ប្រទេសចិន ៖ គេសង្កេតឃើញថា ការផលិត និងនាំចេញរថយន្តអគ្គិសនី គឺចិនមិនស្ថិតក្រោមប្រទេសណាមួយទេ ពីព្រោះចិនមានគម្រោងក្លាយជាប្រទេសនាំចេញរថយន្តគ្រប់ប្រភេទធំបំផុតលើពិភពលោក ក្រោយពីចំនួនលក់រថយន្តអគ្គិសនីថ្មីផលិតនៅចិន បានលើកឡើងខ្ពស់តាំងពីឆ្នាំ២០២៣ ។ អ្នកជំនាញលើកឡើងថា ចិននៅតែមានសន្ទុះខ្លាំងផ្នែកផលិត និងលក់រថយន្តអគ្គិសនី ។

កាលពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៤ សមាគមក្រុមហ៊ុនផលិតរថយន្តប្រទេសចិនបញ្ជាក់ថា ចាប់តាំងពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤ ការផលិតរថយន្តនៅចិន បានកើនឡើងខ្ពស់រហូតដល់១៣លាន៨សែនគ្រឿង កើនឡើង៤,៩% បើធៀបនឹងឆ្នាំ២០២៣ ។ រីឯការលក់រថយន្តចិនវិញ បានកើនឡើង៦,១% មកស្មើចំនួន១៤លានគ្រឿង ។
សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសចិនបានផលិតរថយន្តអគ្គិសនីថ្មី (Neighborhood Electric Vehicle) ចំនួន៤លាន៩សែនគ្រឿង កើនឡើង៣០,១% បើធៀបនឹងឆ្នាំ២០២៣ ។ ដូចគ្នានេះដែរ ចំនួនការលក់រថយន្តអគ្គិសនីថ្មីបានកើនឡើង៣២% បើធៀបនឹងឆ្នាំ២០២៣ មកស្មើចំនួន៤លាន៩សែនគ្រឿង ហើយរថយន្តអគ្គិសនីថ្មីមានចំណែកក្នុងទីផ្សារប្រទេសចិន រហូតដល់៣៥,២% ។
រីឯចំណែកទីផ្សារនៃម៉ាករថយន្តផ្ទាល់ខ្លួនរបស់ចិន បានកើនឡើងរហូតដល់៦១,៩% ។ Chen Shihua គឺជាអគ្គលេខាធិការរងនៃសមាគមក្រុមហ៊ុនផលិតរថយន្តប្រទេសចិន លើកឡើងថា ចំនួនការផលិត និងលក់រថយន្តអគ្គិសនីថ្មីនៅប្រទេសចិនក្នុងឆមាសទី១ ឆ្នាំ២០២៤ គឺស្មើជាង៣០លានគ្រឿង ហើយការនាំចេញរថយន្តចិនបានកើនឡើងយ៉ាងឆាប់រហ័សក្នុងអំឡុងពេលនេះ ។ ដូច្នេះ វាបានជំរុញដល់កំណើនទីផ្សាររថយន្តទាំងមូល ខណៈចំណែកទីផ្សាររថយន្តផ្ទាល់ខ្លួនរបស់ចិន បានកើនឡើងរហូតដល់ជាង៦០% ។
សមាគមក្រុមហ៊ុនផលិតរថយន្តប្រទេសចិនបញ្ជាក់ថា នៅឆមាសទី២ ឆ្នាំ២០២៤ គោលនយោបាយពិសេសរបស់ប្រទេសចិន ដូចជា ៖ ការជំរុញពាណិជ្ជកម្ម និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ នឹងអាចជួយជំរុញទីផ្សាររថយន្ត ហើយធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តអាចប្រកួតប្រជែងគ្នាផលិតរថយន្តម៉ាកថ្មីៗដើម្បីបំពេញតម្រូវការលើទីផ្សារឱ្យកាន់តែច្រើន ៕










