នៅលើបណ្តាញសង្គមកំពុងផ្ទុះការវែកញែកយ៉ាងខ្លាំងទៅលើភាពយន្តខ្មែរមានចំណងជើងថា «ព្រាយតោងធ្នឹម » ដែលត្រៀមចាក់បញ្ចាំងក្នុងរោងកុនឆាប់ៗនេះ ខណៈមានការលើកឡើងថាភាពយន្តនេះចម្លងស្នាដៃប្រលោមលោក «តាយហោង» ព្រោះតែមានគ្នាលក្ខណៈស្រដៀងគ្នាខ្លាំងពេក។ ទោះយ៉ាងណាអ្នកនិពន្ធភាពយន្តធានាអះអាងថាមិនបានលួចចម្លងស្នាដៃឬយកចេញពីប្រលោមលោកណាមួយឡើយ និងបានលើកឡើងទៀតថាឃើញគេលូតលាត់ឆាប់ក្តិចត្រួយឱ្យងាប់។

វាក្លាយជាការពិភាក្សាដ៏តានតឹងសម្រាប់ប្រិយមិត្តអ្នកអានប្រលោកលោកបន្ទាប់ពីឃើញ ការផ្សព្វផ្សាយឈុតខ្លីពីភាពយន្ត «ព្រាយតោងធ្នឹម » ដែលត្រៀមចាក់បញ្ចាំងក្នុងរោងកុននាពេលខាងមុខ ដែលមានលក្ខណៈស្រដៀងគ្នាខ្លាំងទៅលើស្នាដៃប្រលោមលោក «តាយហោង១» ខណៈអ្នកធ្លាប់បានអានប្រលោមលោកមួយនេះបានលើកឡើងថាពិតជាដូចគ្នាពិតមែន។
នៅថ្ងៃទី១៩ កក្កដា នេះផេកមួយឈ្មោះថាអ្នកវិភាគឯករាជ្យ បានបង្ហោះរូបភាពជាច្រើនសន្លឹកពីឈុតនៅក្នុងខ្សែភាពយន្តទន្ទឹមនឹងស្នាដៃប្រលោមលោកដែលទទួលបានពីសមាជិកអ្នកអានប្រលោមលោក តាយហោង១ ប៉ុន្តែដែលថាលួចចម្លងស្នាដៃគ្នាឬយ៉ាងណាទស្សនិកជនជាអ្នកវិនិឆ្ឆ័យខ្លួនឯង។ រឿងនេះក៏ជំរុញឱ្យលោក លៀក លីដា ម្ចាស់ផលិតកម្ម LD ចែករំលែកថាបើសិនជាខ្មែរនិងខ្មែរមានការលួចស្នាដៃគ្នាគួរតែភាគីទាំងពីរជួបពិភាក្សាគ្នា ប៉ុន្តែសំណេរមួយនោះត្រូវបានបាត់ចេញពីបណ្តាញសង្គមលោកវិញ។
ទន្ទឹមនឹងមានការចោទប្រកាន់ថាភាពយន្ត ព្រាយតោងធ្នឹម លួចស្នាដៃប្រលោមលោក តាយហោង១ មួយនេះអ្នកនិពន្ធស្នាដៃភាពយន្តនេះចេញមកធានាអះអាងថាមិនបានលួចស្នាដៃប្រលោមលោកណាមួយឡើយ។ 
គណនី Këz Këz ចេញមកបញ្ជាក់យ៉ាងដូច្នេះថា «ជើងជាន់ព្រះធរណី ក្នុងនាមជាអ្នកនិពន្ធ រឿង ព្រាយតោងធ្នឹម មិនបានចម្លង ឬធ្វើនីយកម្មចេញពីប្រឡោមលោកណាទាំងអស់ អ្នកដែលត្រៀមនឹងចោទប្រកាន់ ឬកំពុងចោទប្រកាន់ សូមប្រើវិចារណញ្ញាណប្រកបដោយសីលធម៌ អ្នកអាចគិតខុសលើខ្ញុំថាចម្លងអ្នក តែកុំមួលបង្កាច់ខ្ញុំ សុំទោសដែលខ្ញុំមិនដែលអានស្នាដៃអ្នក តែខ្ញុំទើសត្រចៀកព្រោះ នៅសុខៗក្លាយជាជនជាប់ចោទដោយមិនដឹងខ្លួន បញ្ជាក់(ចម្លងដោយវិធីណាបើអត់ដែលអានរឿងដែលគេថាដូចហ្នឹងផង) រឿងក្រោយសូមនិពន្ធរឿង «ក្ដិចត្រួយ» (បែបឃើញគេលូត ឆាប់ក្ដិចឱ្យងាប់»។.png)
ចំណែកឯគណនី TThida Khun (វីនធ័រ)ដែលជាម្ចាស់ស្នាដៃប្រលោមលោកវិញបានបង្ហោះដែរថា «Fun&Fact: សរសើរអ្នកនិពន្ធ concept ស្រដៀងគ្នាចឹងយើងមកស្គាល់គ្នាហៃ? រាប់អានគ្នាធ្វើពួកម៉ាក់ហ្មងហូវ»៕










