ប្រទេសចិន ៖ ថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គមនៅប្រទេសចិនបានចែកចាយព័ត៌មានមួយយ៉ាងច្រើន គឺមាននារីម្នាក់អាយុ២៤ឆ្នាំ បានស្លា.ប់ ភ្លាមៗក្នុងអំឡុងពេលនាងកំពុងអង្គុយ Live បរិភោគអាហារលើបណ្តាញសង្គម ។ គ្រូពេទ្យបញ្ជាក់ថា មូលហេតុនៃការស្លាប់នេះ គឺដោយសារនាងបរិភោគអាហារច្រើនខ្លាំងពេក ដែលរាងកាយពុំអាចទទួលយកបាន ។
តាំងពីឆ្នាំ២០២០ មក រដ្ឋាភិបាលចិនបានចាប់ផ្តើមទប់ស្កាត់ពលរដ្ឋប្រកបអាជីពជា Influencer អង្គុយ Live បរិភោគអាហារយ៉ាងច្រើនបង្ហាញតាមបណ្តាញសង្គម ដើម្បីកុំឱ្យពលរដ្ឋមានទម្លាប់បរិភោគអាហារច្រើន និងខ្ជះខ្ជាយអាហារ ។ បើពលរដ្ឋណាល្មើសនឹងបម្រាមនេះ នឹងត្រូវអាជ្ញាធរពិន័យជាប្រាក់ចំនួន១០.០០០យាន់ ។ ប៉ុន្តែការ Live បរិភោគអាហារច្រើននៅតែជាទីពេញនិយមយ៉ាងខ្លាំងនៅចិន ហើយមានពលរដ្ឋចិនរាប់ពាន់នាក់សុខចិត្តយកសុខភាពរបស់ខ្លួនទៅប្រឈមនឹងការបរិភោគអាហារញាត់ចូលមាត់ ដើម្បីចង់បានចំនួន Live និង View ។.jpg)
ក្នុងចំណោមអ្នក Live បរិភោគអាហារទាំងនេះ ក៏មាននារីឈ្មោះ Pan Xiaoting ផងដែរ ។ នាងជាអតីតបុគ្គលិករត់តុ ហើយនាងក៏ផ្លាស់ប្តូរមុខរបរនេះមករកប្រាក់ចំណូលពីការ Live បរិភោគអាហារតាមបណ្តាញសង្គមដ៏ល្បីល្បាញម្នាក់ ។ ប៉ុន្តែនាងបានស្លាប់កាលពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៤ ពេលនាងកំពុង Live បរិភោគអាហារ ដោយសាររាងកាយពុំអាចទទួលអាហារច្រើនលើសចំណុះ ។
តាមលទ្ធផលការត្រួតពិនិត្យរាងកាយបង្ហាញថា នៅក្នុងពោះរបស់នាងមានអាហារជាច្រើនពុំបានរំលាយ ហើយគ្រឿងក្នុងរបស់នាងជាច្រើនទៀតខូចខាតទាំងអស់ ។ កាលពីមុន នាងធ្លាប់ធ្វើជាបុគ្គលិករត់តុ ប៉ុន្តែពេលនាងឃើញមនុស្សជាច្រើនចាប់យកមុខរបរបរិភោគអាហារ Live ក្នុងបណ្តាញសង្គមអាចរកប្រាក់បានច្រើន ថែមទាំងទទួលបានរង្វាន់ពីអ្នកទស្សនានោះ នាងក៏សម្រេចចិត្តធ្វើតាមដែរ ។
មុនដំបូង នាងគ្រាន់តែ Live បរិភោគអាហារម្តងម្កាលប៉ុណ្ណោះ ប៉ុន្តែពេលអ្នកទស្សនាវីដេអូនាងកើនឡើងជាបន្តបន្ទាប់ នាងក៏សម្រេចចិត្តចាប់យកមុខរបរនេះតែម្តង ។ ហេតុនេះ នាងក៏លាឈប់ពីការងាររត់តុ រួចហើយមកជួលផ្ទះមួយកន្លែងសម្រាប់ធ្វើជាស្ទូឌីអូ Live ដោយសារឪពុក-ម្តាយនាងពុំឯកភាព និងបារម្ភថា វានឹងប៉ះពាល់សុខភាពកូន ។.jpg)
ពេលមានអ្នកទស្សនាកាន់តែច្រើន នាងចាប់ផ្តើមពុំខ្វល់ពីសុខភាពរបស់ខ្លួន និងព្យាយាមស្វែងរកអាហារថ្មីៗមកបរិភោគបង្ហាញក្នុងបណ្តាញសង្គមដើម្បីទាក់ទាញចំនួនអ្នកទស្សនា ។ ពេលឪពុក-ម្តាយ និងអ្នកទស្សនាខ្លះនិយាយថា ការបរិភោគច្រើនបែបនេះនឹងធ្វើឱ្យនាងឆាប់ស្លាប់ ប៉ុន្តែនាងតែងតែឆ្លើយតបដោយទឹកមុខញញឹមជានិច្ចថា ៖ «មិនបាច់បារម្ភទេ ខ្ញុំអាចទៅរួច» ។
កាលពីមុន នាងមិនមែនជានារីស្គមទេ ហើយការ Live បរិភោគអាហារលើបណ្តាញសង្គមបានធ្វើឱ្យនាងឡើងទម្ងន់រហូតដល់៣០០គីឡូក្រាម ។ ប៉ុន្តែនាងមិនខ្វល់ទេ ហើយនៅតែបន្តការ Live ឥតឈប់ឈរ ។ នាងធ្លាប់មានបញ្ហាឈាមក្រពះដោយសារបរិភោគអាហារច្រើនជ្រុល ប៉ុន្តែក្រោយពេលព្យាបាលជំងឺជាសះស្បើយ នាងក៏អង្គុយ Live បន្តទៀត ។
ប្រហែល១សប្តាហ៍មុនពេលស្លាប់ នាងចាប់ផ្តើមប្រើវិធីសាស្ត្រថ្មីៗកាន់តែច្រើនដើម្បីទាក់ទាញអ្នកទស្សនា ដូចជា ៖ នាងបរិភោគអាហារជាប់ៗគ្នាមិនឈប់ឈរសោះ យ៉ាងហោចណាស់ នាងបរិភោគអាហារចាប់ពី១០ម៉ោងឡើងទៅ និងបរិភោគអាហារលើស១០គីឡូក្រាមពេល Live ម្តងៗ ។ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ រាងកាយនាងទប់ទល់លែងរួច នាងក៏បានស្លាប់ភ្លាមៗពេលកំពុង Live ។
បើទោះជាមូលហេតុលម្អិតនៃការស្លាប់របស់នាងពុំត្រូវបានបង្ហាញក្តី ប៉ុន្តែគេហទំព័រ Sohu ផ្សព្វផ្សាយថា គ្រឿងក្នុងរបស់នាងខូចខ្ទេចខ្ទីអស់ ហើយក្នុងក្រពះនាងមានអាហារជាច្រើនទៀតពុំទាន់រំលាយ ។
ការស្លាប់របស់នាងត្រូវបានគេលើកជាឧទាហរណ៍មួយសម្រាប់ដាស់តឿនមនុស្សដទៃទៀត ដែលចូលចិត្តអង្គុយ Live បរិភោគអាហារឱ្យគេស្រក់ទឹកមាត់ ។ វាបានបំផ្លាញសុខភាពខ្លួនឯងយ៉ាងខ្លាំង ដោយសារចង់បានប្រាក់ច្រើន និងការចាប់អារម្មណ៍ពីអ្នកទស្សនា ៕










