រទេសនិងក្រៅប្រទេសចាប់អារម្មណ៍យ៉ាងខ្លាំង។ ទោះបីជាមានការចំណាយច្រើនក៏ពិតមែនប៉ុន្តែ MV មួយនេះមានអត្ថប្រយោជន៍ខ្លាំងសម្រាប់វប្បធម៌ខ្មែរទុកឱ្យអ្នកជំនាន់ក្រោយបានដឹងបានយល់បន្ថែមទៀតនិងនាំគ្នាលើកស្ទួយវប្បធម៌យល់ដឹងពីរបស់ខ្លួនឯងពិតប្រាកដកុំឱ្យច្រលំថាជារបស់គេ។.png)
បន្ទាប់ជោគជ័យទៅលើ MV ខាងលើថែមទាំងមានបំណងប្រកួតប្រជែងពានរង្វាន់ទៀត ពេលនេះតារាចម្រៀង ទេព បូព្រឹក្ស កំពុងត្រៀមបញ្ចេញស្នាដៃថ្មីគ្រាន់តែបញ្ចេញរូបភាពធ្វើឱ្យអ្នកគាំទ្រព្រឺរោមជ្រួលច្របល់ចង់ឃើញ MV ឆាប់ៗបាត់ទៅហើយ។
ទេព បូព្រឹក្ស បានប្រកាសពីការវិញត្រលប់មកវិញជាមួយនឹងបទ «Drama Queen» ជាមួយរូបភាពមួយសន្លឹក ហើយរូបភាពនេះកំពុងធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ភ្លូកទឹកភ្លូកដីកោតសរសើរទៅកាន់ស្នាដៃថ្មីស្រឡាងមួយទៀតរបស់នាងបើទោះបីជាមិនទាន់បានទស្សនា MV ក៏ដោយ។ មិនត្រឹមតែទស្សនិកជនជាអ្នកគាំទ្រប៉ុណ្ណោះទេដែលបង្ហាញការសរសើរទៅកាន់តារាចម្រៀងរូបនេះអ្នកក្នុងចង្កោមសិល្បៈជាច្រើនរូបដូចជា គង់ ចាន់ស្រីមុំ សុភ័ក្រ្ត កុសុម៉ា ជីមមី ពេជ្រ វត្តីសារ៉ាវឌ្ឍី ឈិន ម៉ានិច្ច និងអ្នកសិល្បៈផ្សេងទៀតក៏កោតសរសើរទៅកាន់ ទេព បូព្រឹក្ស ផងដែរ។
ការបង្ហាញស្នាដៃថ្មីរបស់ម្ចាស់បទ វីរៈនារី គឺពិតជាសមនឹងពាក្យដែលអ្នកគាំទ្រតែងលើកឡើងថា បើមិនថ្មី មិនប្លែកមិនមែន ទេព បូព្រឹក្ស ពោលតារាចម្រៀងស្រីរូបនេះ តែងតែមានចំណីភ្នែកជូនអ្នកគាំទ្ររបស់ខ្លួនជានិច្ចតាំងពីនៅក្រោមការគ្រប់គ្រងរបស់ផលិតកម្មចាស់ គ្រាន់តែពេលនោះមិនទាន់ទូលំទូលាយ អ្នកមួយចំនួនមិនទាន់អាចទទួលយកបាននូវស្នាដៃថ្មីរបស់នាង បែរជារិះគន់ថាបានបំផ្លាញវប្បធម៌ខ្មែរដោយសារតែការលាយបញ្ចូលគ្នារវាងបុរាណនិងសម័យ។

ទោះជាយ៉ាងណា ក្រោមការខំប្រឹងប្រែងសាងស្នាដៃជាបន្តបន្ទាប់ បច្ចុប្បន្នមហាជនបានទទួលស្គាល់ស្នាដៃតារាចម្រៀង ទេព បូព្រឹក្ស ហើយខណៈសន្ទុះគាំទ្រតារាចម្រៀងរូបនេះគឺខ្លាំងក្លាល្បីល្បាញពេញប្រទេស៕










