ប្រទេសថៃ ៖ នៅពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៤ អ្នកប្រើប្រាស់បណ្តាញសង្គម TikTok ក្នុងប្រទេសថៃជាច្រើនបានចែកចាយវីដេអូនារីម្នាក់មានគណនីឈ្មោះ «sukanyapakin» ដែលនាងអង្គុយ Live បរិភោគសាច់ជ្រូកឆៅជាមួយបុកល្ហុង ។ ក្រោយពីវីដេអូនេះល្បីល្បាញក្នុងបណ្តាញសង្គម វាធ្វើឱ្យមានការបញ្ចេញមតិខុសៗគ្នា និងបារម្ភពីផលប៉ះពាល់សុខភាពរបស់នាងផងដែរ ។

នៅក្នុងវីដេអូ គេឃើញនារីរូបនេះអង្គុយ Live បរិភោគសាច់ជ្រូក៣ជាន់ឆៅជាមួយបុកល្ហុងដាក់នំបញ្ចុក និងយកបន្ទះសាច់ជ្រូកមករុំលើបន្លែ ដែលធ្វើឱ្យអ្នកមើលហៀរទឹកមាត់មិនតិចនាក់ រួចនាងនិយាយថា ៖ «ឆ្ងាញ់ណាស់ៗ» ។
លើសពីនេះ នាងថែមទាំងបានបបួលអ្នកមើលវីដេអូរបស់នាង មកបរិភោគសាច់ជ្រូកឆៅជាមួយនាងទៀតផង ។ នារីថៃរូបនេះទំពៀរឮខ្លាំងៗបណ្តើរ និងនិយាយបណ្តើរថា ៖ «វាមិនប្រៃទេ ឆ្ងាញ់ខ្លាំងណាស់! មកញ៉ាំបុកល្ហុងដាក់នំបញ្ចុក រុំសាច់ជ្រូកជាមួយគ្នា» ។
ក្រោយពីវីដេអូរបស់នាងត្រូវបានចែកចាយក្នុងបណ្តាញសង្គម វាធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើននាក់រិះគន់ភ្លាមៗ ហើយមនុស្សភាគច្រើនគិតថា វាជាសាច់ជ្រូកឆៅ ។ ពួកគេបារម្ភថា នាងនឹងកើតជំងឺផ្សេងៗដែលបណ្តាលមកពីការបរិភោគសាច់ឆៅ ជាពិសេស សាច់ជ្រូក ។ ជនជាតិថៃម្នាក់និយាយថា ៖ «បរិភោគបែបនេះ តើនឹងឆ្លងជំងឺរលាកត្រចៀកដែរឬទេ?» ។ ដូចគ្នានេះ នារីម្នាក់ទៀតថា ៖ «វាពុំមែនជា Ham ទេ ការបរិភោគសាច់ឆៅបែបនេះ នឹងឆ្លងជំងឺមានគ្រោះថ្នាក់ណាស់» ។
ក្រោយពីមហាជនរិះគន់ខ្លាំងៗរួចមក នារីជាម្ចាស់ TikTok ក៏បកស្រាយថា នាងពុំបានបរិភោគសាច់ជ្រូកឆៅទេ គឺវាជា Parma Ham ។ បន្ទាប់មក នាងក៏បង្ហាញ Parma Ham ជាច្រើនកញ្ចប់ឱ្យអ្នកមើលវីដេអូនាងបានឃើញ ។ នាងបញ្ជាក់ថា ៖ «ខ្ញុំសូមផ្តាំផ្ញើទៅអ្នកដែលនិយាយថា ការបរិភោគបែបនេះនឹងបណ្តាលឱ្យកើតជំងឺ ។ វាមិនមែនជា Bacon ទេ ប៉ុន្តែវាជា Ham» ។
នាងបន្តទៀតថា ៖ «មនុស្សភាគច្រើនពុំធ្លាប់បានស្គាល់ Parma Ham ទេ ទើបពុំយល់បែបនេះ ហើយនិយាយថា វាជាសាច់ជ្រូកឆៅ និងពុំអាចបរិភោគឆៅបាន ។ ប៉ុន្តែ Parma Ham ដែលខ្ញុំបរិភោគនេះចម្អិនឆ្អិនហើយ ។ ដូច្នេះ អ្នកពុំដឹងរឿងនេះ គួរតែសិក្សាជាមុនសិន» ។
គួរបញ្ជាក់ថា Parma Ham ត្រូវបានគេសម្ងួតដោយប្រើប្រាស់អំបិលដើម្បីអាចរក្សាទុកបានច្រើនខែ និងជាអាហារមានកាឡូរីទាប ។ វាមានរសជាតិប្រៃ, ផ្អែមប្លែក និងផ្តល់នូវអាហារូបត្ថម្ភខ្ពស់ ។ ក្រៅពីនេះ វាសម្បូរទៅដោយវីតាមីន B1 និង B6 , អំបិលរ៉ែ និងសារធាតុផ្សេង ដូចជា ៖ ផូស្វ័រ, ប៉ូតាស្យូម, ជាតិដែក និងស័ង្កសី ។
Parma Ham ឬភាសារបស់អ៊ីតាលី គឺ Prosciutto di Parma មានប្រភពមកពីទីក្រុង Parma ស្ថិតនៅភាគខាងជើងប្រទេសអ៊ីតាលី ។ ប៉ុន្តែដោយសារអ៊ីតាលីមានអាកាសធាតុត្រជាក់ ទើបពលរដ្ឋអ៊ីតាលីបុរាណនិយមធ្វើអាហារបែបនេះទុកបរិភោគក្នុងរដូវរងា ។ ហេតុនេះ ការបរិភោគ Parma Ham បានបន្តពីជំនាន់មួយទៅជំនាន់មួយទៀតតាំងពីបុរាណមកម៉្លេះ ៕










