កាលពីម្សិលមិញ ការកាត់ផ្តាច់ប្រព័ន្ធ IT ជាសកល បានកើតឡើងត្រឹមតែមួយពព្រិចភ្នែក ប៉ុន្តែក៏បានបង្កនូវភាពចលាចល និងរងនូវផលប៉ះពាល់ជុំវិញពិភពលោក ជាពិសេសគឺទៅលើក្រុមហ៊ុនអាកាសចរណ៍ ធនាគារ ប៉ុស្តិ៍ទូរទស្សន៍ និងស្ថាប័នហិរញ្ញវត្ថុ។

យ៉ាងណាមិញ ថ្មីៗនេះ យោងតាមប្រភពសារព័ត៌មានអន្តរជាតិ CNA បានគូសបញ្ជាក់ថា ភាពរអាក់រអួលនេះ គឺកើតឡើងដោយសារតែ ក្រុមហ៊ុន CrowdStrike បានធ្វើការ Update កម្មវិធីកម្ចាត់មេរោគ (Antivirus Program) ទើបបណ្តាលឲ្យមានបញ្ហាគាំងប្រព័ន្ធ Microsoft Windows នៅទូទាំងពិភពលោក។
ទោះជាយ៉ាងណា តាមរយៈភាពរអាក់រអួលត្រឹមតែរយៈពេលខ្លីនេះ គឺបានធ្វើឲ្យមនុស្សម្នាមានភាពចលាចលជាខ្លាំង ក៏ដូចជាមានផលប៉ះពាល់ដល់អ្នកប្រើប្រាស់ដែលដំណើរការដោយប្រព័ន្ធ Window របស់ Microsoft ។ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈហេតុការណ៍នេះ ក្រុមហ៊ុនធំៗនានា ដូចជាក្រុមហ៊ុនអាកាសចរណ៍ ធនាគារ ប៉ុស្តិ៍ទូរទស្សន៍ និងស្ថាប័នហិរញ្ញវត្ថុ បានរងនូវការខូចខាតយ៉ាងដំណំត្រឹមតែមួយពព្រឹចភ្នែក។
តាមសេចក្តីរាយការណ៍ ធនាគារ និងស្ថាប័នហិរញ្ញវត្ថុជាច្រើន បានប្រឈមនឹងបញ្ហាមិនអាចទូទាត់ប្រាក់បាន ខណៈក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តក៏មិនអាចដំណើរការបានដែរ ហើយសេវាកម្មអតិថិជននៅក្នុងក្រុមហ៊ុនមួយចំនួនបានធ្លាក់ចុះជាគំហុក។ រីឯប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដូចជាទូរទស្សន៍ កាសែត វិទ្យុជាដើម ក៏មានបញ្ហានៅក្នុងការផ្សាយបន្តផ្ទាល់កម្មវិធី។ ចំណែកនៅឯក្រុមហ៊ុន Tesla របស់លោក Elon Musk វិញបានឲ្យដឹងថា ការកាត់ដាច់នេះបានបណ្តាលឱ្យមាន “ផលប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់រថយន្ត” ផងដែរ។
បន្ទាប់ពីលេចឡើងនូវហេតុការណ៍នេះ នាយកក្រុមហ៊ុន CrowdStrike បានឲ្យដឹងថា«ខ្លួនបានដាក់ចេញនូវដំណោះស្រាយមួយចំនួនសម្រាប់បញ្ហានេះ ហើយពិតជាសុំទោសខ្លាំងណាស់ ទៅកាន់គ្រប់ស្ថាប័ន និងឯកជន ដែលបានរងនូវផលប៉ះពាល់»។ ស្របពេលដែល សេចក្តីថ្លែងការណ៍មួយថា ភ្នាក់ងាររបស់ប្រធានាធិបតីអាមេរិក លោក Joe Biden បាននឹងកំពុងពិភាក្សាជាមួយក្រុមហ៊ុន CrowdStrike និងអ្នកដែលរងផលប៉ះពាល់នានា ដើម្បីទទួលបាននូវដំណោះស្រាយសមស្របផងដែរ៕










