លោកឧកញ៉ាសឺន គុយ ដែលត្រូវបានប្រជាជនខ្មែរគ្រប់ជំនាន់គោរព លើកតម្កើន ជាវីរបុរសជាតិខ្មែរមួយរូប ព្រោះលោកបានលះបង់ជី.វិតដើម្បីប្តូរនឹងការថែរក្សា ប្រពៃណី សិល្បៈ អក្សរសាស្រ្ត វប្បធម៌ និងព្រះពុទ្ធសាសនា សម្រាប់ជនជាតិដើមខ្មែរក្រោមទាំងមូល នៅក្នុងទឹកដីកម្ពុជាក្រោម។ ខណៈ ទីនោះបានបន្សល់ទុកដើមឈើបញ្ច្រាស់ចុងមួយដើមអាយុកាលជិត២០០ ឆ្នាំ ជានិមិត្តរូបរបស់លោកឧកញ៉ា។
ឧកញ៉ា សឺន គុយ ជាចៅហ្វាយខេត្តព្រះត្រពាំង បានសុខចិត្តឲ្យអណ្ណាមកាត់ក្បាល កាលពីឆ្នាំ ១៨៤១ ជាថ្នូរនឹងការរក្សាទំនៀមទម្លាប់ខ្មែរ និងព្រះពុទ្ធសាសនាថេរវាទខ្មែរឲ្យបានគង់វង្សសម្រាប់ពលរដ្ឋខ្មែរក្រោមនៅដែនដីកម្ពុជាក្រោមប្រតិបត្តិរហូតមកដល់សព្វថ្ងៃ ។
នៅក្នុងឆ្នាំ ១៨៤១ រាជបញ្ជាមួយពីស្ដេចអណ្ណាម ឲ្យរំលាយជាតិខ្មែរឲ្យក្លាយទៅជាជនជាតិអណ្ណាម ក៏ដូចជាបង្កឲ្យមានការធ្វើទុក្ខបុកម្និញទៅកាន់ជនជាតិខ្មែរគ្រប់រូបនៅទីលើទឹកដីកម្ពុជាក្រោម។ ដោយសារទ្រាំពុំបាននឹងការឈ្លានពាន និងការរំលាយជាតិសាសន៍ខ្មែរ ទើបពលរដ្ឋខ្មែរក្រោមបានក្រោកបះបោរប្រឆាំងនៅគ្រប់ទីកន្លែងទូទាំងដែនដីកម្ពុជាក្រោម ។ ខេត្តព្រះត្រពាំង ក្រោមការដឹកនាំរបស់ ឧកញ៉ា សឺន គុយ ពលរដ្ឋខ្មែរក្រោមបាន ក្រោកឡើងតស៊ូច្បាំងជាមួយទ័ពអណ្ណាមយ៉ាងក្លាហាន ។
ដោយសារតែគ្មានទ័ពជំនួយពីស្ដេចខ្មែរ នៅប្រទេសកម្ពុជា ទើបនៅទីបំផុតចលនាតស៊ូ របស់ឧកញ៉ា សឺន គុយ ក៏បានថមថយ ហើយ ឧកញ៉ាក៏សម្រេចចិត្តប្រើនយោបាយការទូតចរចាជាមួយមេទ័ពវៀតណាម ដើម្បីជាថ្នូរនឹងការរក្សាជាតិ និងសាសនាឲ្យបានគង់វង្សសម្រាប់ពលរដ្ឋខ្មែរ នៅកម្ពុជាក្រោមប្រតិបត្តិវិញ ។ ទីបំផុត លោកឧកញ៉ាក៏ត្រូវបានបាត់បង់ជីវិត ដោយការក្បាល។
បើយោងតាមឯកសារជាច្រើនបានបញ្ជាក់ថា នៅពេលដែលអណ្ណាមប្រហារជីវិតលោកឧកញ៉ា សឺន គុយ ប្រជារាស្ត្រនិងព្រះសង្ឃខ្មែរ បានរៀបម្ហូបអាហារមួយតុក្រាលសំពត់ពណ៌ប្រាក់ រួចអញ្ជើញ ឧកញ៉ា សឺន គុយ ទទួលទានជាលើកចុងក្រោយ ។ ពេលទទួលទានរួច ឧកញ៉ា បានសម្ដែងការសមគួរក៏ដូចជាការសំណេះសំណាលជាលើកចុងក្រោយ ក្នុងជីវិតរបស់លោក ដោយទឹកមុខញញឹមទៅកាន់ព្រះសង្ឃ និងប្រជារាស្ត្រខ្មែរគ្រប់រូបផងដែរ។
គូរបញ្ជាក់ថា កាលពីឆ្នាំ ១៨៤១ មុនពេលដែលលោកឧកញ៉ាបានបាត់បង់ជីវិត លោកបានដាំដើមឈើទាលបញ្ច្រាសចុងមួយដើម (ដាំយកចុងចុះក្រោម គល់ឡើងលើ) នៅឯខេត្តព្រះត្រពាំងឬខេត្តត្រាវិញ។ កាលគ្រានោះ លោកបានផ្សងថា«បើជាតិសាសនាខ្មែរនៅគង់វង្ស សូមឱ្យមែកឈើទាលនេះដុះលូតលាស់ឡើង» ។ 
យ៉ាងណាមិញ ចំណេរកាលកន្លងទៅជិត ២០០ឆ្នាំហើយ ដែលជាអាយុកាលរបស់ដើមឈើទាលមួយដើមនោះ នៅតែបន្តដុះលូតលាស់ បែកមែកសាខាយ៉ាងត្រឈឹងត្រឈៃនៅលើទឹកដីកម្ពុជាក្រោម ដែលមានទំហំប្រមាណ ៧ ឱប និងមានកម្ពស់ ២៥ ម៉ែត្រ ខណៈក៏បានក្លាយជាកន្លែងសាកសិទ្ធ ដែលមនុស្សគ្រប់គ្នាតែងមកធ្វើការបន់ស្រន់ជាហូរហែរផងដែរ៕
		
	









