ប្រទេសចិន៖ ចានសេរ៉ាមិចមួយកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសចិន បន្ទាប់ពីវាត្រូវបានគេដេញថ្លៃរហូតដល់ ៤០ លានដុល្លារអាមេរិក។
យោងតាមសារព័ត៌មានបរទេស The Value ដែលបានចុះផ្សាយកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ថាចានសេរ៉ាមិចមួយនេះត្រូវបានគេដាក់បង្ហាញនៅទីក្រុងហុងកុង ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាសេដ្ឋី ដោយសារចានសេរ៉ាមិចគឺជាវត្ថុបុរាណដែលមានអាយុកាល ១០០០ ឆ្នាំ។
វត្ថុបុរាណនេះត្រូវបានគេច្នៃឡើងក្នុងកំឡុងរាជវង្សសុង ខាងជើងពីឆ្នាំ (៩៦០-១១២៧) ដើម្បីបម្រើរាជវាំង ដែលវាមានពណ៌ខៀវអមជាមួយរូបរាងប្រេះស្រាំដូចជាត្បូង ទំហំ ១៣ សង់ទីម៉ែត្ររាងដូចចានរាក់។ នៅសម័យបុរាណ សេរ៉ាមិចប្រភេទនេះច្រើនតែប្រើសម្រាប់ដាក់ទឹកដើម្បីលាងជក់ ដោយអ្នកស្រាវជ្រាវជឿថាសេរ៉ាមិចនេះបានឆ្លងកាត់ប្រវត្តិសាស្រ្តអស់ជាច្រើនឆ្នាំមកហើយ។ ចានបុរាណដែលមានអាយុកាល ១០០០ ឆ្នាំគឺពិតជាមានប្រជាប្រិយភាពខ្លាំងណាស់សម្រាប់អ្នកដែលចូលចិត្ត និងស្រឡាញ់វត្ថុប្រវត្តិសាស្ត្រ។
ចាននេះត្រូវបានដេញថ្លៃដោយមហាសេដ្ឋីជនជាតិចិនម្នាក់គឺលោក Liu Ich Khiem ក្នុងតម្លៃ ៤០ លានដុល្លារអាមេរិក ដែលលោកគឺជាអ្នកប្រមូលទិញដ៏ល្បីមួយរូបរបស់ពិភពលោក តែងតែចូលរួមក្នុងការដេញថ្លៃវត្ថុបុរាណតាំងពីឆ្នាំ ១៩៩៣ រហូតមកដល់បច្ចុប្បន្ន។ លោកបានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ ៩៩% នៃវត្ថុបុរាណរបស់ប្រវត្តិសាស្ត្រជាច្រើនសុទ្ធតែបានមកពីការដេញថ្លៃទាំងអស់ ដោយលោកបានថែរក្សាវាយ៉ាងល្អបំផុតនៅក្នុងសារមន្ទីឯកជនមួយរបស់លោក។

គួរបញ្ជាក់ដែរថា បន្ទាប់ពីការដេញថ្លៃជាង ៣០ ឆ្នាំមកលោក Liu Ich Khiem គឺបានក្លាយជាបុគ្គលដ៏សំខាន់បំផុតមួយនៅក្នុងទីផ្សារសិល្បៈវប្បធម៌ចិន។ លោក Liu Ichqian មានអាយុ ៦១ ឆ្នាំមកពីទីក្រុងសៀងហៃ ធ្លាប់ធ្វើការជាអ្នកបើកតាក់ស៊ី ប៉ុន្តែលោកក៏បានប្រែខ្លួនក្លាយជាមហាសេដ្ឋីដោយការលេងភាគហ៊ុន ជួញដូរអចលនទ្រព្យ និងឱសថ។ យោងតាមស្ថិតិពីក្រុមហ៊ុនស្រាវជ្រាវ Hurun មហាសេដ្ឋីរូបនេះគឺមានទ្រព្យសម្បត្តិសុទ្ធ ៣៤.៥ ពាន់លានយន់ (ប្រមាណ ៤.៧ ពាន់លានដុល្លារអាមេរិក)៕










