វីដេអូចែកចាយពីបណ្តាញសង្គមយ៉ាងច្រើនពោរពាស ដែលបង្ហាញឲ្យឃើញពីទឹកចិត្តស្រលាញ់សម្បត្តិវប្បធម៌អរិយធម៌ខ្មែរក្នុងចំណោមជនបរទេសគ្រប់ៗរូប បានមកលេងកម្សាន្តនៅលើដែនដីនៃប្រទេសកម្ពុជាប្រកបស្នាមញញឹម និងភាពសប្បាយរីករាយ បង្កើតបាននូវអនុស្សាវរីយល្អៗ ខណៈក៏បានធ្វើឲ្យមហាជនខ្មែរមួយប្រទេសមានមោទនភាពនិងថ្លែងអំណរគុណជាពន់ពេក។
តាមរយៈវីដេអូនៅលើបណ្តាញសង្គម កាលពីពេលកន្លងទៅនេះ គូរស្នេហ៍ជនបរទេសចម្រុះជាតិសាសន៍ជាច្រើនគូរ បានយកប្រាសាទអង្គរវត្តរបស់ខ្មែរ ធ្វើជាសាក្សីផ្តើមស្នេហ៍។ ខេត្តសៀមរាបជាដែនដីបុរាណ ពោរពេញដោយស្នាមញញឹម ដែលគូរស្នេហ៍ជាច្រើនរាប់ភ្លេច បានបំពាក់ចិញ្ជៀនឲ្យគ្នា នៅចំពីមុខប្រាសាទដ៏សាកសិទ្ធរបស់ខ្មែរគឺប្រាសាទអង្គរវត្ត ដែលឆ្លុះបញ្ចាំងពីសេចក្តីស្នេហាឋិតឋេរគង់វង្សនិងអមតៈដូចទៅនឹងប្រាសាទអច្ឆរិយៈខ្មែរមួយនេះ ដែលមានអាយុកាលស្ទើរតែជិតមួយ១០០០ ឆ្នាំទៅហើយ។
បន្ថែមពីនេះ ក៏នៅមានវីដេអូ ដែលបង្ហាញឲ្យឃើញពីសកម្មភាពជនបរទេសចំនួន ២រូប បានរាំលេងកម្សាន្តតាមចង្វាក់កន្ទឹ្រមខ្មែរ នៅលើទឹកដីនៃខេត្តសៀមរាបបានយ៉ាងសប្បាយរីករាយទាក់ចិត្តប្រជាជនខ្មែរគ្រប់ៗរូបអត់សរសើរមិនបានផងដែរ។
លើសពីនេះ ការទស្សនាប្រាសាទបុរាណខ្មែរ នាជំនោរវស្សានេះទៀតសោត បង្កើតបានទិដ្ឋភាពដ៏ស្រស់ត្រកាល និងអនុស្សាវរីយដែលមិនអាចបំភ្លេចបាន ទើបវីដេអូមួយទៀតបានលេចឡើងមក បង្ហាញឲ្យឃើញពីសកម្មភាពជនបរទេសស្រីចំនួន៣នាក់ បានលេងទឹកភ្លៀងយ៉ាងសប្បាយរីករាយ នៅម្តុំបរិវេណប្រាសាទក្នុងខេត្តសៀមរាប អមជាមួយនឹងទេសភាពព្រៃប្រឹក្សាដ៏ខៀវស្រងាត់នៅទីនោះ។
យ៉ាងណាមិញ វីដេអូទាំងនោះបានចែកចាយទៅក៏ទទួលបាននូវការចាប់អារម្មណ៍ជុំវិញពិភពលោក និងមានអ្នកទស្សនារហូតដល់ទៅរាប់លានដងឯណ្ណោះ ដែលទាំងនេះហើយគឺជាការផ្តល់ពិន្ទុពិតៗពីជនបរទេស តាមរយៈទឹកមុខនិងស្នាមញញឹមរបស់ពួកគេ ពេលបានមកកម្សាន្តនៅលើទឹកដីនៃប្រទេសកម្ពុជាផងដែរ៕










