ថ្មីៗនេះ យោងតាមការបង្ហោះនៅលើបណ្តាញសង្គមដោយគណនីមួយមានឈ្មោះថា Khem Ma បានបង្ហោះវីដេអូខ្លះៗ បើតាមការបញ្ជាក់គឺស្ថិតនៅភ្នំ១៥០០ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ខណៈសម្រាមនៅពាសវាលពាសកាល ដែលសបញ្ជាក់ពីភាពគ្មា.នទំនួលខុសត្រូវរបស់ភ្ញៀវទេសចរមួយចំនួនតូចដែលបានទៅកម្សាន្តនៅទីនោះ។
តំបន់ទេសចរណ៍ធម្មជាតិស្រស់ស្អាតមួយកន្លែង ជាមួយនឹងផ្លូវបត់បែនលូនឡើងលើភ្នំ ប្រៀបបាននឹងអន្ទង់អាំង ត្រូវបានគេស្គាល់ថាជាផ្លូវឡើងភ្នំ១៥០០ ខណៈនៅលើភ្នំគ្របដណ្តប់ដោយព្រៃប្រឹក្សាដ៏ខៀវស្រងាត់ ព្រមជាមួយនឹងអាកាសធាតុអំណោយផលល្អជាពិសេសនាពេលរាត្រីដែលជំនោរត្រជាក់និងសន្សើមព្រៃភ្នំ បង្កើតបានជាបរិយាកាសពិសេសៗដែលមិនអាចបំភ្លេចបានឡើយ។
យ៉ាងណាមិញ វីដេអូចែកចាយពីបណ្តាញសង្គម ដែលបានបង្ហាញឲ្យឃើញពីសម្រស់ព្រៃភ្នំហាក់ត្រូវបានបំផ្លិចបំផ្លាញ ព្រោះតែសកម្មភាពរបស់មនុស្ស ក៏ដូចជាភ្ញៀវទេសចរណ៍មួយចំនួនខ្វះនូវការយល់ដឹង ដោយធ្វើការចោលសម្រាមគ្មានសណ្តាប់ធ្នាប់ និងគ្មានអនាម័យទាល់តែសោះ។ ការចោលសម្រាមពាសវាលពាលកាលបែបនេះ នឹងធ្វើបាត់បង់សម្រស់ធម្មជាតិ ក្លាយជាកន្លែងដែលគគ្រិច ហើយភ្ញៀវទេសចរក្រោយៗទៀតលែងចង់មកកម្សាន្តផងដែរ។

ជាមួយគ្នានោះ ប្រភពដដែលក៏បានបង្ហាញពីទឹកចិត្តស្រលាញ់បរិស្ថាននិងអនាម័យក្នុងចំណោមពួកគេទាំង២រូប បានជួយប្រមូលសម្រាមនៅម្តុំបរិវេនដែលបានបង្ហោះចែកចាយនោះបានយ៉ាងស្អាតមកវិញផងដែរ។
ជាថ្នូរត្រឡប់មកវិញ ក្នុងនាមជាកូនខ្មែរគ្រប់ៗរូប ត្រូវចេះជួយរួមគ្នាស្រលាញ់និងការពារបរិស្ថាន ដើម្បីរក្សាបាននូវសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ក្នុងន័យប្រម៉ូតបានជាគោលដៅទេសចរណ៍ស្រស់ស្អាតនិងពេញនិយមប្រចាំតំបន់នីមួយៗ ជាប្រភពចំណូលដ៏កាក់កបសម្រាប់ពលរដ្ឋពលរស់នៅទីនោះ៕










