ជាការពិតណាស់មនុស្សភាគច្រើនជាពិសេសក្មេងជំនាន់ក្រោយហាក់មិនសូវស្គាល់ផ្លែដាងនោះទេ ដោយសារវាមើលទៅដូចផ្លែដូងបេះបិទតែម្តង។ បងប្អូនពេលទៅតាមខេត្តធ្លាប់ឮដែរឬទេ នៅពេលប្រជាពលរដ្ឋតាមទីជនបទមួយចំនួនពេលគាត់និយាយពី “ដូងដាង” ប្រហែលគិតថាជាពាក្យផ្ទួនរបស់ដូងហើយ ប៉ុន្តែតាមពិតទៅផ្លែដាងគឺពិតជាមានមែន។ 
បើតាមវនានុក្រមសម្តេចជូនណាត «ដាង» គឺជាឈើដំណាំស្រុកមួយប្រភេទដូចពពួកដូងដែរ ដោយមានសណ្ឋានដូចដូងសុទ្ធសាធ ខុសគ្នាតែឥតផ្កា ស្រាប់តែចេញជាផ្លែមកតែម្ដង (ច្រើនមាននៅក្នុងខេត្តបាត់ដំបង)។ ហេតុនេះហើយដើមដាង និងដើមដូងគឺមានសណ្ឋានប្រហាក់ប្រហែលគ្នា បើមិនពិនិត្យឱ្យច្បាស់ទេពិតជាច្រឡំគ្នាមិនខាន។ 
ដើមដាងពេលចេញផ្កាមកមានក្តិបតោងជាប់នឹងផ្កាតែម្តង ដែលខុសពីដូងមានស្មែងដុះចេញនិងមានក្តិបតោងជាប់ជាមួយ។ មួយវិញទៀត ផ្លែដាងមានលក្ខណៈស្តួចផ្នែកខាងក្រោម ជាងផ្លែដូងដែលខ្លះមានលក្ខណៈទាលក្រោម។ ដូច្នេះទាំងដើម ទាំងស្លឹក ទាំងទឹក និងសាច់គឺដាង មិនខុសគ្នាពីដូងនោះទេ ហើយផ្លែដាងទុំអាចយកសាច់ធ្វើជាខ្ទិះសម្រាប់ធ្វើនំ ឬបង្អែមដូចគា្ននឹងដូងដែរ។ 
ទោះជាយ៉ាងណា ផ្លែនេះបច្ចុប្បន្នហាក់មិនសូវមានអ្នកស្គាល់ទេ សឹងតែគ្មានអ្នកទិញយកទៅលក់ផងដែរ។ ផ្លែដាងមិនសូវមានទីផ្សារសម្បូរបែបដូចផ្លែដូងនោះទេ ដូចនេះវាមិនត្រូវបានលើកទឹកចិត្តឱ្យដាំយកផ្លែលក់នោះទេ ដោយត្រឹមតែដាំមួយដើម ទៅពីរដើម លំអក្នុងបរិវេណផ្ទះតែប៉ុណ្ណោះ៕










