អភិបាលខេត្តតាកែវ ឯកឧត្តម វុី សំណាង ចេញសេចក្តីប្រកាស ទៅដល់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងទាំងអស់ត្រូវរុះរើចេញជាបន្ទាន់នូវប៉ាណូផ្សព្វផ្សាយស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ នៅតាមបណ្ដោយផ្លូវ និងចិញ្ចើមផ្លូវសាធារណៈនានា។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា៖”ការតម្លើងផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម ស្រាបៀរជាច្រើន និងគ្រឿងស្រវឹងគ្រប់ប្រភេទ តាមបណ្តោយផ្លូវ និងចិញ្ចើមផ្លូវសាធារណៈនានាដែលបានធ្វើឱ្យបាត់បង់នូវសោភ័ណ្ឌភាពសេចក្តីថ្លៃថ្នូររបៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រខេត្តតាកែវ”។
ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋបាលខេត្ត បានចេញលិខិតស្នើ ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងទាំងអស់ ត្រូវធ្វើការរុះរើ ចេញជាបន្ទាន់នូវប៉ាណូផ្សព្វផ្សាយស្រាបៀរ ក្នុងរយ:ពេល០១សប្តាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។
បើមិនដូច្នេះទេ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមនីតិវិធី រដ្ឋបាលធ្វើការរុះរើ ដោយមិនទទួលខុសត្រូវរាល់ការខូចខាត និងការបាត់បង់សម្ភារៈទាំងនោះឡើយ ។ រីឯការ ចំណាយផ្សេងៗ ជាបន្ទុករបស់ម្ចាស់អាជីវកម្ម៕










