អ្នកប្រាជ្ញ ឬទស្សនវិទូ មិនមែនជាក្រុមមនុស្សធម្មតាដូចមនុស្សយើងឡើយ។ ពួកគេកើតមកតែងមានការគិតខុសប្លែកពីមនុស្សដទៃ តាំងពីរបៀបរបបក្នុងការរស់នៅ ទម្លាប់ប្រចាំថ្ងៃដូចជាការគេង ការនិយាយ និងអាកប្បកិរិយាមួយចំនួនក៏ខុសប្លែកពីគេឯងផងដែរ។ និយាយឱ្យចំទៅ ក្រុមមនុស្សជំនាន់មុន ឬក្រុមអ្នកប្រាជ្ញ តែងតែមានទម្លាប់ចម្លែកៗទៅតាមធម្មជាតិរបស់ពួកគេ ដោយទម្លាប់ទាំងនោះបានធ្វើឱ្យពួកគេធ្វើការងារបានល្អ និងរកឃើញអ្វីដែលថ្មីៗ និងពិសេសៗជាដើម។ ដូច្នេះនៅក្នុងអត្ថបទនេះ យើងនឹងនាំប្រិយមិត្តមកស្គាល់កំពូលអ្នកប្រាជ្ញ ៥ រូបដែលមានទម្លាប់ចម្លែកៗ ត្រូវបានចារទុកក្នុងប្រវត្តិសាស្ត្រ។
១.Albert Einstein៖ គឺជាអ្នកប្រាជ្ញរូបវិទ្យា និងគណិតវិទ្យាដ៏ល្បីល្បាញម្នាក់របស់ពិភពលោក។ លោក Einstein មានទម្លាប់មិនពាក់ស្រោមជើងនោះទេ ទោះបីស្ថិតក្នុងអាកាសធាតុត្រជាក់ខ្លាំងប៉ុណ្ណាក៏ដោយ ឬនៅពេលពាក់ស្បែកជើងឃ្លប់ក៏លោកមិនពាក់ស្រោមជើងដែរ ដោយលោកជឿថា ការពាក់ស្រោមជើងគឺគ្មានប្រយោជន៍។
២. Friedrich Schiller៖ លោក ហ្វ្រីឌ្រីច ស្គីលឡឺ គឺជាអ្នកប្រាជ្ញជនជាតិអាល្លឺម៉ង់ដ៏ល្បីល្បាញម្នាក់ និងជាកវីខាងកំណាព្យមួយរូប ដែលចូលចិត្តហិតក្លិនផ្លែប៉ោមស្អុយ លោកក៏ជាអ្នកទស្សនវិទូផងដែរ។ លោកតែងមានទម្លាប់រក្សាទុកផ្លែប៉ោមស្អុយឱ្យគរពេញបន្ទប់ ព្រោះពេលលោកធុំក្លិនផ្លែប៉ោមស្អុយ ធ្វើឱ្យអ្នកប្រាជ្ញរូបនេះសរសេរកំណាព្យបានល្អ។
៣.Benjamin Franklin៖ បេនចាមីន ហ្វ្រែងឃ្លីន ដែលជាបិតាស្ថាបនិកម្នាក់របស់អាមេរិក មានចំណាប់អារម្មណ៍លើការងូតទឹកខ្យល់។ លោកតែងតែចំណាយពេលអង្គុយអាក្រាតនៅមុខបង្អួចបើកចំហ ដោយជឿថាការប៉ះពាល់នឹងខ្យល់អាកាសបរិសុទ្ធមានសារៈសំខាន់សម្រាប់សុខភាព។
៤.Voltaire៖ លោក វ៉ុលទែរ គឺជាអ្នកប្រាជ្ញជនជាតិបារាំង កើតនៅឆ្នាំ ១៦៩៤ និងស្លាប់ទៅវិញនៅឆ្នាំ ១៧៧៨។ វ៉ុលទែរ មានទម្លាប់ម្យ៉ាង គឺចូលចិត្តហូបកាហ្វេណាស់ ប៉ុន្តែការហូបកាហ្វេរបស់លោក គឺខុសប្លែកពីមនុស្សម្នាយើងឆ្ងាយណាស់ និយាយឱ្យងាយយល់ទៅ លោកហូបកាហ្វេរវាង ២០ ទៅ ៤០ ពែងឯណោះក្នុងមួយថ្ងៃៗ។
៥.Sigmund Freud៖ លោក ស៊ីហ្គម៉ុន ហ្វ្រូដ គឺជាអ្នកប្រាជ្ញជនជាតិអូស្ត្រាលី កើតនៅឆ្នាំ ១៨៥៦ និងស្លាប់ទៅវិញនៅឆ្នាំ ១៩៣៩។ ស្របពេលដែលមនុស្សជាច្រើនស្គាល់ថា ហ្វូដ ជាបិតាផ្នែកវិភាគពីគំនិតមនុស្ស (មនោវិទូ), លោកក៏ជាអ្នកប្រាជ្ញ ដែលបានសរសេរសៀវភៅ ស្តីពីការងារទស្សនវិជ្ជាផងដែរ។ លោកគិតថា ពេលវេលាពិតជាមានតម្លៃណាស់ រហូតដល់ថ្នាក់លោកមិនចង់ចំណាយពេលដុសធ្មេញ ហើយប្រការនេះធ្វើឱ្យប្រពន្ធរបស់លោក ជាអ្នកច្របាច់ថ្នាំដុសធ្មេញដាក់លើច្រាសដុសធ្មេញឱ្យលោកជារៀងរាល់ព្រឹក។ នេះបង្ហាញថា លោកមិនបានចំណាយពេលវេលាចោល ដោយឥតប្រយោជន៍នោះទេ៕










