ការស្លៀកពាក់គឺជារឿងមួយដ៏សំខាន់ ព្រោះបើអ្នកជ្រើសរើសម៉ូតអាវត្រូវតាមស្តង់ដារ វានឹងជួយលើកសម្រស់របស់អ្នកឱ្យមើលទៅមានភាពទាក់ទាញជាងមុន ប៉ុន្តែប្រសិនបើអ្នករើសសម្លៀកបំពាក់ខុសនោះ វាអាចបណ្តាលឱ្យយើងមើលទៅមិនស្អាត ឬមិនមានភាពលេចធ្លោរជាដើម។ ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹងណែនាំប្រិយមិត្ត ជាពិសេសនារីធាត់ៗដែលមានសាច់ច្រើន មិនគួរស្លៀកសម្លៀកបំពាក់ដូចខាងក្រោមនេះទេ៖
១.អាវយឺតធំរលុង៖ ដើម្បីស្លៀកពាក់ឱ្យមើលទៅឃើញស្អាត ទាក់ទាញ ទាន់សម័យ អ្នកមិនគួរជ្រើសរើសអាវយឺតធំរលុងមកពាក់នោះទេ។ សម្រាប់មនុស្សស្រីដែលធាត់ យកល្អគួរតែចៀសវាងការទិញអាវយឺតដែលមានទំហំធំ ហេតុផលគឺថាអាវដែលរលុងពេក ឬធំពេក នៅពេលពាក់វាទៅនឹងបាត់បង់សមាមាត្ររាងកាយ។ ហេតុនេះនារីៗគួរតែជ្រើសរើសអាវយឺតដែលសក្តិសមនឹងដងខ្លួន មិនរលុងពេក ឬតឹងពេក ដើម្បីមើលទៅឃើញមានរាងស្អាត។
២.អាវ Babydoll៖ អាវ Babydoll ភាគច្រើនមានជីពរាងនៅផ្នែកដើមទ្រូង ដែលវាពិតជាសក្តិសមបំផុតសម្រាប់នារីមានរាងតូច ស្គមៗ ប៉ុន្តែសម្រាប់នារីមាឌធំ ឬនារីដែលមានសាច់ច្រើន មិនគួរយកអាវបែបនេះមកពាក់ឡើយ ព្រោះមើលទៅមិនមានរាងស្អាត ហើយថែមទាំងឃើញរូបរាងយើងកាន់តែធាត់ និងមិនមានតុល្យភាព។
៣.អាវធំដៃវែង៖ អាវធំដៃវែងនឹងជួយបិទបាំងរាល់គុណវិបត្តិ ហើយមើលទៅឃើញស្រស់ឆើតឆាយ និងប្រណិត ប៉ុន្តែប្រសិនបើរលុងពេកនោះវាអាចធ្វើឱ្យក្មេងស្រីមើលទៅកាន់តែធាត់។ ហេតុនេះនារីគួរជ្រើសរើសអាវដែលសមនឹងខ្លួន រួមជាមួយខោជើងធំ ដើម្បីឱ្យរូបរាងរបស់ពួកគេមើលទៅមានភាពល្អឥតខ្ចោះ។
៤.អាវវាល៖ អាវវាលបញ្ចេញដើមទ្រូងគឺមិនសក្តិសមសម្រាប់នារីធាត់ៗឡើយ ព្រោះវាមើលទៅនឹងឃើញពួកគេកាន់តែធាត់ ប៉ុន្តែប្រសិនបើអ្នកចង់ស្លៀកពាក់ស៊ិចស៊ី អ្នកគួរតែជ្រើសរើសអាវវាលដោយគ្របដណ្តប់លើស្មាច្រើន ហើយជិត ក ធ្វើឱ្យសមាមាត្ររវាងស្មា និងដងខ្លួនសមគ្នា។
ទោះជាយ៉ាងណាពណ៌ក៏ជាកត្តាដែលមនុស្សស្រីត្រូវយកចិត្តទុកដាក់នៅពេលជ្រើសរើសម៉ូតអាវសម្រាប់ខ្លួនពួកគេផងដែរ។ ការជ្រើសរើសពណ៌ដែលសាកសមនឹងរូបរាងកាយរបស់ពួកគេនឹងធ្វើឱ្យមានទំនុកចិត្ត ជាពិសេសធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការ mix & match សម្លៀកបំពាក់ប្រចាំថ្ងៃសម្រាប់ការងារ ឬចេញទៅក្រៅ៕










