ថ្មីៗនេះអ្នកវិទ្យាសាស្ត្ររបស់អង្គការ NASA បានរកឃើញស្រទាប់ពេជ្រដែលមានកម្រាស់ដល់ទៅ ១៥ គីឡូម៉ែត្រ លាក់ខ្លួនក្នុងភព Mercury អាចជួយដោះស្រាយចម្ងល់ថា “ភពពេជ្រ” ពិតជាមានមែនអត់ និងអាចជួយដោះស្រាយអាថ៌កំបាំងនៃសមាសភាពនៃភពផែនដីនេះ និងដែនម៉ាញេទិចយ៉ាងពិសេស។
យោងតាម Live Science ដែលបានចុះផ្សាយកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ថាភព Mercury ឬហៅថាភពពុធ គឺពិតជាមានភាពខុសប្លែកគ្នាខ្លាំងពីភពធម្មតាផ្សេងទៀត ដោយសារវាមានផ្ទុកពេជ្រច្រើនរាប់មិនអស់។ ដូច្នេះភពពេជ្រពិតជាមានមែននៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។
តាមការប៉ានស្មានភពនេះមានត្បូងពេជ្រចំនួន ១៦ ក្វ័ទ្រីលាន-Quadrillion ឬ ១៦ កោដិកោដិតោន ច្រើនជាង ១៦ ដង ធៀបនឹងត្បូងពេជ្រនៅលើផែនដី ដែលត្រូវបានគណនាឃើញដោយប្រព័ន្ធកុំព្យូទ័រ។ ភពពុធ ត្រូវបានគ្របដណ្ដប់ដោយស្រទាប់ graphite ជាកាបូនដើមមួយប្រភេទដែលអាចប្រែប្រួលទៅជាត្បូងពេជ្រ បន្ទាប់ពីមានការប៉ះទង្គិចជាមួយអាចម៍ផ្កាយ កូនភព និងផ្កាយដុះកន្ទុយ។ ក្រុមអ្នកវិទ្យាសាស្ត្របានដឹងថា ភពពុធ ទទួលរងឥទ្ធិពលធ្ងន់ធ្ងរពីយុគសម័យភ្លៀងអាចម៍ផ្កាយដំណាក់កាលចុងក្រោយដែលហៅថា Late Heavy Bombardment កាលពីប្រព័ន្ធព្រះអាទិត្យ ទើបកកើតអំឡុងពី ៤.១ ដល់ ៣.៨ ពាន់លានឆ្នាំមុន នៅពេលមាត់រណ្ដៅធំៗនៅលើព្រះចន្ទបង្ហាញខ្លួន។ 
ទោះជាយ៉ាងណាភពពុធ មានមាត់រណ្ដៅធំជាងឆ្ងាយ ធៀបនឹងព្រះចន្ទ នាំឱ្យមានករណីប៉ះទង្គិច បង្កើតបានជាត្បូងពេជ្រ។ ភពពុធចាប់ផ្ដើមមានសម្បក graphite ស្ដើង បន្ទាប់ពីវាចុះត្រជាក់ នេះបើតាម Kevin Cannon សាស្ត្រាចារ្យរងផ្នែកភូគព្ភសាស្ត្រ និងធនធានអវកាសនៃសាលារ៉ែ Colorado។ ហេតុនេះអាចម៍ផ្កាយ និងផ្កាយដុះកន្ទុយ ហោះមកបុកស្រទាប់សម្បក graphite របស់ភពពុធ ក្នុងល្បឿនរាប់សិបគីឡូម៉ែត្រ/វិនាទី បង្កើតបានជាសម្ពាធខ្ពស់គ្រប់គ្រាន់ដែលអាចធ្វើឱ្យ graphite ប្រែក្លាយទៅជាត្បូងពេជ្យ។
ក៏ប៉ុន្តែ ដោយសារតែស្ថិតនៅក្បែរស្រទាប់លើរបស់ផ្ទៃនៃភពពុធ ដូច្នេះត្បូងនៅទីនោះប្រហែលជាអាចខុសប្លែកពីត្បូងពេជ្រដែលមនុស្សយកមកធ្វើជាគ្រឿងអលង្ការ ឬខុសគ្នាពីត្បូងពេជ្រនៅលើផែនដី។ នេះបើយោងតាមអ្នកជំនាញ ត្បូងនៅលើភពពុធ ឬភព Mercury គឺទំនងដូចទៅនឹងត្បូងពេជ្រល្អក់តូចៗ ដែលគេប្រើក្នុងការកាត់ ឬឈូសនៅក្នុងវិស័យឧស្សាហកម្ម៕










